លោក កឹម សុខា ស្នើ​តុលាការ​កុំ​ឱ្យ​លើក​សំណួរ​ដដែលៗ ខណៈ​លោក​អះអាង​ថា កំពុង​មាន​ជំងឺ​ប្រចាំ​កាយ

ដោយ សេក បណ្ឌិត
2024.02.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ស្នើ​តុលាការ​កុំ​ឱ្យ​លើក​សំណួរ​ដដែលៗ ខណៈ​លោក​អះអាង​ថា កំពុង​មាន​ជំងឺ​ប្រចាំ​កាយ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ. រូប៖ AP


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​សវនាការ​ថា តុលាការ​មិន​គួរ​សួរ​សំណួរ​ដដែលៗ ដែល​លោក​បាន​ឆ្លើយ​រួច​ហើយ​ក្នុង​សវនាការ​នៅ​សាលាដំបូង​ដើម្បី​អូស​បន្លាយ​ពេល​វេលា​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា តុលាការ​គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ព្រោះ​ថា សកម្មភាព​របស់​លោក​កន្លង​មក គឺ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ។

សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី៨ មករា បាន​បើក​សវនាការ​ជា​លើក​ទី២ លើ​បណ្ដឹង​ជំទាស់​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់​ឱ្យ​លោក​មាន​ទោស​ក្បត់​ជាតិ ២៧ឆ្នាំ និង​ដាក់​ឃុំ​ក្នុង​ផ្ទះ​ បាត់បង់​សិទ្ធិ​សេរីភាព​រួម​ទាំង​សិទ្ធិ​ធ្វើ​នយោបាយ។


សវនាការ​ឧទ្ធរណ៍​ជា​លើក​ទី​ពីរ​នេះ មាន​សមាសភាព​ចៅក្រម ចំនួន ៣រូប​ដដែល គឺ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក​ អ៊ឹម វណ្ណៈ និង​ចៅក្រម​ប្រឹក្សា លោក ឃុន សូណា និង​លោក លី សុខលេង អម​ដោយ​អគ្គ​ព្រះរាជ​អាជ្ញា​រង ២រូប គឺ​លោក មាស សុភក្តិ និង​លោក អ៊ឹម សុផាន។

សវនាការ​នេះ មាន​វត្តមាន​លោក កឹម សុខា និង​មាន​ការ​ចូល​រួម​តាម​ដាន​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ (UN) មន្ត្រី​ស្ថាន​ទូត​សហភាព​អឺរ៉ុប ស្ថាន​ទូត​អាមេរិក​ និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ផង​ដែរ។

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ មេធាវី​លោក កឹម សុខា គឺ​លោក អាង ឧត្តម លើក​ឡើង​ថា សវនាការ​លើក​នេះ ចៅក្រម និង​តំណាង​អយ្យការ​ចាប់​ផ្ដើម​សំណួរ​ទៅ​កាន់​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ប្រវត្តិ​ការ​ងារ និង​នយោបាយ និង​ដំណើរ​ការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក អាង ឧត្តម លើក​ឡើង​ថា ការ​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អង្គការ​សិទ្ធិមនុស្ស​នេះ គឺ​ផ្ទុយ​នឹង​ក្រមព្រហ្មទណ្ឌ ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ឆ្នាំ២០០៧ ត្រង់​មាត្រា ៣ ចែង​ថា មាន​តែ​អំពើ​ដែល​បង្កើត​ជា​បទ​ល្មើស​នៅ​ពេល​ដែល​អំពើ​នោះ​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ប៉ុណ្ណោះ​ ទើប​ត្រូវ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​បាន។

លោក អាង ឧត្តម៖ «និយាយ​ទៅ​ដំណើរ​តុលាការ​នឹង​អនុម័ត​យក​ភស្តុតាង ដែល​កើត​មុន​ក្រម​ព្រហ្មទណ្ឌ​មក​ប្រើ​ការ​បាន​អត់។ ខ្ញុំ​បញ្ជាក់​ហើយ​ថា​ប្រើ​មិន​កើត​ទេ យក​អា​ហ្នឹង​មក​ប្រើ​វា​រំលោភ​លើ​គោលការណ៍​នីត្យានុកូលភាព នៃ​ក្រម​ព្រហ្មទណ្ឌ​ហើយ ខ្ញុំ​បញ្ជាក់​អ៊ីចឹង។ តាម​ពិត​គាត់​តឿន​ឱ្យ​លឿន​ណាស់​ដែរ តែ​គេ​ដាក់​គម្រោង​អ៊ីចឹង វា​ដើរ​តាម​គម្រោង»

លោក អាង ឧត្ដម លើក​ឡើង​ថា សវនាការ​សំណុំរឿង​លោក កឹម សុខា ដែល​ធ្លាប់​ធ្វើ​ចំនួន ៦៦ ដង កាល​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដូច្នេះ​លោក​យល់​ថា​សាលាឧទ្ធរណ៍​មិន​គួរ​ចោទ​សំណួរ​ដដែលៗ ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក កឹម សុខា អំឡុង​ពេល​ដែល​លោក​ចុះ​បង្រៀន អំពី​សិទ្ធិមនុស្ស​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នោះ​ទេ។ ចំណែក​លោក កឹម សុខា ស្នើ​ដល់​ចៅក្រម​ឱ្យ​ពន្លឿន​នីតិវិធី និង​ផ្ដល់​យុត្តិធម៌​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ខណៈ​លោក​ថា​លោក​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក អ៊ឹម វណ្ណៈ កំណត់​ថ្ងៃ​ទី២២ ខែកុម្ភៈ ដើម្បី​បន្ត​សវនាការ​ជា​លើក​ទី៣ ហើយ​លោក​ថា សំណុំ​រឿង​នេះ អាច​នឹង​បិទ​បញ្ចប់ នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២៤។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង ជុំ​វិញ​សំណុំ​រឿង​របស់​លោក កឹម សុខា បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែមករា។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​ឃ្លាំ​មើល​ក្នុង​សវនាការ​មាន​ប្រសាសន៍​ថា សំណុំរឿង​នេះ គឺ​ជា​រឿង​នយោបាយ​តាំង​ពី​ដំបូង ហើយ​លោក​ថា ការ​អូស​បន្លាយ​លើ​ករណី​នយោបាយ​នេះ​ពុំបាន​ផ្ដល់​ផល​ចំណេញ​ដល់​ពលរដ្ឋ​កម្ពុជា​នោះ​ទេ។ លោក យី សុខសាន្ត យល់​ស្រប​ដូច​គ្នា​នឹង​លោក កឹម សុខា ថា ករណី​នេះ គួរ​តែ​មាន​ការ​សម្រប​សម្រួល​នយោបាយ​ជា​ជាង​ការ​អនុវត្ត​ច្បាប់។

លោក យី សុខសាន្ត៖ «លោក​បាន​បញ្ជាក់​ហើយ​ថា ប្រសិន​បើ​តាំង​សំណួរ​ដដែលៗ វា​ធ្វើ​ឱ្យ​សវនាការ​វា​ដូច​នៅ​សាលាដំបូង​ដដែល​ទេ។ អ៊ីចឹង លោក​ថា ប្រសិន​បើ​មាន​អី​ថ្មី សួរ​របៀប​មិច សូម​ពន្លឿន​ការ​កាត់​ក្ដី គាត់​សំណូមពរ​ឱ្យ​លឿន។ វា​ជា​រឿង​អ្នក​នយោបាយ​គួរ​តែ​ជជែក​គ្នា​ ពិភាក្សា​គ្នា រក​ការ​ចរចា​ល្អ​ជាង ហើយ​សូម្បី​តែ​ភាគី​ជន​ជាប់​ចោទ ក៏​លោក​ថា មាន​តែ​ចរចា​ទើប​អាច​ដោះ​ស្រាយ​បាន»

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) លើក​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី២៩ ខែមករា ថា ការ​កាត់​ទោស និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ២៧ឆ្នាំ លើ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា គឺ​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​កម្ពុជា ចំពោះ​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ។ អង្គការ​សិទ្ធិ​អន្តរជាតិ​នេះ​ជំរុញ​​ឱ្យ​អាជ្ញាធរ​កម្ពុជា​លុប​ចោល​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា និង​បញ្ចប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles