ដោយ ម៉ៅ សុធានី
2024.02.29
RFA

ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង (Daniel Kritenbrink) (ឆ្វេង) និងលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ កុម្ភៈ ២០២៤។ រូប៖ គេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជា
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង (Daniel Kritenbrink) និងឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក យេត រ័យ យ៉ាល់ (Jed Royal) បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ និងដោះស្រាយបញ្ហាដែលជាកង្វល់រួម។
ក្នុងជំនួបកាលពីថ្ងៃទី២៦ កុម្ភៈ ប៉ុន្តែស្ថានទូតអាមេរិកទើបប្រកាសថ្ងៃ២៨ ខែកុម្ភៈ បញ្ជាក់ថា ភាគីទាំងពីរ ក៏បានជជែកពីការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងប្រទេសកូរ៉េខាងជើង ការថ្កោលទោសការឈ្លានពានរបស់ប្រទេសរុស្សី ទៅលើប្រទេសអ៊ុយក្រែន ការពិនិត្យទៅលើវិស័យនានា ដូចជាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបង្កើតលទ្ធភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម។
ដោយឡែកក្នុងកិច្ចប្រជុំរវាងឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Jed Royal ជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តសេនីយ៍ វង្ស ពិសេន ក៏ផ្ដោតសំខាន់ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ លើបញ្ហាប្រឈមក្នុងតំបន់ និងសារសំខាន់នៃការធានាបាន លើកិច្ចការពារអធិបតេយ្យភាពនៃប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិក ទទួលស្គាល់ថា មានបញ្ហាប្រឈមនៃទំនាក់ទំនងផ្នែកការពារជាតិរវាងប្រទេសទាំងពីរ ប៉ុន្តែសហរដ្ឋអាមេរិកបញ្ជាក់ជាថ្មី នូវការចាប់អារម្មណ៍ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគោលដៅដែលជាប្រយោជន៍រួម។
លោកឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានស្នើសុំបន្តកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឡើងវិញ រួមមានកាត់បន្ថយបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការដោះមីនមនុស្សធម៌ និងការចូលរួមបន្ថែមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍និងវគ្គហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលសិក្សាផ្នែកសន្តិសុខ Daniel K. Inouye សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ជាដើម។
រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ឆ្លើយតប ចំពោះការស្នើសុំបន្តកិច្ចសហប្រតិបត្តិការយោធាឡើងវិញ របស់សហរដ្ឋអាមេរិក នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។