មន្ត្រី​សង្គម​ស៊ីវិល​ថា នៅ​តែ​យល់​ថា គ្រឿង​ស្រវឹង​ជា​កត្តា​ចម្បង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ហ៊ុំ ចំរើន
2024.02.08
RFA

មន្ត្រី​សង្គម​ស៊ីវិល​ថា នៅ​តែ​យល់​ថា គ្រឿង​ស្រវឹង​ជា​កត្តា​ចម្បង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍

អ្នកបើកបរយានយន្ទម្នាក់​នេះ នគរបាលចរាចរណ៍ផ្លូវគោក ពិនិត្យឃើញកម្រិតជាតិអាល់កុល ០.៥០mg/L កាល​ពី​ថ្ងៃ​ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជា​កម្រិត​នៃ​ការ​បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង​ត្រូវមានទោស។ រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


មន្ត្រី​សង្គម​ស៊ីវិល​ នៅ​តែ​លើក​ឡើង​ថា គ្រឿង​ស្រវឹង​នៅ​តែ​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អាជ្ញាធរ​ចេញ​របាយការណ៍​រក​ឃើញ​ថា ការ​រក​ឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​មក​ពី​អ្នក​បើកបរ​ស្រវឹង​មាន​ត្រឹម​តែ​៣ភាគរយ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​មិន​អាច​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ បណ្ដាល​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ នឹង​មិន​អាច​ទប់​ស្កាត់​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​នោះ​ឡើយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង យល់​ឃើញ​ថា អត្រា​អ្នក​បើកបរ​ក្នុង​ស្ថាន​ភាព​ស្រវឹង គឺជា​មូលហេតុ​ចម្បង​មួយ ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។ លោក​អះអាង​ថា ការ​រក​ឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០២៤ បង្ក​ឡើង​ដោយ​អ្នក​បើកបរ​ស្រវឹង មាន​ត្រឹម​៣ភាគរយ ហាក់​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ឡើយ។

លោក យង់ គិមអេង៖ «បើសិនជា​យើង​មើល​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ហ្នឹង ៥៥ភាគរយ​កើត​ឡើង​ពេល​យប់ ហើយ​ហេតុ​អី​បាន​ពាក់ព័ន្ធ​ជាមួយ​គ្រឿង​ស្រវឹង​តែ ៣ភាគរយនេះ​ជា​រឿង​មួយ​ដែល​ចម្លែក​ដែរ ហើយ​ដែល​យើង​មើល​ឃើញ​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ពាក់ព័ន្ធ​គ្រឿង​ស្រវឹង​គឺ​ពេល​យប់»

លោក យង់ គិមអេង បន្ថែម​ថា ដើម្បី​ទប់​ស្កាត់​គ្រោះ​ចរាចរណ៍ សមត្ថកិច្ច​គួរ​ដាក់​វិន័យ​លើ​អ្នក​បើកបរ​លើស​ល្បឿន​កំណត់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ជាជាង​សម្រួល​គ្នា​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដែល​មិន​អាច​កែប្រែ​ឥរិយាបថ​អ្នក​បើកបរ​ល្មើស​ច្បាប់​ចរាចរណ៍​បាន។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បង្ហាញ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០២៣ ដោយ​រក​ឃើញ​ថា មូលហេតុ​ចម្បង​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ បើកបរ​ល្មើស​ល្បឿន​កំណត់ ៤១ភាគរយ មិន​គោរព​សិទ្ធិ​អ្នក​ដទៃ២២ភាគរយ ចំណែក​មូលហេតុ​អ្នក​បើកបរ​ស្រវឹង​មាន​ត្រឹម​តែ​៣ភាគរយ​តែ​ប៉ុណ្ណោះ។ របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០២៣ បាន​កើន​ឡើង​១១ភាគរយ ច្រើន​ជាង​ឆ្នាំ២០២២ ដោយ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ជិត ៤ពាន់ដង ក្នុង​នោះ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ ១.៥៩០នាក់ និង​របួស ៤.៥០០នាក់។

កាល​ពី​ថ្ងៃ​ទី១៤ ខែមករា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ស សុខា បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ក្នុង​ឆ្នាំ២០២៤ អាច​នឹង​កើន​ឡើង​លើស​ចំនួន ២ពាន់​នាក់ ដែល​ចំនួន​នេះ​គឺជា​ការ​ឈាន​ដល់​បន្ទាត់​ក្រហម ខណៈ​ចំនួន​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ២០២៣ មាន​ចំនួន ១.៩៥២នាក។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ មាន​ប្រសាសន៍​ថា ដើម្បី​កាន់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​គួរ​ចាត់​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់ និង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​បើកបរ​ល្មើស​ច្បាប់។ លោក​បន្ត​ថា ការ​រក​ឃើញ​មូលហេតុ​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ បង្ក​ដោយ​អ្នក​បើកបរ​ស្រវឹង​មាន​ត្រឹម​តែ ៣ភាគ​រយ​នេះ អាច​ឆ្លុះ​បញ្ចាំង​ថា ការ​ប្រមូល​ទិន្នន័យ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​មន្ត្រី​ជំនាញ ធ្វើ​ឡើង​ដោយ​មិន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ។

លោក គង់ រតនៈ៖ «ការ​វាយ​តម្លៃ​ទៅលើ​មូលហេតុ​ហ្នឹង ធ្វើ​ឱ្យ​យើង​អត់​អស់​ចិត្ត​ទាំងអស់​គ្នា ពីព្រោះ​យើង​ឃើញ​ហើយ សកម្មភាព​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ និង​ការ​ប្រើប្រាស់​(ស្រា)​ហ្នឹង​មាន​ច្រើន តែ​ដល់​ពេល​យើង​ឃើញ​ផល​ប៉ះពាល់​ហាក់​បី​ដូច​ជា​តិច​ពេក ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ថា​គេ​ខុស​ទេ ប៉ុន្តែ​វា​គួរ​តែ​មាន​ការ​ប្រមូល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ឬ​ក៏​ការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ជាង​ហ្នឹង»

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក ប៉េង ពោធិ៍នា ធ្លាប់​លើក​ឡើង​កាល​ពី​ខែកញ្ញា ឆ្នាំ២០២៣ ថា គ្រោះថ្នាក់​ចរាចរណ៍​ជា​បញ្ហា​សុខភាព​សាធារណៈ​ដែល​ទាមទារ ឱ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់ ខណៈ​កម្ពុជា​ខាតបង់​ថវិកា​ជាតិ ៤៦៦លាន​ដុល្លារ​អាមេរិក ក្នុង ១ឆ្នាំ ដោយ​មិន​ទាន់​គិត​ពី​ផល​វិបាក​សង្គម​នានា​ជា​ច្រើន​ទៀត។

កន្លង​មក បើ​ទោះបីជា​របាយការណ៍​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា UNDP កាល​ពី​ឆ្នាំ២០២១ រក​ឃើញ​ថា មូលហេតុ​ចម្បង​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​អ្នក​បើកបរ​ស្រវឹង​ក្ដី តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅ​ទី​សាធារណៈ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា សមត្ថកិច្ច​គួរ​ធ្វើ​របាយការណ៍​អំពី​មូលហេតុ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ឱ្យ​បាន​ត្រឹម​ត្រូវ ទើប​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជោគជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles