អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បញ្ជា​ឲ្យ​ក្រុម​ឈ្មួញ​បញ្ឈប់​ប្រើប្រាស់​សារធាតុ​គីមី និង​សារធាតុ​បំផ្ទុះ​ដើម្បី​យក​រ៉ែ​មាស

ដោយ សុជីវី
2024.02.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បញ្ជា​ឲ្យ​ក្រុម​ឈ្មួញ​បញ្ឈប់​ប្រើប្រាស់​សារធាតុ​គីមី និង​សារធាតុ​បំផ្ទុះ​ដើម្បី​យក​រ៉ែ​មាស

ស្លាក​សញ្ញា​នៅ​ជាប់​របង​ក្រុមហ៊ុន​ចិន រង់ ឈីង ដែល​ជា​ទីតាំង​សិប្បកម្ម​លាង​សំអាត​រ៉ែ​មាស។ រូប​ថត​នៅថ្ងៃទី៨ កញ្ញា ២០១៨។ RFA File


អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចេញ​បញ្ជា​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា បញ្ឈប់​ការ​ប្រើប្រាស់​សារធាតុ​គីមី និង​សម្ភារៈ​មាន​សារធាតុ​ផ្ទុះ​គ្រប់​ប្រភេទ ដើម្បី​ទាញ​យក​រ៉ែ​មាស​បែប​អនាធិបតេយ្យ​តទៅ​ទៀត។ សហគមន៍​និង​មន្ត្រី​សង្គម​ស៊ីវិល សាទរ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ បាន​ចេញ​លិខិត​បញ្ជា​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស បញ្ឈប់​ការ​ប្រើប្រាស់ ឧបករណ៍ សម្ភារៈ​សារធាតុ​គីមី និង​សារធាតុ​ផ្ទុះ​គ្រប់​ប្រភេទ ដោយ​ខុសច្បាប់ នៅ​តំបន់​មេ​សំ ស្ថិតនៅ​ភូមិ​ពូទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី និង​ត្រូវ​រុះរើ​ឧបករណ៍​រុករក​រ៉ែ​មាស ក្នុង​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២​ខែកុម្ភៈ ដល់​ថ្ងៃទី​២៧​ខែកុម្ភៈ ប្រសិនបើ​មិន​រុះរើ និង​ឈប់​នោះ​ទេ អាជ្ញាធរ​ខេត្ត​និង​ចាត់​វិធានការ​តាមច្បាប់ ។ ការ​ចេញ​លិខិត​នេះ បន្ទាប់ពី​សហគមន៍ បាន​រាយការណ៍ និង​ផ្សព្វផ្សាយ​កន្លងទៅ​ថា មាន​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន មួយចំនួន​បាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​មិន​បាន​គោរព​ទៅ​តាម​គោលការណ៍​និង​ច្បាប់​អនុញ្ញាត បាន​បង្ហូរទឹក​កខ្វក់​ចូល​ទៅ​ក្នុង​អូរ​ធម្មជាតិ​ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ​ប្រើប្រាស់​ជាប្រចាំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​សត្វ ។ ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​នេះ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ដែល​អាជ្ញាធរ​ចេញ​លិខិត​ហាមប្រាម​នៅ​ពេល​នេះ​ឡើយ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលា ខេត្ត​មណ្ឌលគិរី លោក នាង វណ្ណៈ និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី លោក ទី សុផល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ឃុំ​ចុងផ្លាស់ លោក ឌិន សារ៉ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ថា ពលរដ្ឋ​សាទរ​ចំពោះ​វិធានការ​នេះ ពីព្រោះ​កន្លង​ទៅ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ បាន​បង្ហូរទឹក​កខ្វក់​ដែល​មាន​សារ​ធាតុ​គីមី ចូល​ទៅ​ក្នុង​អូរ​ធម្មជាតិ​ដែល​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ប្រើប្រាស់​ជាប្រចាំ និង​បាន​ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​របស់​អ្នកភូមិ​មួយចំនួន​ងាប់​ជា​បន្តបន្ទាប់ និង​បាន​រំខាន​ទៅដល់​ការ​រក​រ៉ែ​មាស​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ថែម​ទៀត។

លោក ឌិន សារ៉ន៖ «បើ​គាត់​ធ្វើ​អត់​គ្រប់គ្រង​កាកសំណល់​ច្បាស់លាស់​ហ្នឹង វា​ពិបាក ដោយសារ​ពួកគាត់​គ្រប់គ្រង​អត់​ច្បាស់លាស់ វា​ប៉ះពាល់​ដល់​សត្វ​ធាតុ​របស់​បងប្អូន​ប្រជាពលរដ្ឋ អ្នកគ្រប់គ្រង​មិន​ច្បាស់លាស់​ត្រូវតែ​ចាត់ការ​ហើយ​បើ​មិន​ចាត់វិធានការ​វា​ប៉ះពាល់ គាត់​ធ្វើ​ផលប្រយោជន៍​របស់​គាត់​តែ​ប៉ះពាល់​អ្នកដទៃ​ម៉េច​កើត ត្រូវតែ​ចាត់វិធានការ​ហើយ កាត់​អ្នកខ្លះ​ខ្ជះខ្ជាយ​ដែរ​ហ្នឹង​គាត់​ធ្វើ​បង្ហូរ​ពាស​វាល​ពាស​កាល»។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ឲ្យ​ដឹង​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដែល​ប្រើប្រាស់ សារធាតុ​គីមី និង​សារធាតុ​ផ្ទុះ បាន​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ពលរដ្ឋ ដែល​កំពុង​រស់នៅ​ជុំវិញ​តំបន់​នោះ ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ទៅលើ​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន អាជីវកម្ម​រ៉ែ​មាស ដោយ​មិន​មាន​ការ​អនុញ្ញាត និង​មិន​បាន​គោរព​ទៅ​តាម​លក្ខខណ្ឌ ។ លើស​ពី​នោះ​លោក​ថា អាជ្ញាធរ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​អាច​រុករក​រ៉ែ​មាស ដោយ​ដៃ ដែល​ជា​មុខរបរ​ប្រពៃណី​របស់​ពួកគាត់ និង​ជួយ​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគាត់។

លោក អៀង វុទ្ធី៖ «រដ្ឋាភិបាល​គួរតែ​រឹត​បន្តឹង​យ៉ាង​ម៉ឺងម៉ាត់​ទាក់ទង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត បាន​ន័យ​ថា ខុសច្បាប់​ហ្នឹង ដើម្បី​ធានា​ថា ទីមួយ​គឺ​គាត់​អាច​គ្រប់គ្រង​នៅ​ការបំពុល​បរិស្ថាន និង​ប្រភព​ទឹក ធនធានធម្មជាតិ​របស់​យើង ការ​លួច​បាន​ន័យ​ថា ការ​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់​ហ្នឹង គឺ​យើង​វា​បាត់បង់​នៅ​ធនធាន​ទ្រព្យសម្បត្តិ​ជាតិ​ដែល​ជា​រ៉ែ​របស់​ជាតិ​ហ្នឹង​អាច​បាត់បង់»។

កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ អង្គការ​សមធម៌​កម្ពុជា​ (Equitable Cambodia ) បាន​ចេញ​របាយការណ៍​មួយ​រក​ឃើញ​ថា ក្រុមហ៊ុន រង់​ឈីង អ៊ីនដាសស្ទ្រៀល អ៊ិនវេសមិន (ខេមបូឌា) (Rong Cheng Industrial Investment (Cambodia) Co., Ltd) នៅ​ខេត្តមណ្ឌលគិរី កំពុង​រំលោភ​យក​ដីធ្លី ព្រៃ​ជំនឿ បង្ខំ​ឲ្យ​ពលរដ្ឋ​លក់​ដីស្រែ​ចម្ការ និង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​នៅ​ជុំវិញ​តំបន់​ដែល​ពួកគេ​កំពុង​រស់នៅ​សព្វថ្ងៃ។

ក្រៅ​ពី​នេះ អង្គការ​នេះ​ក៏​បាន​រក​ឃើញ​ក្រុមហ៊ុន​ចំនួន​៥​ធំៗ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ប៉ះពាល់​ដល់​ពលរដ្ឋ និង​បរិស្ថាន ក្នុង​ខេត្ត​ចំនួន​៤​ផ្សេង​ទៀត រួមមាន ក្រុមហ៊ុន សឹង យន្ដ គ័ង យិក ខូអិលធីឌី (XING YUAN KANNG YEAK CO., LTD. ) ស្ថិតនៅ​ខេត្តក្រចេះ ក្រុមហ៊ុន ឌែលខម ខេមបូឌា Delcom (Kampuchea) PTE. Ltd) ក្រុមហ៊ុន ស៊ិនហ្សាន អ៊ិនដាសស្ទ្រៀល ខេមបូឌា (Xinshan Industrial, Cambodia) នៅ​ខេត្តព្រះវិហារ​និង​ក្រុមហ៊ុន អង្គរ​ហ្គោល ខប មេសកូហ្គោល (Angkor Gold Corp, Mesco Gold) នៅ​ខេត្ត​រតនគិរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles