ដោយ សុជីវី
2024.02.29
RFA

បណ្តាញសហគមន៌ព្រៃទាំង៤ខេត្តមាន កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បានរួបរួមគ្នាដើម្បីប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ នៅសហគមន៍ព្រៃឈើក្បាលខ្លា ស្ថិតក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកបណ្ដាញយុវជនកម្ពុជា
ប្រជាសហគមន៍ការពារព្រៃឡង់អះអាងថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានមានចេតនាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញបន្តកាប់ទន្ទ្រានព្រៃឡង់ក្នុងខេត្តស្ទឹងត្រែងដែលជនជាតិដើមភាគតិចអាស្រ័យផល។
ពួកគាត់មើលឃើញថា ការប្ដេជ្ញាចិត្តរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថា នឹងបង្ក្រាបបទល្មើស ១០០ភាគរយ គឺជាពាក្យភូតភរពលរដ្ឋ។
ប្រជាសហគមន៍ខេត្តស្ទឹងត្រែងអះអាងថា អាជ្ញាធរខេត្តនៅមិនទាន់មានវិធានការច្បាប់ និងផ្ដន្ទាទោសជនល្មើស ដែលជាឈ្មួញមានលុយមានអំណាច អ្នកពាក់ព័ន្ធ ដែលកាប់ទន្ទ្រានដីព្រៃឡង់ឱ្យក្លាយជាវាលជាច្រើនពាន់ហិកតារ ដែលធ្វើឱ្យកាប់ទន្ទ្រានព្រៃអភិរក្សមួយនេះនៅតែកើតមានដដែលៗ។
ប្រជាសហគមន៍ការពារព្រៃឡង់ លោក អ៊ុក ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ កុម្ភៈ ថា ក្រុមកម្មករ ១៣នាក់ កំពុងមមាញឹកអារផ្តួលដើមឈើតូចធំរួចដុតកម្ទេចចោល ដើម្បីទន្ទ្រានយកដីធ្វើកម្មសិទ្ធិក្នុងតំបន់ព្រៃឡង់ នៅចំណុចភូមិស្ពង់ជាប់ព្រំប្រទល់ភូមិផ្អាវ ក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។
លោកបន្ថែមថា ក្រុមកម្មករដែលជាអ្នកស៊ីឈ្នួលអារឈើឱ្យអ្នកមានលុយមានអំណាច បានប្រើរណាយន្តស្ទើរគ្រប់ដៃជាមធ្យោបាយអារឈើ ហើយពួកលោកនៅមិនទាន់រកឃើញអត្តសញ្ញាណអ្នកនៅពីក្រោយខ្នងជនប្រព្រឹត្តទាំងនេះនៅឡើយទេ។
លោក អ៊ុក ម៉ៅ៖ «ខ្ញុំសោកស្តាយណាស់មន្ត្រីបរិស្ថានសព្វថ្ងៃនេះ គាត់ស៊ីប្រាក់ខែរាស្ត្រ ការពារព្រៃឈើយូរៗ ឈើកាន់តែអស់ ខ្ញុំលែងជឿហើយ។ បង្កើតមន្ត្រីបរិស្ថានច្រើន ព្រៃឈើកាន់តែអស់ទៅ មានតែប្រជាសហគមន៍ខ្ញុំទេដែលអាចទប់ស្កាត់បាន។ អ្នកការពារព្រៃឈើបាន ឡើងតុលាការ គេគំរាមកំហែងដូចរូបខ្ញុំ គ្រាន់តែការពារព្រៃ និយាយរឿងព្រៃមិនបាន ធ្វើទុក្ខបុកម្នេញរហូត»។
កាលពីថ្ងៃទី ២៤ កុម្ភៈ សកម្មជនការពារព្រៃឡង់ ៤នាក់ បានចុះល្បាតព្រៃឡង់ប្រទះឃើញដើមឈើធំៗ ត្រូវគេកាប់ផ្តួលក្លាយជាល្វឹងល្វើយ ក្នុងចំណុចភូមិស្ពង់ជាប់ព្រំទល់ភូមិផ្អាវ ក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ ប្រជាសហគមន៍ថា សកម្មភាពកាប់ទន្ទ្រានព្រៃអភិរក្សនេះនៅចំពោះមុខឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើង ការពារព្រៃនៅតំបន់នោះ ព្រោះតំបន់នោះ មន្ត្រីបរិស្ថានតែងតែជិះម៉ូតូឆ្លងកាត់ ដើម្បីចុះល្បាតព្រៃឡង់។
លោក អ៊ុក ម៉ៅ បន្ថែមថា សកម្មភាពកាប់ទន្ទ្រានព្រៃអភិរក្សនេះអស់ជាង ១០ហិកតារទៀត នៅរយៈពេលជាង ៣សប្តាហ៍ចុងក្រោយនេះ ស្របពេលដែលមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះមិនអើពើអនុវត្តច្បាប់។ លោកថា កន្លងទៅតំបន់នោះជាកន្លែងដែលជនជាតិដើមភាគតិចកួយ ដងជ័រទឹក រកឃ្មុំ បោចវល្លិ និងជាជម្រកសត្វព្រៃកំពុងក្លាយជាវាលរហោឋានជាបន្តបន្ទាប់ ជំនួសមកវិញដីចម្ការជាកម្មសិទ្ធិឯកជន។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ដើម្បីសុំការបំភ្លឺរឿងនេះ បាននៅឡើយទេ នៅថ្ងៃទី២៨ កុម្ភៈ។
ក៏ប៉ុន្តែអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា អភិបាលខេត្តបានលើកទឹកចិត្តឱ្យប្រជាសហគមន៍រាយការណ៍បទល្មើសព្រៃឈើ មកអាជ្ញាធរជំនាញដើម្បីអន្តរាគមន៍វិធានការច្បាប់ភ្លាមៗ។
លោកថា ប្រសិនបើរកឃើញថា មន្ត្រីជំនាញ និងអាជ្ញាធរណាមានពាក់ព័ន្ធបទល្មើសព្រៃឈើអាជ្ញាធរខេត្តនឹងមានវិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀត។
លោក ម៉ែន គុង៖ «រដ្ឋបាលខេត្ត មិនទាន់បានរកឃើញទឡ្ហីករណ៍ណាមួយដែលបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ ឬមន្ត្រីអនុវត្តភារកិច្ចរបស់ខ្លួនក្នុងមូលដ្ឋាននោះ មានការបណ្តែតបណ្តោយ ឬធ្វេសប្រហែសផ្តល់ឱកាស ឱ្យមានបទល្មើសក្នុងមូលដ្ឋាននោះទេ។ បើរកឃើញថា ពិតជាមានការបណ្តែតបណ្តោយ វិធានការរដ្ឋបាល និងវិធានការផ្សេងៗ ពិតជាមានចំពោះករណីទាំងអស់នេះ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា សកម្មភាពទន្ទ្រានព្រៃឡង់គឺជាបញ្ហាចម្រូងចម្រាសដែលរដ្ឋាភិបាលពិបាកនឹងដោះស្រាយ ដោយសារករណីកាប់ទន្ទ្រានចាស់ៗកន្លងទៅមិនទាន់ដោះស្រាយរួចរាល់ ស្រាប់តែករណីកាប់ទន្ទ្រានថ្មីៗ នៅតែកើតមានច្រើនទៀត។
លោក អូត ឡាទីន៖ «ចំណាត់ការរបស់មន្ត្រីបរិស្ថាន មានភាពរង្វើលមែនទែន ដែលគាត់មិនដោះស្រាយបញ្ហាហ្នឹងរហូតមក ធ្វើឱ្យបញ្ហានឹងអត់បានបញ្ឈប់ទេ។ ពីមួយឆ្នាំទៅមួយឆ្នាំអត់បានបញ្ឈប់ទេ ការកាប់ទន្ទ្រានព្រៃឡង់ ស្របពេលដែលមន្ត្រីគាត់បានពង្រាយ ក្នុងព្រៃឡង់រួចហើយ»។
ប្រជាសហគមន៍បារម្ភថា ទំហំព្រៃឡង់កាន់តែរួមតូចជារៀងរាល់ថ្ងៃ ដោយសារការកាប់ឈើខុសច្បាប់ សកម្មភាពឈូសឆាយ និងកាប់ទន្ទ្រានព្រៃ បើទោះបីជាក្រសួងបរិស្ថានបានពង្រាយមន្ត្រីអភិរក្សការពារតំបន់នោះក្តី ក៏គ្មានប្រសិទ្ធភាពដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។