អាជ្ញាធរ​ខេត្តសៀមរាប​បង្កើន​សកម្មភាព​បង្ក្រាប​បទល្មើស​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ដោយ ហ៊ុំ ចំរើន
2024.02.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ខេត្តសៀមរាប​បង្កើន​សកម្មភាព​បង្ក្រាប​បទល្មើស​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មក​ទស្សនាប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប។ រូប៖ ក្រសួងព័ត៌មាន


អាជ្ញាធរ​ខេត្តសៀមរាប​កំពុង​រឹត​បន្តឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ដើម្បី​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ សកម្មភាព​នេះ​ស្រប​ពេល​ខេត្ត​សៀមរាប​នៅ​មាន​បទល្មើស​បន្ត​កើត​មាន​ជាច្រើន។

ស្នងការ​នគរបាល​ខេត្តសៀមរាប លោក តេង ច័ន្ទណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៤ កុម្ភៈ​ថា ស្នងការ​ខេត្ត​កំពុង​អនុវត្ត​ផែនការ​គោល​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដោយ​ត្រូវ​ពង្រាយ​កម្លាំង​ចុះ​ល្បាត និង​កំណត់​គោលដៅ​ឈរ​ជើង តាម​តំបន់​ប្រាសាទ និង​តំបន់​សាធារណៈ​ផ្សេងៗ ក្នុង​ក្រុង​សៀមរាប។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ពង្រាយ​កម្លាំង​ល្បាត ២៤​ម៉ោង ដោយ​បណ្ដាក់​គ្នា​ជាច្រើន​ទីតាំង ដើម្បី​ងាយស្រួល​អន្តរាគមន៍​គ្រប់គ្រង​សភាពការណ៍។

លោក តេង ច័ន្ទណាត៖ «ទាក់ទង​ហ្នឹង​ភូមិសាស្ត្រ​ខេត្តសៀមរាប យើង​ធ្វើ​ម៉េច ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ខេត្តសៀមរាប​យើង យើង​មាន​ការ​ល្បាត ការ​បង្ក្រាប និង​ទប់ស្កាត់ និង​គោលដៅ​ឈរ​ជើង​តាម​ប្រាសាទ និង​តំបន់​ផ្សេងៗ​។ ក្នុង​នាម​បញ្ជាការដ្ឋាន​ធ្វើ​ផែនការ​រួម​មួយ ជូន​គណៈ បញ្ជាការ​ឯកភាព​ខេត្ត»។

ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម លោក រៀម ពន្លក ឱ្យ​ដឹង​ថា ក្មេង​ទំនើង​ជក់​ថ្នាំញៀន នៅតែ​កើត​មាន​ច្រើន​នៅ​តំបន់​ជនបទ និង​ក្នុង​ក្រុង​សៀមរាប។

លោក​ថា កាល​ពី​ចុង​ឆ្នាំ​២០២៣ ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ កាប់​លោក​មួយ​កាំបិត​ពីក្រោយ​ខ្នង​បណ្តាល​ឱ្យ​របួសធ្ងន់ ក្នុង​ពេល​ដែល​លោក​កំពុង​បើកបរ​ម៉ូតូ​តែម្នាក់​ឯង តាមផ្លូវ​ជាតិ​លេខ​០៥ នា​ក្នុងស្រុក​ប្រាសាទ​បាង​គង ហើយ​នៅ​ថ្ងៃ​បន្ទាប់​ក៏​មាន​ករណី​ប្លន់​យក​ម៉ូតូ ១​គ្រឿង​ទៀត​ពី​ពលរដ្ឋ​ផ្សេង​ទៀត។

លោក​បន្ថែម​ថា ក្រោយ​ពី​កើតហេតុ លោក​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ក៏ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ​មក​ទល់​ពេល​នេះ។

លោក រៀម ពន្លក៖ «ខ្ញុំ​ជិះ​ទៅ វា​ជិះ​មកពី​ក្រោយ អត់​ដឹង​រឿង​អី​ផង វា​កាប់​ដែរ ត្រូវ​ដៃ​ខាងឆ្វេង ដាច់​សរសៃឈាម ៤ ជិត​ដល់​ឆ្អឹង​។ ថ្ងៃក្រោយ​ឡើង ១​ទៀត គេ​ប្លន់​ម៉ូតូ»។

