ដោយ ថា ថៃ
2024.02.15
RFA

(រូបឯកសារ) ពលរដ្ឋខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្ម។ រូប៖ ហ្វេសប៊ុកលោក ហុង លិម
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia) គ្រោងដើរហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី នៅថ្ងៃទី១៧ ខែកុម្ភៈ។ ការដាក់ញត្តិនេះ ពួកគាត់ស្នើសុំឲ្យតំណាងរាស្ត្រ ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឱ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ក្នុងពេលដែលនាយករដ្ឋមន្ត្រីថ្មីរូបនេះ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន គ្រោងធ្វើធម្មយាត្រាមួយ នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយដាក់ឈ្មោះថា ធម្មយាត្រា ដើម្បីសន្តិភាពនៅកម្ពុជា។ តាមគម្រោងនៃធម្មយាត្រានេះ ពួកគាត់នឹងជួបជុំគ្នានៅម៉ោង១១ព្រឹកនៅផ្សារស្ព្រីងវែល (Springvale shopping Center) ហើយបន្ទាប់មកពួកគាត់នឹងដើរដង្ហែក្បួនទៅដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅការិយាល័យរបស់លោក នៅក្រុងដែនឌឺណុង (Dandenong) នៅម៉ោង ២រសៀល។ គោលបំណងនៃការដាក់ញត្តិនេះ គឺព្រះសង្ឃ និងប្រជាសហគមន៍ខ្មែរ ស្នើសុំឲ្យលោក ជូលៀន ហ៊ីល ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកឡើងពីបញ្ហាប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សជាមួយលោក ហ៊ុន ម៉ាណែត ក្នុងពេលលោក មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន (Melbourne) ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមីនា ឆ្នាំ២០២៤។
ព្រះតេជព្រះគុណ ផុន សែនដារ៉ុង ដែលនឹងនិមន្តចូលរួមធម្មយាត្រានេះមានថេរដីកាថា មូលហេតុដែលព្រះសង្ឃ និងពលរដ្ឋខ្មែរ ធ្វើធម្មយាត្រា ដើម្បីដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រអូស្ត្រាលីនេះ ដោយសារមកទល់ពេលនេះ ប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត នៅតែមិនបានធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ល្អប្រសើរឡើយ។ ព្រះសង្ឃអង្គនេះ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមធម្មយាត្រា នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះឲ្យបានចំនួនច្រើន។
ខ្លឹមសារញត្តិដែលដាក់គ្រោងដាក់ជូនសមាជិកសភាសហព័ន្ធអូស្ត្រាលីនោះ រៀបរាប់ថា សហគមន៍ខ្មែរ ព្រួយបារម្ភជាខ្លាំង ខណៈដែលលោក ហ៊ុន ម៉ាណែត នឹងមកចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលីក្នុងពេលដ៏ខ្លីខាងមុខ។ សហគមន៍ខ្មែរ មើលឃើញថា លោក ហ៊ុន ម៉ាណែត មានចរិតដូចឪពុករបស់គាត់ដែរ នឹងប្រើប្រាស់ឱកាសនេះថតរូបជាមួយមេដឹកនាំផ្សេងៗ ដើម្បីឃោសនាអួតអាងពីតួនាទីជានាយករដ្ឋមន្ត្រីស្របច្បាប់តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បើទោះជាការបោះឆ្នោត កាលពីឆ្នាំមុន ជាការបោះឆ្នោតក្លែងក្លាយ គ្មានសេរី និងយុត្តិធម៌ក្ដី។
សហគមន៍ខ្មែរ លើកឡើងនៅក្នុងញត្តិទៀតថា នៅមុនកិច្ចប្រជុំកំពូលនេះ លោក ហ៊ុន ម៉ាណែត កំពុងប៉ុនប៉ងបង្កើតបណ្ដាញបង្កវិទ្ធង្សនា ដើម្បីបំភ័ន្តមតិសាធារណៈ ការដាក់សម្ពាធ និងបង្ខិតបង្ខំពលរដ្ឋខ្មែរអូស្ត្រាលី ឲ្យទៅចូលរួមសកម្មភាពជាមួយពួកគេ ដែលជាការបំពានច្បាប់ស្ដីពីការជ្រៀតជ្រែកពីបរទេស។ លើសពីនេះ លោក ហ៊ុន ម៉ាណែត ដូចឪពុករបស់គាត់ដែរ លោក នឹងមានពិធីជួបជុំជាមួយមនុស្សរាប់រយនាក់ក្នុងនោះបូករួមទាំងមនុស្សមកពីស្រុកខ្មែររាប់សិបនាក់ជាមួយលោក ព្រមទាំងអ្នកធ្វើជំនួញ ដែលតម្រូវឲ្យមានភាពស្មោះត្រង់ជាមួយរដ្ឋាភិបាល តាមរយៈការស៊ីសំណូក និងអំពើពុករលួយជាដើម។
នៅក្នុងញត្តិនោះ សហគមន៍ខ្មែរ ស្នើសុំឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស (Anthony Albanese) ជំរុញទៅលោក ហ៊ុន ម៉ាណែត ឲ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោះលែងអ្នកទោសនយោបាយ រួមមាន មេបក្សប្រឆាំង លោក កឹម សុខា សកម្មជនសិទ្ធិការងារ កញ្ញា ឈឹម ស៊ីថរ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងអនុញ្ញាតឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។ ក្រៅពីនេះ សហគមន៍ខ្មែរ ស្នើឲ្យលោក ហ៊ុន ម៉ាណែត បញ្ឈប់បញ្ជូនភ្នាក់ងារមកគំរាមកំហែង បង្កការភ័យខ្លាច និងបំបែកបំបាក់សហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី។ សហគមន៍ខ្មែរ ក៏ព្រួយបារម្ភអំពីការកសាងមូលដ្ឋានទ័ពចិននៅសមុទ្ររាម ដែលនឹងបង្កឲ្យមានអស្ថិរភាពក្នុងតំបន់។ ញត្តិនេះ ចុះហត្ថលេខាដោយប្រធានសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម លោក ហុង លីម ប្រធានសហគមន៍ខ្មែរ លោក ជា យូហ៊ន តំណាងរាស្ត្រដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង តំណាងគណបក្សសង្គ្រោះជាតិ លោក អ៊ិន ហេមរ៉ា តំណាងអង្គការសម្ព័ន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពប៉ារីសស្ដីពីកម្ពុជា លោក ជា ចាន់ថោង និងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ឡឹម ណារ៉ា។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៥ ខែកុម្ភៈ។ ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ក៏បដិសេធឆ្លើយតបរឿងនេះដែរ។
ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពប៉ារីសស្ដីពីកម្ពុជា លោក ជា ចាន់ថោង មានប្រសាសន៍ថា ការដាក់ញត្តិរបស់សហគមន៍ខ្មែរនេះ ដើម្បីឲ្យរដ្ឋាភិបាលអូស្ត្រាលី បន្តដឹងឮអំពីរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ នៅតែរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការមិនអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេស រដ្ឋាភិបាលកម្ពុជាបន្តបញ្ជូនភ្នាក់ងារ មកបំបែកបំបាក់សហគមន៍ខ្មែរ។ លោកសង្កេតឃើញថា ក្រុមអ្នកកាន់អំណាចនៅកម្ពុជាសព្វថ្ងៃនេះ ជាក្រុមមនុស្សផ្ដាច់ការ និងពុករលួយជាងមេដឹកនាំផ្ដាច់ការនៅប្រទេសផ្សេងៗ ទៀត ដូចជា ប្រទេសគុយបា (Cuba) ជាដើម។
សមាជិកសភាអូស្ត្រាលីមកពីបក្សពលករ លោក ជូលៀន ហ៊ីល (Jullian Hill) តែងតែឈានមុខគេក្នុងការថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស ព្រមទាំងការជ្រៀតជ្រែកសហគមន៍ខ្មែរជាដើម។
សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី គូសបញ្ជាក់ថា ពួកគាត់ នៅតែបន្តលើកឡើង ពីបញ្ហាអវិជ្ជមាននៅកម្ពុជា ដើម្បីបង្ហាញអំពីការសាមគ្គីភាពជាមួយពលរដ្ឋខ្មែររងគ្រោះ និងបន្តលើកឡើងនូវអ្វី ដែលបានសន្យាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទន្ទឹមគ្នានេះ ពួកគាត់ ក៏នឹងបន្តជំរុញទៅរដ្ឋាភិបាលអូស្ត្រាលី ឲ្យជួយដោះស្រាយបញ្ហាទាំងនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។