លោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី

កម្ពុជា
15/02/2024 – 11:57
ដោយ៖ ញឹម សុផល
RFI

កូនប្រុស​ពៅលោក​ ហ៊ុន សែន ​អតីត​នាយករដ្ឋមន្ត្រី ​គឺ​លោក ​ហ៊ុន ម៉ានី ​នឹងត្រូវ​ឡើង​ឋានៈ​ជា​ឧបនាយក​រដ្ឋមន្ត្រី​នៅសប្តាហ៍ក្រោយ​បន្ទាប់ពី​ការស្នើឡើង​ដោយ​លោក ហ៊ុន​ ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​។ ដំណឹងនៃ​ការ​ឡើងឋានៈ​ខ្ពស់​បំផុត​ទី​២ ​នៃ​កូនប្រុស​ម្នាក់ទៀត​របស់​លោក ហ៊ុន​ សែន​ ត្រូវបាន​ផ្សព្វផ្សាយ​ក្រោយកិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​រដ្ឋសភា​នៅថ្ងៃ​ព្រហស្បតិ៍ ​ទី១៥ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤​នេះ​។

លោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី


តាមសេចក្តី​ប្រកាសព័ត៌មាន​របស់អគ្គលេខាធិការដ្ឋាន​រដ្ឋសភានៅថ្ងៃនេះ ​រដ្ឋសភានឹងបើក​កិច្ចប្រជុំ​វិសាមញ្ញនីតិកាល​ទី​៧​របស់ខ្លួន​ នៅថ្ងៃទី​២១ ខែកុម្ភៈ ​សប្តាហ៍ក្រោយ​ដោយលើករបៀបវារៈ​នៃការតម្លើងឋានៈ​អ្នកនយោបាយ​គណបក្សប្រជាជន​ ៣រូប​ជាកិច្ចការ​សំខាន់​។ ឥស្សរៈជនទាំង​៣រូបនោះរួមមាន ​លោក ហ៊ុន ម៉ានី ​កូនប្រុសពៅ​លោក ហ៊ុន សែន​ អតីតនាយក​រដ្ឋមន្ត្រី ដែល​បច្ចុប្បន្នជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ​នឹងត្រូវតម្លើង​ឋានៈបន្ថែម​២កំរិតទៀត​ជាឧបនាយករដ្ឋមន្ត្រី​។ លោក​ស្រ៊ី ថាមរុង្គ និងលោក​ ប៉ែន វិបុល ទាំងពីរនាក់​ជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី ​នឹងឡើងឋានៈ​១កាំទៀត​ជាទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្មពិសេស​។

តាមរយៈការតម្លើងឋានៈ​អ្នកនយោបាយបក្ស​កាន់អំណាច៣នាក់​បន្ថែមទៀតទៅក្នុង​ស្ថាប័ននីតិ​ប្រតិបត្តិនេះ ​ធ្វើឲ្យរដ្ឋាភិបាល​អាណត្តិទី៧​ ដែលដឹកនាំដោយ​កូនប្រុសច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត​ បានកើនចំនួន​ឧបនាយករដ្ឋមន្ត្រី​ដល់១១រូប ​ទេសរដ្ឋមន្ត្រីជាង​២០រូប រដ្ឋមន្ត្រី៣០​រូប រដ្ឋលេខាធិការ ​និងអនុរដ្ឋលេខាធិការ​ជាង១ពាន់នាក់​។ នេះមិនទាន់​គិតពីរដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ និងទីប្រឹក្សា​អមក្រសួង​ទាំង៣០ផង​។

លោក ហ៊ុន ម៉ានី ពេលចូលស្បថក្នុងព្រះមរមរាជវាំង
លោក ហ៊ុន ម៉ានី ពេលចូលស្បថក្នុងព្រះមរមរាជវាំង © STPM

សមាសភាព​សមាជិករដ្ឋាភិបាល ​និងមន្ត្រី​នយោបាយផ្នែកខាង​លើដ៏ច្រើនសន្ធឹកសន្ធាប់​មិនដែលធ្លាប់មាន​នេះ ​ត្រូវសង្គមស៊ីវិល ​និង​អ្នកវិភាគមួយចំនួន​មើលឃើញថា​ជារដ្ឋាភិបាល​ដែលមាន​ក្បាលធំជាង​ដងខ្លួន​។ ក៏ប៉ុន្តែ​មន្ត្រីរដ្ឋាភិបាល ​ក៏ដូចជាអ្នកនាំពាក្យ​គណបក្សកាន់​អំណាចតែងច្រានចោល​ការលើកឡើង​ពាក្យថា​«រដ្ឋាភិបាល​ក្បាលធំ​ជាងខ្លួន​»នេះ​។

សូមរំលឹកថា​រដ្ឋាភិបាល​អាណត្តិទី៧ ​ដែលដឹកនាំដោយ​ភាគច្រើនជាអ្នក​បន្តវេនគណបក្ស​ប្រជាជននេះ ​ត្រូវគេមើលឃើញថា​បានចេញដំណើរ​យ៉ាងស្វាហាប់​។ ទន្ទឹមគ្នានេះ​ក៏មានការលើកឡើង​ស្កាត់ជាមុន​ដែរថា​ការចេញដំណើរ​ជាមួយនឹងធនធាន​បញ្ញវន្តសំបូរបែប​ដូច្នេះហើយ ​បើការដឹកនាំទៅ​អនាគត​មិនមានលទ្ធផល ​និង​គុណភាព ​នោះទើបជា​កំហុសដ៏ធំ​៕

What Next?

Recent Articles