ចំណែក​ឯ​ការ​ប្រើប្រាស់​កាំភ្លើង​កែច្នៃ​ក៏​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​ពលរដ្ឋ និង​សត្វ​ស្លាប​កម្រ​នៅ​តំបន់​ជនបទ និង​តំបន់ការពារធម្មជាតិ​ផ្សេងៗ​ទៀត ។ អ្នកភូមិ​អះអាង​ថា ពលរដ្ឋ​រស់នៅ​តំបន់​ជនបទ​ឆ្ងាយៗ ក្នុងស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ជាដើម តែងតែ​កែច្នៃ​កាំភ្លើង​ទុក​ប្រើប្រាស់​នៅផ្ទះ ដើម្បី​បាញ់​សត្វ​ស្លាប ធ្វើ​អាជីវកម្ម បង្ក​ហានិភ័យ​ខ្ពស់ ដល់​អាយុជីវិត​ពលរដ្ឋ។

កន្លង​ទៅ​អ្នកភូមិ​រស់នៅ​ឃុំ​ខ្នារពោធិ៍ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ៣​នាក់ រងគ្រោះ​ដោយសារ​កាំភ្លើង​ក្នុង​នោះ ២​នាក់ របួសធ្ងន់ និង​ម្នាក់​ទៀត​ស្លាប់ ដោយសារ​ប្រើ​ខុស​បច្ចេកទេស។

ស្នងការ​នគរបាល​ខេត្តសៀមរាប លោក តេង ច័ន្ទណាត បន្ថែម​ថា សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​មាន​កាំភ្លើង​ច្នៃ ត្រូវ​យក​កាំភ្លើង​ច្នៃ​ប្រគល់​ឱ្យ​សមត្ថកិច្ច​វិញ ដើម្បី​កម្ទេច​ចោល។

លោក​ថា បច្ចុប្បន្ន​នៅ​មាន​ពលរដ្ឋ​តិចតួច​ប្រើប្រាស់​កាំភ្លើង​ច្នៃ​ដើម្បី​បាញ់​សត្វ ហេតុនេះ​សមត្ថកិច្ច​បន្ត​តាមដាន និង​ស្រាវជ្រាវ។

លោក តេង ច័ន្ទណាត៖ «បើ​គាត់​ឆ្នៃ​កាំភ្លើង​គោលបំណង​បាញ់​សត្វ​អាហ្នឹង​ជា​ប្រពៃណី ប៉ុន្តែ​ក្រោយៗ​មក គាត់​ភ្លាត់​ប៉ះពាល់​ពលរដ្ឋ បាញ់​ប៉ះ​គ្នា​គាត់ និង​ប៉ះ​អ្នកដទៃ អ៊ីចឹង​ហើយ​ជា​គោលការណ៍​របស់​ខេត្ត​ផ្តល់​ព័ត៌មាន​ឱ្យ​ពលរដ្ឋ​និង​លើកទឹកចិត្ត​ប្រគល់​ឱ្យ​សមត្ថកិច្ច»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ថា ជន​ណាមួយ​ប្រើ​អាវុធ​កែច្នៃ​ធ្វើជា​មធ្យោបាយ​ប្រើប្រាស់ គឺជា​ទង្វើ​ខុសច្បាប់​ដែល​រដ្ឋាភិបាល​ត្រូវតែ​គ្រប់គ្រង និង​ទប់ស្កាត់ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។

លោក​យល់​ថា បញ្ហា​នេះ​ប្រសិនបើ​មិន​ទប់ស្កាត់​ច្បាស់លាស់​នោះ​ទេ នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរ និង​អសន្តិសុខ​សង្គម។

លោក ហេង គឹមហុង៖ «ការប្រើប្រាស់​កាំភ្លើង​ច្នៃ​វា​មិន​ត្រឹមតែ​បង្ក​ប៉ះពាល់​ពលរដ្ឋ ការ​បរបាញ់ និង​ប្រមាញ់​ខុសច្បាប់​នោះ​ទេ តែ​ពេលខ្លះ​វា​បង្ក​អសន្តិសុខ​សង្គម គួរ​មាន​វិធានការ​ទប់ស្កាត់​គ្រប់​ជ្រុងជ្រោយ​។ អាជ្ញាធរ​គួរ​តាមដាន និង​ណែនាំ​ពលរដ្ឋ ហើយ​អាជ្ញាធរ​ជាតិ​គួរតែ​តាមដាន ការ​លក់ និង​ជួញដូរ​តាម​អ៊ីនធឺណិត (Internet) មុខ​សញ្ញា​ត្រូវ​ហាមឃាត់»។

ខេត្ត​សៀមរាប​មាន​ប្រជាជន​ជាង ១​លាន​នាក់។ អាជ្ញាធរ​ខេត្ត​សៀមរាប​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ជាង ២​ពាន់​នាក់ (២.០០០) ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ជូន​ពលរដ្ឋ​ភ្ញៀវ​ទេសចរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles