កម្ពុជា
13/02/2024 – 10:27
ដោយ៖ អេង គីមហុង
RFI
ថ្មីៗនេះ អនុក្រឹត្យស្ដីពីការកាត់ឆ្វៀលដីទំហំ៣១ហិកតា ពីគម្របព្រៃឈើស្រុកព្រៃនប់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ អនុក្រឹត្យបញ្ជាក់ពីការកាត់ឆ្វៀលដីទំហំ ៣១ហិកតាពីដែនដីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិឯកជនឲ្យឈ្មោះ ឡូ សុគន្ធ។ តួលេខបណ្ដោះអាសន្នបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែនដីគម្របព្រៃឈើនៅស្រុកព្រៃនប់ជាង ៤០០ហិកតា(៤១៨,៨)ត្រូវបានកាត់ចេញធ្វើជាដីអនុយោគឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិឯកជន។ តើដីគម្របព្រៃឈើជាង ៤០០ហិកតានេះត្រូវបានកាត់ឲ្យបុគ្គលណាខ្លះ?
២០២០-២០២៣៖ គម្របព្រៃឈើជាង៤០០ហិកតានៅស្រុកព្រៃនប់ត្រូវកាត់ឆ្វៀលឲ្យឯកជន និងពលរដ្ឋ
នៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាចុះក្នុងខែមករា ឆ្នាំ២០២៣ មានដីទំហំ ២១២ហិកតាពីដែនគម្របព្រៃឈើឆ្នាំ ២០០២ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង និងភូមិស្មាច់ដែងឃុំរាម ស្រុកព្រៃនប់ត្រូវបានកាត់ឆ្វៀល ធ្វើអនុបយោគដីឯកជនរបស់រដ្ឋ និងប្រគល់ជូនឈ្មោះយឹម អេងគាត ឈ្មោះ ចឹង សាំងគាវ និងឈ្មោះ លី សេងឃាងគ្រប់គ្រងជាកម្មសិទ្ធិ។
បន្ទាប់មកក្នុងខែកក្កដាឆ្នាំ២០២៣ រដ្ឋាភិបាលបានកាត់ឆ្វៀលដីទំហំ៧១ហិកតាចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅស្រុកព្រៃនប់ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ បន្ទាប់មកទៀត អនុក្រឹត្យចុះក្នុងខែវិច្ឆិកាឆ្នាំ២០២៣ដដែលបានកាត់ឆ្វៀលដីទំហំ៣១ហិកតាពីដែនដីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិឯកជនឲ្យលោក ឡូ សុគន្ធ។

ដោយឡែកក្នុងខែមិថុនាឆ្នាំ២០២១ រដ្ឋាភិបាលបានកាត់ឆ្វៀលដីទំហំ៤ហិកតា ពីដែនគម្របព្រៃឈើឆ្នាំ២០០២ស្ថិតនៅស្រុកព្រៃនប់ខេត្តព្រះសីហនុធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ និងប្រគល់ជាកម្មសិទ្ធិឲ្យឈ្មោះ ឡៅ អានី។ ចំណែកក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលបានកាត់ឆ្វៀលដីទំហំ២៥ហិកតា ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជូនក្រុមហ៊ុនហ្វូហាអ៊ិនវេសមេនគ្រប់គ្រងជាកម្មសិទ្ធិ។
ក្នុងឆ្នាំ២០២០ដដែលនៃខែមីនា រដ្ឋាភិបាលបានកាត់ឆ្វៀលដីទំហំ ២៤,៦៦ហិកតាពីដែនគម្របព្រៃឈើឆ្នាំ ២០០២ ស្ថិតនៅភូមិ១ សង្កាត់លេខ១ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទំហំ ៥០,៦៤ ហិកតា ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋនិងសម្រាប់ធ្វើប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលកាន់កាប់ជាក់ស្ដែង។
នៅក្នុងរបាយការណ៍ដោយឡែកក្រោមគម្រោង «ប្រជាពលរដ្ឋចូលរួមក្នុងយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)» ចេញផ្សាយជាសាធារណៈដោយបណ្តាញសហគមន៍ព្រៃឡង់ថ្មីៗនេះឲ្យដឹងថា មានគម្របព្រៃឈើនៅកម្ពុជាប្រមាណជាង ១០ ម៉ឺនហិកតាត្រូវបានបាត់បង់កាលពីឆ្នាំ ២០២២ នៅក្នុងតំបន់អភិរក្សចំនួនបីដែលជាព្រៃឈើសំខាន់របស់ប្រទេសកម្ពុជា៕