អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង និង​ទម្លាក់​បទចោទប្រកាន់​លើ​សកម្មជន​ខ្មែរក្រោម

ដោយ ខាន់ លក្ខិណា
2024.02.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង និង​ទម្លាក់​បទចោទប្រកាន់​លើ​សកម្មជន​ខ្មែរក្រោម

​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម លោក យ័ញ មិញក្វាង។ រូប៖ ហ្វេសប៊ុក Khmer Krom Man Journalist


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង និង​ទម្លាក់​បទចោទប្រកាន់​ទាំងអស់​លើ​សកម្មជន​ខ្មែរក្រោម​លោក លោក យ័ញ មិញក្វាង។ សាច់ញាតិ​ចាត់​ទុក​ការ​កាត់​ទោស​លើ​សកម្មជន​ខ្មែរក្រោម​រូប​នេះ​ថា ជា​រឿង​អយុត្តិធម៌។

សេចក្តី​ថ្លែងការណ៍​របស់​នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (HRW) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នៅ​ថ្ងៃទី​១១ កុម្ភៈ លើកឡើង​ថា ការ​ចាប់ខ្លួន លោក យ័ញ មិញក្វាង កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០២៣ រហូត​ឈាន​ដល់​ការ​កាត់​ទោស​សកម្មជន​រូប​នេះ ដាក់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ៦​ខែ កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជា​ការ​សងសឹក​ទៅលើ​ពលរដ្ឋ​ម្នាក់​ដែល​គ្រាន់តែ​និយាយ និង​បញ្ចេញ​ទស្សនៈ​ផ្នែក​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម។

លោក​ចាត់ទុក​វិធានការ​របស់​រដ្ឋអំណាច​វៀតណាម​នៅ​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ប្តូរ​ទៅជា​ខេត្ត​សុកត្រាំង (Soc Trang) ថា ជា​ការ​ជាន់ឈ្លី​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដោយ​ឥត​អៀនខ្មាស។

នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ត្រូវ​ដោះលែង​លោក យ័ញ មិញក្វាង ជា​បន្ទាន់ និង​ទម្លាក់​រាល់​បទចោទប្រកាន់​ទាំងអស់​មក​លើ​សកម្មជន​ខ្មែរ​ក្រោម។

លោក ហ្វីល រ៉ូបឺតសុន ក៏​ទាមទារ​ឱ្យ​រដ្ឋសភា​វៀតណាម​គួរតែ​ធ្វើ​វិសោធនកម្ម​ជាបន្ទាន់​នូវ​ក្រមព្រហ្មទណ្ឌ និង​លុបចោល​មាត្រា​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​មាត្រា ៣៣១ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ប្រើប្រាស់​ជា​ប្រព័ន្ធ ដើម្បី​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​សាមញ្ញ​នៅ​ទូទាំង​ប្រទេស។

កាលពី​ថ្ងៃទី៧ កុម្ភៈ តុលាការ​វៀតណាម​ស្រុក​បាយឆៅ ខេត្ត​ឃ្លាំង បាន​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម លោក យ័ញ មិញក្វាង ឱ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ក្រោម​បទចោទប្រកាន់​ថា កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ និង​បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ ខណៈ​សកម្មជន​ម្នាក់ទៀត គឺ​លោកស្រី ឌិន ធីហ្វីន ត្រូវ​តុលាការ​វៀតណាម​ស្រុក​បាយ​ឆៅ​ដូចគ្នា កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ក្រោម​បទចោទប្រកាន់ «​មិន​អនុវត្ត​សាលក្រម​» ករណី​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​ដីធ្លី​របស់​គាត់​តាំងពី​ខែសីហា ឆ្នាំ ២០១៦។

ការ​ចាប់ខ្លួន និង​កាត់ទោស​សកម្មជន​ក្រោម​បន្តបន្ទាប់​នេះ ធ្វើឡើង​ខណៈ​ពួកគេ​សកម្ម​ក្នុង​ការ​ទាមទារ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការរំលោភ​សិទ្ធិមនុស្ស​ជនជាតិ​ដើម​ខ្មែរ​ក្រោម។

មីង​របស់​លោក យ័ញ មិញក្វាង គឺ​លោកស្រី ចៅ ធី ទៀង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ កុម្ភៈ ថា លោកស្រី​មិនអាច​ទទួល​ការសម្រេច​របស់​តុលាការ​វៀតណាម​បាន​ឡើយ ដោយ​ចាត់ទុក​ការ​កាត់ទោស​ឱ្យ​ក្មួយ​របស់​គាត់​ជាប់​ពន្ធនាគារ​ជាង ៣ ឆ្នាំ នេះ ជា​រឿង​អយុត្តិធម៌​។ លោកស្រី​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក យ័ញ មិញក្វាង និង​ពលរដ្ឋ​ខ្មែរក្រោម​ផ្សេងទៀត ឱ្យ​មាន​សេរីភាព​វិញ ដោយ​ថា ពួកគាត់​មិន​បាន​ធ្វើ​ខុស​ដូច​អាជ្ញាធរ និង​តុលាការ​វៀតណាម​ចោទប្រកាន់​ឡើង។

លោកស្រី​អំពាវនាវ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម។

លោក យ័ញ មិញក្វាង៖ «ធ្វើបាប​ខ្មែរ​អ៊ីចឹង​ងាប់​ហើយ​។ ខ្ញុំ​សំណូមពរ​ជួយ​ខ្មែរ​ឱ្យ​បាន​រីកចម្រើន​ផង​ទៅ ធ្វើបាប​អី​ម្ល៉េះ​ទេ​គ្នា​គ្មាន​និយាយ​អី​ខុស​ទេ សុំ​តែ​សិទ្ធិ​សេរីភាព​ខាង​រដ្ឋាភិបាល​យួន​[​វៀតណាម​]​គាត់​ចេញ​តែ​គាប​គំនាប​ខ្មែរ​មិន​ចង់ឱ្យ​និយាយ​ចេញទៅ​ណា​ហើយ​គាត់​ធ្វើ​អី​ស្រេច​តែ​ចិត្ត»។

ជុំវិញ​ការ​ទាមទារ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម​នៅ​ពេល​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ទេ នៅ​ថ្ងៃទី​១១ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​តុលាការ​វៀតណាម និង​បាន​ចាត់ទុក​ការ​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ទាំងពីរ​រូប ដាក់​ពន្ធនាគារ​រួម​ជាមួយនឹង​ការ​ឃុំខ្លួន​ពួកគេ​រយៈពេល​យូរ​ដោយ​គ្មាន​សិទ្ធិ​ទទួល​បាន​អ្នក​ទីប្រឹក្សា​ផ្លូវច្បាប់ ឬ​មេធាវី ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ។

ក្រៅ​ពី​ថ្កោលទោស​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​ដឹកនាំ​បាតុកម្មអហិង្សា​នៅ​ទូទាំង​ពិភពលោក​នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរក្រោម​សរុប​បួន​នាក់ ដែល​កំពុង​ជាប់ឃុំ​ដោយសារតែ​ការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម។

សកម្មជន​ខ្មែរក្រោម​បួន​នាក់ រួមមាន លោក តោ ហ្វាងចឿង លោក ថាច់ កឿង លោកស្រី ឌិន ធីវិន និង​លោក យ័ញ មិញក្វាង។ ចំណោម​សកម្មជន​ទាំង​៤ នាក់ ក្នុង​នោះ លោក តោ ហ្វាងចឿង និង​លោក ថាច់ កឿង នៅ​មិនទាន់​ត្រូវ​បាន​តុលាការ​វៀតណាម​កំណត់​ថ្ងៃ​បើកសវនាការ​នៅ​ឡើយ​ទេ។ សកម្មជន​លោក តោ ហ្វាងចឿង និង លោក ថាច់ កឿង គឺ​ជា​មនុស្ស​សកម្ម​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ជនជាតិ​ដើម និង​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles