ដោយ មាន ឫទ្ធិ
2024.02.19
RFA

សមាជិកស្នូលនៃបណ្ដាញព្រៃឡង់ ប្រចាំខេត្តស្ទឹងត្រែង លោក ខេង ខូ ផ្ដល់បទសម្ភាសន៍នៅក្នុងព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
សមាជិកស្នូលនៃបណ្ដាញព្រៃឡង់ ប្រចាំខេត្តស្ទឹងត្រែង លោក ខេង ខូ ប្ដេជ្ញាការពារធនធានធម្មជាតិ ទោះជាលោកត្រូវប្រឈមនឹងការគំរាមកំហែង ពីសំណាក់អាជ្ញាធរ និងជនល្មើស។
ដោយសារតែការមើលឃើញពីឧក្រិដ្ឋកម្មអារឈើ ក្រោមកណ្ដាប់ដៃ របស់អ្នកមានលុយមានអំណាច និងការស្អប់ខ្ពើមអំពើអយុត្តិធម៌ នៅក្នុងសង្គម ការណ៍នេះបានជំរុញទឹកចិត្តឱ្យ លោក ខេង ខូ ប្រើជីវិតចុងក្រោយរបស់លោកដើម្បី ការពារធនធានជាតិ និងផ្ដល់គំរូភាពសម្រាប់មនុស្សជំនាន់ក្រោយ។
តើ លោក ខេង ខូ មានប្រវត្តិបែបណា និងបានធ្វើកិច្ចការអ្វីខ្លះដើម្បីការពារព្រៃឈើ?
ការចូលរួមការពារព្រៃឈើនៅកម្ពុជា ត្រូវបានគេចាត់ទុកថា ជាបេសកកម្មមួយងាយគ្រោះថ្នាក់ដល់អាយុជីវិត ឬងាយប្រឈមនឹងបញ្ហាផ្លូវច្បាប់។ ទោះជាយ៉ាងនេះក្ដីមនុស្សមួយចំនួននៅតែស្ម័គ្រចិត្តហ៊ានយកជីវិតពួកគេទៅផ្សារ ភ្ជាប់នឹងបេសកកម្មដ៏គ្រោះថ្នាក់នេះ ដើម្បីការពារព្រៃឈើ ដែលកំពុងប្រឈមនឹងការកាប់បំផ្លាញ ពីសំណាក់ជនល្មើស។
អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ ប្រចាំខេត្តស្ទឹងត្រែង លោក ខេង ខូ បានលះបង់កម្លាំងកាយ កម្លាំងចិត្ត អស់រយៈពេលជាងមួយទសវត្សរ៍ ក្នុងការចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា ដោយស្ម័គ្រចិត្ត ព្រោះលោកស្អប់ខ្ពើមអំពើពុករលួយ ការរំលោភបំពានរបស់អ្នកមានលុយមានអំណាច មកលើពលរដ្ឋស្លូតត្រង់ ជាពិសេសធនធានធម្មជាតិ។
មានដើមកំណើត ជាជនជាតិដើមភាគតិចកួយ លោក ខេង ខូ បានសម្រេចចូលរួមការពារព្រៃឡង់ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។ លោកមើលឃើញថា ព្រៃឈើនៅទូទាំងប្រទេសកម្ពុជា បានបន្តហិនហោចកាន់តែខ្លាំង ចំណែកអ្នកការពារ បែរជារងអំពើអយុត្តិធម៌ អ្នកខ្លះបាត់បង់ជីវិត និងអ្នកខ្លះទៀតជាប់ពន្ធនាគារ ឬរងពាក្យបណ្ដឹងនៅតុលាការជាដើម។
ទោះជាបែបនេះ បញ្ហាទាំងនេះ ពុំអាចជា រនាំងហាមឃាត់បុរសវ័យ ៥១ឆ្នាំរូបនេះ ឱ្យភ័យខ្លាច ឬ បញ្ឈប់ឆន្ទៈ ការពារព្រៃឈើឡើយ។ ផ្ទុយទៅវិញ ការណ៍នេះកាន់តែជំរុញឱ្យលោក ខេង ខូ ប្រឹងប្រែងជាបន្ត។ លោកបានត្រៀមខ្លួនរួចហើយថា ប្រសិនជាថ្ងៃណាមួយលោកប្រឈមជាប់ពន្ធនាគារ ឬក៏ស្លាប់ ក្នុងបេសកកម្មដ៏ធំមួយនេះ ក៏លោកមិនស្ដាយក្រោយ ព្រោះថា អ្វីដែលលោក កំពុងធ្វើស្របទៅតាមរដ្ឋធម្មនុញ្ញ និងប្រយោជន៍ជាតិជាធំ។
