ដោយ ហ៊ុំ ចំរើន
2024.02.17
RFA

ពាក្យស្លោកដែលក្រុមអង្គការសង្គមស៊ីវិលរៀបចំសម្រាប់កម្មវិធីជំរុញឱ្យរដ្ឋាភិបាលតាកតែងច្បាប់ គ្រប់គ្រងគ្រឿងស្រវឹង ដែលគ្រោងធ្វើនៅវត្តសំពៅមាស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ កុម្ភៈ ២០២៤។ រូប៖ ផ្តល់ដោយលោក យង់ គិមអេង
ក្រុមអង្គការសង្គមស៊ីវិលជិត ១០ស្ថាប័នគ្រោងស្នើឱ្យរដ្ឋាភិបាលពន្លឿនច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង។ ពួកគាត់អះអាងថា គ្មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងបាន ធ្វើឱ្យពលរដ្ឋមួយចំនួនរងគ្រោះដោយសារអ្នកបើកបរផឹកស្រវឹង បញ្ហាសីលធម៌សង្គមធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពជាដើម។
ក្រុមអង្គការសង្គមស៊ីវិលជិត ១០ស្ថាប័នគ្រោងរៀបចំពិធីបុណ្យក្រោមប្រធាន« សង្គហកម្មស្ដីពីអភិបាលលើអបាយគ្រឿងស្រវឹងនៅកម្ពុជា» នៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខក្នុងបរិវេណវត្តសំពៅមាស រាជធានីភ្នំពេញ ដោយមានពលរដ្ឋ ព្រះសង្ឃ និងយុវជនចូលរួមចំនួន ៣រយនាក់ (៣០០)។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែកុម្ភៈ ថា ការរៀបចំពិធីនេះ ក្នុងគោលបំណងផ្សារភ្ជាប់ព្រះធម៌ ទៅនឹងការផឹកគ្រឿងស្រវឹងដែលបង្កឱ្យមានបញ្ហាអសន្តិសុខសង្គម គ្រោះថ្នាក់ចរាចរណ៍ និងកុមារបោះបង់ចោលការសិក្សាដែលក្លាយជាបន្ទុកសង្គម។ លោកបន្តថា ពលរដ្ឋអាចចូលរួមបង្ហាញពីទុក្ខកង្វល់របស់ខ្លួនទៅកាន់រដ្ឋាភិបាលដើម្បីពន្លឿនការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលជាប់គាំងតាំងពីឆ្នាំ២០១៥។
លោក យង់ គិមអេង៖ «ទី១វាចំណេញត្រង់ណាវាចំណេញដល់យុវវ័យ ដល់ស្ត្រី ដែលស្ត្រីអាចចាកពីអំពើហិង្សា យុវវ័យនឹងមិនបោះបង់ការសិក្សា និងពន្លកនៅក្នុងគ្រឿងស្រវឹងនៅពេលដែលពួកគេមិនទាន់គ្រប់អាយុ ដែលច្បាប់កំណត់អនុញ្ញាតឱ្យប្រើប្រាស់គ្រឿងស្រវឹង ហើយក៏ជួយទៅដល់ការដោះស្រាយបញ្ហា ភាពឥតសណ្ដាប់ធ្នាប់នៅក្នុងសង្គមដូចជាការឈ្លោះប្រកែកវាយតប់គ្នានៅក្នុងសហគមន៍»។
ក្រៅពីយុវជន និងអ្នករងគ្រោះ ឡើងសម្ដែងមតិ អង្គការសង្គមស៊ីវិលក៏បានអញ្ជើញតំណាងមន្ត្រីរដ្ឋាភិបាលមកពីក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃឱ្យចូលរួមស្ដាប់ផងដែរ ប៉ុន្តែគិតមកទល់ពេលនេះតំណាងមន្ត្រីក្រសួងទាំងនោះនៅតែមិនទាន់ឆ្លើយតបនៅឡើយ។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះក៏គ្រោងចេញសេចក្ដីថ្លែងការណ៍រួមមួយ ពីផលប៉ះពាល់នៃការបើកឱ្យមានការផ្សព្វផ្សាយស្រាបៀរដោយសេរី ការផលិតស្រាបៀរ និងការផឹកគ្រឿងស្រវឹងដោយគ្មានការកំណត់ពីចំនួនឱ្យបានច្បាស់លាស់។

ពិធីនេះមានការចូលរួមពីអង្គការសមាគម ដូចជា សមាគមបណ្ដាញយុវជនកម្ពុជា (CYN) សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ព្រមទាំងអង្គការសមាគមមួយចំនួនទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ ខែកុម្ភៈ។
ជុំវិញបញ្ហានេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ គាំទ្រឱ្យរដ្ឋាភិបាលពន្លឿនអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងឱ្យកាន់តែឆាប់រហ័ស។ លោកបន្តថា ប្រទេសដែលពោរពេញទៅដោយយុវជនផឹកគ្រឿងស្រវឹងនឹងធ្វើឱ្យប្រទេសប្រឈមវិបត្តិសង្គម និងសីលធម៌សង្គមធ្លាក់ចុះ។
លោក អំ សំអាត៖ «ខ្ញុំយល់ថា យើងឃើញថា មួយរយៈចុងក្រោយនេះ បញ្ហាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ស្រវឹងផ្សេងៗវាដូចជាលើសលប់ខ្លាំងពេក ហើយយើងក៏មើលឃើញឥទ្ធិពលចេញពីស្រាបៀរហ្នឹងខ្លាំងដែល អ៊ីចឹងបានជាប្រទេសយើងប្រសិនបើមានច្បាប់ហ្នឹងកាន់តែឆាប់កាន់តែល្អកុំឱ្យវាមានការរីករាលដាលតទៅមុខទៀត»។
កន្លងទៅក្រសួងព័ត៌មាន និងក្រសួងសុខាភិបាល ធ្លាប់ចេញសេចក្ដីប្រកាសស្ដីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងដោយប្រឈមនឹងជំងឺជាច្រើនមុខ និងហាមមិនឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាម រយៈការផ្ដល់រង្វាន់ និងហាមយកស្ត្រី មកផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញអតិថិជនជាដើម។ ដោយឡែកអគ្គស្នងការនគរបាលជាតិគឺលោក ស ថេត បានដាក់ចេញយុទ្ធនាការត្រួតពិនិត្យអ្នកបើកបរដែលមានសារធាតុស្រវឹងនៅតាមដងផ្លូវដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរស្រវឹង។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការចេញសេចក្ដីប្រកាស និងដាក់ចេញនូវយុទ្ធនាការត្រួតពិនិត្យគ្រឿងស្រវឹង គឺគ្មានប្រសិទ្ធភាពអាចទប់ស្កាត់បញ្ហាដែលបង្កឡើង ដោយគ្រឿងស្រវឹងនេះបានទេ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងដែលសំដៅទៅលើការចែកចាយ ការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ដើម្បីធានាសុខុមាលភាពរបស់ពលរដ្ឋ និងការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។