ដោយ ម៉ៅ សុធានី
2024.02.09
RFA

(ពីឆ្វេង) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrict Murphy) នាយិកានៃមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកអ្នកស្រីវេជ្ជបណ្ឌិត ម៉ែនឌី កូហ៊ែន (Mandy K. Cohen) ជួបរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា កាលពីថ្ងៃទី៧ ខែកុម្ភៈ ២០២៤។ Photo Courtesy of Mandy K. Cohen, MD, MP
មជ្ឈមណ្ឌលប្រយុទ្ធនិងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក ប្តេជ្ញាបន្តជួយដល់ក្រសួងសុខាភិបាល លើកម្មវិធីសុខភាពសាធារណៈ និងផែនការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា និងអ្នកស្រីវេជ្ជបណ្ឌិត ម៉ែនឌី កូហ៊ែន (Mandy K. Cohen) នាយិកានៃមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមកនេះ។
I had a wonderful visit with Minister of Health Ra Chheang and @USAmbCambodia. CDC is proud to partner with Cambodia to strengthen public health capacity and advance work to protect against disease threats, wherever they occur. pic.twitter.com/zc4K9U5Phv
— Mandy K. Cohen, MD, MPH (@CDCDirector) February 8, 2024
ក្នុងជំនួបនេះដែរ អ្នកស្រីវេជ្ជបណ្ឌិត ម៉ែនឌី កូហ៊ែន ក៏បានរម្លឹកពីកិច្ចសហការជាដៃគូរវាងសហរដ្ឋអាមេរិកនិងកម្ពុជា អស់រយៈពេល ២២ ឆ្នាំមកហើយ។ អ្នកស្រីបន្តថា កិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ CDC អាមេរិក បានជួយកម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ ផ្ដាសាយ និងជំងឺឆ្កែឆ្កួត។ រដ្ឋាភិបាលអាមេរិក តាមរយៈមជ្ឈមណ្ឌល CDC និងទីភ្នាក់ងារសហរដ្ឋអាមេរិកដទៃទៀតផ្នែកសុខភាព បានជួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបបភ្លាមៗ និងមានប្រសិទ្ធភាពបំផុត ចំពោះការផ្ទុះឡើងនៃជំងឺ Covid-19។
ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា លោក នុត សម្បត្តិ លើកឡើងថា «សហរដ្ឋអាមេរិកគឺជាប្រទេសខ្លាំងលើការស្រាវជ្រាវជំងឺឆ្លង និងមានបទពិសោធន៍ច្រើនប្រយុទ្ធប្រឆាំងជំងឺឆ្លង ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចរួមចំណែកពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល។
ក្នុងដំណើរទស្សនកិច្ច ២ថ្ងៃ ចាប់ពីថ្ងៃទី៧ និង ៨កុម្ភៈ អ្នកស្រីវេជ្ជបណ្ឌិត បានទៅទស្សនានៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពិសោធន៍នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌល CDC កម្ពុជា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ព្រមទាំងទៅមើលកន្លែងលក់សត្វបក្សីរស់ នៅផ្សារអូរឫស្សីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។