លោក ខេង ខូ៖ «ទឹកចិត្តរបស់ខ្ញុំដែលខ្ញុំស្រឡាញ់ធនធានធម្មជាតិ មិនចង់ឱ្យមានការបាត់បង់ ព្រៃឈើនៅប្រទេសខ្មែរយើង។ ចង់ឱ្យនៅគង់វង្ស ព្រោះពេលមុនយើងធ្លាប់បាត់បង់ខ្លះ តែសល់ប៉ុណ្ណា គឺយើងត្រូវការពារវាឱ្យទៅមុខទៅទៀត ដើម្បីឱ្យវាសល់។ បើវាសេសសល់ហើយ យើងមិនជួយចូលរួមការពារ នឹងកាន់តែបាត់បង់ថែមទៅទៀត។ អ៊ីចឹងបានជាទឹកចិត្តខ្ញុំចង់ចូលរួមការពារ»។
មានសម្បុរខ្មៅស្រអែម លោក ខេង ខូ តែងតែចុះល្បាតព្រៃ ជាមួយសមាជិកព្រៃឡង់ ២ ទៅ៣ លើកក្នុង ១ខែ។ ពេលចុះល្បាតម្ដងៗ ក្រុមលោកតែងតែចេញរបាយការណ៍រកឃើញបទល្មើសអារឈើ និងឃាត់ខ្លួនជនល្មើសជាញឹកញាប់។ ចំណែកអាជ្ញាធរពុំដែលសប្បាយចិត្តនោះទេ ហើយចោទពួកលោកថា ជាក្រុមប្រឆាំង និងជាក្រុមក្រៅច្បាប់ជាដើម។
អំឡុងពេលចុះល្បាតរាល់លើក ពួកលោកប្រឈម នឹងការគំរាមកំហែង ដល់អាយុជីវិត និងពេលខ្លះទៀត ប៉ះពាល់ពាក្យសម្ដីគ្នា រហូតប្រើអំពើហិង្សា រវាងជនល្មើស និងសមាជិកបណ្ដាញព្រៃឡង់។ ជនល្មើសភាគច្រើនមានកាំភ្លើងកែច្នៃ ដើម្បីគំរាមបាញ់ពួកលោក ប្រសិនបើ ពួកលោក ហ៊ាន ដកហូត សម្ភារៈ របស់ជនល្មើស ដូចជា គោយន្ត និងរណារអារឈើជាដើម។
លោក ខេង ខូ៖ «បទល្មើសវាតែងតែមានការគំរាមកំហែង ដូចជាវាមានកាំភ្លើងកែច្នៃ នៅក្នុងតំបន់ព្រៃឡង់ច្រើន។ យើងមានការគិតគូរច្រើនលើរឿងហានិភ័យ។ ពេលយើងចុះល្បាត សម្រាកពេលយប់ ព្រលប់ យើង តែងតែឮសំឡេងស្នូរកាំភ្លើងបាញ់ ពេលនោះហើយដែលយើងព្រួយបារម្ភ»។
មានស្រុកកំណើតនៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ លោក ខេង ខូ មានប្រពន្ធដែលជាជនជាតិភាគតិចកាត់ឡាវ និងមានកូនចំនួន ៣នាក់ ក្នុងនោះគេពីរនាក់ មានគ្រួសារម្នាក់ទៀតកំពុងសិក្សាថ្នាក់ទី១២។ ចំណែក ឪពុក និងម្ដាយរបស់លោកបានស្លាប់ កាលឆ្នាំ២០០៨ និងឆ្នាំ២០២៣ ដោយជំងឺចាស់ជរា។ ក្រៅពីកិច្ចការពារព្រៃឈើ លោក ខេង ខូ មានដីស្រែចម្ការតិចតូច សម្រាប់ ដាំដំឡូង ស្វាយចន្ទី និងចិញ្ចឹមគោ លក់ដោះស្រាយជីវភាព។

ប្រពន្ធលោក ខេង ខូ លោកស្រី លាង ឡុង លើកឡើងថា ពេលខ្លះលោកស្រីបារម្ភពីសុវត្ថិភាពប្ដី នៅពេលដែលចុះល្បាតព្រៃម្ដងៗ ហើយតែងតែអន់ចិត្តនៅពេលឮអ្នកដទៃប្រមាថមើលងាយ ដោយប្រយោលមកលើប្ដី។ ប៉ុន្តែ លោកស្រីពុំដែលហាមឃាត់ប្ដីឱ្យបោះបង់សកម្មភាពការពារធនធានធម្មជាតិម្ដងណាឡើយ គឺមានតែលើកទឹកចិត្ត។ លោកស្រីរំភើបចិត្ត និងមានមោទនភាពនៅពេលដែលប្ដីបានចូលរួមយ៉ាងសកម្ម ដើម្បីការពារព្រៃឈើ ដែលជាសម្បត្តិរួម ហើយកន្លងទៅលោកស្រីក៏បានចូលរួមល្បាតព្រៃ ជាមួយប្ដីច្រើនដងផងដែរ។
លោកស្រី លាង ឡុង៖ «បារម្ភដែរ ប៉ុន្តែធ្វើម៉េចបើតម្រូវការ យើងស្រឡាញ់ធនធានធម្មជាតិ យើងចេះតែដើរការពារទៅ ។ មិនថាគាត់ ឬខ្ញុំទេ យើងតែងតែស្រឡាញ់ធនធានធម្មជាតិដូចគ្នា ហើយចង់ចុះល្បាតព្រៃដូចគ្នា។ បារម្ភចេះតែបារម្ភ តែចង់ធ្វើ»។
ទោះរៀនសូត្របានត្រឹមថ្នាក់ទី៧ក្ដី លោក ខេង ខូ អាចសរសេរ និងអានអក្សរខ្មែរបានយ៉ាងល្អ។ លោកមានចរិតស្លូតបូត ចូលចិត្តនិយាយកំប្លែង។ ជារៀងរាល់ឆ្នាំមានយុវជនមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗចុះកម្មសិក្សាស្នាក់នៅផ្ទះរបស់លោក ហើយពួកគេចូលចិត្ត ស្ដាប់លោក ចែករំលែកចំណេះដឹង និងបទពិសោធន៍ ។ នៅពេលនិយាយភាគច្រើន លោកតែងតែលើកយកមាត្រាច្បាប់ ដោយសារតែលោកមានចំណេះដឹងសមល្មមពាក់ព័ន្ធសិទ្ធិពលរដ្ឋ និងច្បាប់ការពារធនធានធម្មជាតិ។
ទាក់ទិនរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ដែលតែងតែធ្វើការងារ និងចុះល្បាតព្រៃជាមួយ លោក ខេង ខូ ប្រាប់វិទ្យុអាស៊ីសេរីថា លោក ខេង ខូ គឺជាមនុស្សពូកែដឹកនាំសមាជិកក្រុមប្រចាំខេត្តស្ទឹងត្រែង ហើយមានបទពិសោធន៍ច្រើន។ ជាក់ស្ដែង រយៈពេល ៣ ទៅ៤ឆ្នាំ ចុងក្រោយនេះ លោកបានចូលរួមដាក់ពាក្យបណ្ដឹងប្រឆាំងនឹងបទល្មើសអារឈើ និងការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ជាញឹកញាប់ដែលធ្វើឱ្យអាជ្ញាធរមូលដ្ឋាន ហាក់ខ្លាចរអា ហើយមន្ត្រីទាំងនោះ ពុំសូវហ៊ានប្រព្រឹត្តអំពើពុករលួយ ជាមួយជនល្មើសដូចមុនៗ ទៀតនោះឡើយ។
លោក អូត ឡាទីន៖ «ខ្ញុំចាត់ទុកគាត់គឺជាធនធានមនុស្ស កម្រិតសហគមន៍មួយដែលមិនងាយរកបានទេ ហើយមិនត្រឹមតែជាបង្គោល ជាជំហរក្នុងការបណ្ដុះបណ្ដាល យុវជន និងសមាជិកបណ្ដាញ ព្រៃឡង់ទេ គាត់ក៏ជាមនុស្សដែលទទួលបានការបណ្ដុះបណ្ដាល រហូតក្លាយជាមនុស្សម្នាក់មានភាពក្លាហាន ចេះវែកញែករឿងច្បាប់ ឬសិទ្ធិរស់រៀនរបស់គាត់។ ជាពិសេសសិទ្ធិក្នុងការទាមទារ រកយុត្តិធម៌ឱ្យធនធានធម្មជាតិ ដូចជាព្រៃឡង់»។
សម្រាប់លោក ខេង ខូ លោកមានក្ដីស្រមៃចង់ឃើញកម្ពុជាបញ្ឈប់ការអារឈើ និងការកាប់ទន្ទ្រានដីព្រៃអភិរក្ស ទូទាំងប្រទេស និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ បើកសិទ្ធិសេរីភាព ដល់សមាជិកបណ្ដាញព្រៃឡង់ ទាំង៤ខេត្ត រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីសង្គមស៊ីវិល យុវជន អាចចុះល្បាត ការពារព្រៃឈើ ដោយសេរីឡើងវិញ។ លោកថា ការចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ ពីភាគីពាក់ព័ន្ធ ពិតជារួមចំណែកសំខាន់ ក្នុងការទប់ស្កាត់ បទល្មើសអារឈើ ការកាប់ទន្ទ្រានដីព្រៃ និងបទល្មើសបរបាញ់សត្វខុសច្បាប់ ប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។