សហជីពស្នើក្រសួងយុត្តិធម៌ចាត់វិធានការច្បាប់លើបុគ្គលប្រើហិង្សាលើមន្ត្រីចងក្រង

កម្ពុជា
14/02/2024 – 09:35
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សម្ព័ន្ធសហជីពកម្ពុជាហៅកាត់ថា CATU របស់អ្នកស្រី យ៉ាង សោភ័ណ្ឌ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅលើបុគ្គលពីរនាក់ដែលសហជីពនេះអះអាងថា បានប្រើហិង្សាទៅលើមន្ត្រីចងក្រងសហជីពចំនួន៤នាក់ កាលពីថ្ងៃទី៧ខែកុម្ភៈ២០២៤។

សហជីពស្នើក្រសួងយុត្តិធម៌ចាត់វិធានការច្បាប់លើបុគ្គលប្រើហិង្សាលើមន្ត្រីចងក្រង


នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញថ្ងៃទី១៣ កុម្ភៈ សម្ព័ន្ធសហជីពកម្ពុជាបានថ្កោលទោសបុរសឈ្មោះ ព្រំ កុសល ហៅតយ និងបុរសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។ បុរសទាំងពីរនាក់ត្រូវបានសហជីពអះអាងថា បានប្រើហិង្សាវាយទៅលើមន្ត្រីសហជីព៤នាក់ ក្នុងនោះក៏មាន កញ្ញា ផល ចាន់ថាដែលជាមន្ត្រីចងក្រងសហជីពត្រូវបានវាយ១ដៃចំថ្ពាល់ខាងស្តាំ និងវាយទៅលើប្រធានសហជីពមូលដ្ឋានលោក គឹម ស៊ិនមករាចំដើមទ្រូង។

ទោះជាយ៉ាងណា គេនៅមិនទាន់ឃើញមានការចេញមុខបកស្រាយយ៉ាងណាពីបុរសទាំងពីរនាក់នោះនៅឡើយទេ។  តែវីដេអូដែលថតបាន គឺបានបង្ហាញពីសកម្មភាពរបស់បុរសមាឌធំម្នាក់ដែលបានស្រែកគំហកដាក់មន្ត្រីសហជីព និងដណ្តើមយកឯកសាររបស់សហជីពកម្ពុជានៃក្រុមហ៊ុនស៊ីក្លូនៅក្នុងហាងមីហិលមួយកន្លែងទៅហែកចោលកាលពីថ្ងៃទី៧ខែកុម្ភៈ២០២៤។

អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា © FB

ករណីនេះត្រូវបានសម្ព័ន្ធសហជីពកម្ពុជាស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅលើបុគ្គលទាំងពីរនាក់នោះតាមផ្លូវច្បាប់។ តាមសម្ព័ន្ធសហជីព អំពើហិង្សានេះជាការរំលោភបំពានយ៉ាងកម្រោលទៅលើផ្លូវច្បាប់ ពិសេសរដ្ឋធម្មនុញ្ញដែលបានធានាពីសេរីភាពក្នុងការចូលរួមបង្កើតអង្គការវិជ្ជាជីវៈ។

ឆ្លើយនឹងសំណើរបស់សហជីព លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា បុគ្គលណាមួយដែលទទួលរងការរំលោភបំពាន គឺមានសិទ្ធិប្តឹងរកយុត្តិធម៌ ដើម្បីឲ្យជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។

បើតាមសហជីពឯករាជ្យ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ មក សេរីភាពសហជីពបានរងការធ្វើទុក្ខបុកម្នេញពីសំណាក់និយោជក និងមានតំណាងសហជីពជាច្រើនត្រូវបានបញ្ឈប់ពីការងារ។ ទន្ទឹមគ្នានេះ តំណាងសហជីពក៏ត្រូវបានក្រុមហ៊ុនប្តឹងទៅកាន់តុលាការ ដោយសារតែពួកគេបានប្រើប្រាស់បណ្តាញសង្គមនិយាយពីការរើសអើងសហជីពនៅកន្លែងការងារ៕

What Next?

Recent Articles