ដោយ ម៉ៅ សុធានី
2024.02.28
RFA

អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា និងលោក អាប់ឌុល រ៉ាស៊ីដ ហ្គាហ្វ័រ (Abdul Rasheed Ghaffour) ទេសាភិបាលធនាគារជាតិ នៃម៉ាឡេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងងអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
រដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី (Malaysia) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីការទូទាត់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ទំនិញឆ្លងដែន និងវិស័យទេសចរណ៍។ ធនាគារជាតិកម្ពុជា និងម៉ាឡេស៊ី នឹងធ្វើការរួមគ្នាផ្នែកហិរញ្ញវត្ថុ ដោយបង្កើតប្រព័ន្ធទូទាត់ QR កូដឆ្លងដែន ដើម្បីអាចប្រើប្រាស់លុយរៀលកម្ពុជា និងលុយរីងហ្គីតរបស់ម៉ាឡេស៊ី។
ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងរវាងទេសាភិបាលធនាគារជាតិ នៃកម្ពុជា អ្នកស្រី ជា សិរី ជាមួយទេសាភិបាលធនាគារជាតិ នៃម៉ាឡេស៊ី លោក អាប់ឌុល រ៉ាស៊ីដ ហ្គាហ្វ័រ (Abdul Rasheed Ghaffour) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូកម្ពុជា ដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសម៉ាឡេស៊ី។
អ្នកស្រី ជា សិរី គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងការដាក់បញ្ចូលហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ស្របតាមគោលបំណងរបស់សមាគមអាស៊ាន ព្រមទាំងពង្រឹងវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។
តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ឈ្មួញប្រមាណ៥លាននាក់ ក្នុងនោះរួមមាន អាជីវកម្មខ្នាតតូច និងវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់ទំនិញឆ្លងដែន ដោយប្រើរូបិយប័ណ្ណក្នុងស្រុក។ ក្នុងដំណើរទស្សនកិច្ចនេះដែរ កម្ពុជា និងម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា ២ផ្សេងទៀត លើវិស័យសហប្រតិបត្តិការពាណិជ្ជកម្ម។
កម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅលើវិស័យជាច្រើន រួមមានសន្តិសុខ និងការពារជាតិ ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល ហិរញ្ញវត្ថុ និងសន្តិសុខថាមពល ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។