ដោយ សេក បណ្ឌិត
2024.02.09
RFA

គ្រឿងញៀនប្រភេទ អ៊ិចស្ដាស៊ី ឬថ្នាំគ្រវីក្បាល (MDMA) ទម្ងន់ជាង ២គីឡូក្រាម (២.៤៤១,៧៨ក្រាម) ចំនួន ៣០៤កញ្ចប់ ត្រូវសមត្ថកិច្ចដកហូតនៅក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុក កាលពីថ្ងៃទី៧ កុម្ភៈ ២០២៤។ រូប៖ ហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ
សមត្ថកិច្ចរកឃើញគ្រឿងញៀនជាង៣រយ (៣០៤) កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី៧ ខែកុម្ភៈថា សមត្ថកិច្ច បានដកហូតគ្រឿងញៀនប្រភេទ អ៊ិចស្ដាស៊ី ឬថ្នាំគ្រវីក្បាល (MDMA) ទម្ងន់ជាង ២គីឡូក្រាម (២.៤៤១,៧៨ក្រាម) នៅក្នុងកញ្ចប់គ្រឿងញៀនពណ៌ទំពាំងបាយជូ និងពណ៌ស្ត្រប័រីទាំង ៣០៤កញ្ចប់នោះ ។
សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ជនសង្ស័យភ័យខ្លាចការចុះត្រួតពិនិត្យជាតិអាល់កុល និងអាវុធជាតិផ្ទុះ នៅតាមគោលដៅសមត្ថកិច្ច ទើបជនសង្ស័យយកគ្រឿងញៀនទាំងនោះមកទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងទៀតថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តអំពីរឿងនេះ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសុំសួរពីបញ្ហានេះបន្ថែមបានទេ នៅថ្ងៃទី៨ កុម្ភៈ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ ឲ្យមានប្រសិទ្ធភាព អាជ្ញាធរគួរតែធ្វើយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យដូចភ្លៀងរលឹម ហើយទទួលការរាយការណ៍ពីពលរដ្ឋនៅតាមមូលដ្ឋាន និងស្រាវជ្រាវដើម្បីស្វែងរកប្រភពចែកចាយ រួមទាំងអ្នកពាក់ព័ន្ធ ជាពិសេស គឺលុបបំបាត់អំពើពុករលួយ។
លោក យង់ គិមអេង៖ «អ្នកដែលឆ្លៀតឱកាសយកតួនាទី ភារកិច្ចរបស់ខ្លួនដើម្បីធ្វើពុករលួយគប់គិតជាមួយអ្នកជួញដូរគ្រឿងញៀន គឺត្រូវតែចាត់វិធានការ ហើយត្រូវតែលុបបំបាត់ឲ្យបានបាទនូវអំពើពុករលួយហ្នឹង គឺខ្ញុំថា ក៏អាចជារឿងដែលប្រសើរសំខាន់ចាំបាច់ក្នុងការកាត់បន្ថយបញ្ហាគ្រឿងញៀននេះដែរបាទ»។
គិតមកដល់ពេលនេះ មន្ត្រីនគរបាលជាង ៥០នាក់ហើយ ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌ ពាក់ព័ន្ធនឹងសារធាតុញៀន។
នៅដើមឆ្នាំ២០២៤នេះ អាជ្ញាធរបានបង្ក្រាបករណីគ្រឿងញៀនធំៗមួយចំនួន និងដកហូតបានគ្រឿងញៀនជាង ២តោនកន្លះ និងឃាត់ខ្លួនជនបរទេសចំនួន ៥នាក់ នៅរាជធានីភ្នំពេញ ព្រះសីហនុ និងខេត្តព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។