មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​សម្រួល​នីតិ​វិធី​មួយ​ចំនួន ជុំវិញ​ការ​ធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល

ដោយ ជីវិតា
2024.03.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ​សម្រួល​នីតិវិធី​មួយចំនួន ជុំវិញ​ការ​ធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា។ រូប៖ ហ្វេសប៊ុកលោក ស សុខា


មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ដូចៗ​គ្នា​ថា ក្រសួង​មហាផ្ទៃ​គួរ​សម្រួល​នីតិវិធី​មួយ​ចំនួន ក្នុង​ដំណើរការ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល ខណៈ​ក្រសួង​មហាផ្ទៃ​បន្ត​អះអាង​ថា ការ​ធ្វើ​ជំរឿន​នេះ នឹង​មិន​ប៉ះពាល់​ដំណើរ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ឡើយ។

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​អះ​អាង​ថា នីតិវិធី​ធ្វើ​ជំរឿន​របស់​ក្រសួង​មហាផ្ទៃ​មួយចំនួន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរ​ការងារ​របស់​អង្គការ​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប៉ះពាល់​ដល់​ឯកជន​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ថែម​ទៀត​ផង។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែមីនា ថា ដោយសារ​ការ​ធ្វើ​ជំរឿន​របស់​ក្រសួង​មហាផ្ទៃ មិនបាន​ជូនដំណឹង​ជាមុន ដូច្នេះ​កន្លងមក​វត្តមាន​មន្ត្រី​ធ្វើ​ជំរឿន​នៅ​ការិយាល័យ​អង្គការ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​បុគ្គលិក​អង្គការ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​អង្គការ​សង់ត្រាល់ កំពុង​ផ្ដល់​ការ​ប្រឹក្សា​យោបល់​។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ​មិន​គួរ​ទាមទារ​ឯកសារ​កិច្ចសន្យា​ការងារ​របស់​បុគ្គលិក​អង្គការ​នោះ​ឡើយ ដោយ​លោក​ចាត់ទុក​ការ​ទាមទារ​កិច្ចសន្យាការងារ​នេះ គឺជា​ការរំលោភ​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល។

លោក មឿន តុលា៖ «ខ្ញុំ​ថា​បើសិនជា​អត់​មានអី​ចាំបាច់​ទេ ដូចជា​មិន​ចាំបាច់​ទៅ​ធ្វើ​ជំរឿន​អី​ទេ ព្រោះ​សួរ​ជំរឿន​មិន​ដឹង​ថា​ដើម្បី​អី បើសិនជា អិន​.​ជី​.​អូ (NGOs) ណា អត់​មាន​សកម្មភាព​អី NGOs ណា​អត់​មាន​របាយការណ៍ មានន័យថា អ្នក​ហ្នឹង​ទំនងជា​គាត់​អត់​មាន​ប្រតិបត្តិការ​អី ទី​១ ទី​២ បើសិនជា​ទាក់ទង​នឹង​ប្រតិបត្តិ​ការ​ចំណាយ​អី គឺ​គេ​បាន​ដាក់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​និង​មាន​មួយ​កូពី​ទៅ​ឱ្យ​ក្រសួងមហាផ្ទៃ​ដែរ»។

ឆ្លើយតប​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ លើកឡើង​ថា ការ​ធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​តែប៉ុណ្ណោះ​។ លោក​អះអាង​ថា ការ​ធ្វើ​ជំរឿន​ក៏​មិនបាន​ប៉ះពាល់​ដល់​ឯកជន​ភាព ឬ​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​ស្ថាប័ន​ដែល​ក្រសួង​ធ្វើ​ជំរឿន​នោះ​ឡើយ។

លោក ទូច សុឃៈ៖ «យើង​មាន​កម្រង​សំណួរ ជា​លាយលក្ខណ៍អក្សរ​ត្រឹមត្រូវ ប៉ុន្មាន​ជា​ពីរ​ទំព័រ ហើយ​មាន​ប្រអប់​នៃ​ការ​គូស​ព័ត៌មាន​ទាំងអស់​នោះ គឺ​មិន​មានការ​សួរ​សំណួរ​ផ្សេងៗ​ដែល​ក្រៅពី​ប្រអប់​ដែល​បាន​កំណត់ ឬក៏​បញ្ជី​សំណួរ ឬក៏​កម្រង​សំណួរ​នោះ​ឡើយ ដូច្នេះ​សុំ​មេត្តា​កុំ​បារម្ភ​អំពី​ការដែល​មន្ត្រី​ជំរឿន​ប៉ះពាល់​ដល់​អង្គការ​សមាគម»។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អង្គការ​អន្តរជាតិ​មួយចំនួន​លើកឡើង​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មិន​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​បំពេញការងារ​នោះ​ឡើយ​។ ជាក់ស្ដែង អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្កើត​ច្បាប់​នានា​ដែល​ប៉ះពាល់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងឡាយ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​។ លោក​មើល​ឃើញ​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​ការ​ដើរ​ប្រាសចាក​គន្លង​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ ហើយក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ​ផ្នែក​សិទ្ធិមនុស្ស​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថែមទៀត​ផង​ដែរ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ឱ្យ​ដឹង​ដែរ​ថា ដោយសារតែ​អង្គការ សមាគម តែង​ដាក់​របាយការណ៍​ទៅកាន់​ក្រសួង​ជា​រៀងរាល់​ឆ្នាំ ដូច្នេះ​ដើម្បី​ភាព​ងាយស្រួល ក្រសួង​មហាផ្ទៃ​មិន​គួរ​ធ្វើ​ជំរឿន​តាមរយៈ​ការ​ចុះ​សម្ភាសន៍​ដោយ​ផ្ទាល់​នោះ​ឡើយ​។ លោក​បន្ត​ថា តាមរយៈ​ការ​ធ្វើ​ជំរឿន ក្រសួង​មហាផ្ទៃ​ក៏​គួរតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កាន់តែ​បើក​ចិត្ត​ទូលាយ ចាត់ទុក​ការងារ​អង្គការ សមាគម គឺជា​ការ​រួម​ចំណែក​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​ផង​ដែរ។

លោក សន ជ័យ៖ «យើង​យល់ថា លំហ​ប្រជាពលរដ្ឋ​នេះ​ជា​រឿង​សំខាន់ ដែល​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​គេ​ត្រូវ​ការ សុំ​ឱ្យ​មាន​អ៊ីចឹង​គេច​មិន​រួច​ពី​កិច្ចសហការ​ដោះស្រាយ​បញ្ហា​រួម ព្រោះ​NGOs ហើយ​និង​សមាគម​ក៏​ជា​តួអង្គ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ដែរ»។

ខណៈ​ក្រសួងមហាផ្ទៃ​លើកឡើង​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មាន​ជិត​៦​ពាន់​ស្ថាប័ន​ក្ដី ក៏​អង្គការ សមាគម​ដែល​ធ្វើការ​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ មាន​មិន​ដល់​១​រយ​ស្ថាប័ន​នោះ​ទេ ហើយ​អង្គការ​ធ្វើការ​ការពារ​សិទ្ធិមនុស្ស​ទាំងនោះ តែង​រង​ការចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ថា មាន​ចេតនា​ទុច្ចរិត​។ ជាក់ស្ដែង រដ្ឋបាល​ខេត្ត​ព្រះវិហារ​កាល​ពី​ពេល​ថ្មីៗ បាន​ចោទប្រកាន់​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​ទំនង​សំដៅ​ដល់​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​បាន​ចុះ​ស្វែងយល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ រត់គេច​ពី​ការ​តាម​ចាប់ខ្លួន​ថា ជា​ការ​ឆក់​ឱកាស​កេង​ចំណេញ​នយោបាយ។

ក្រសួង​មហាផ្ទៃ​បាន​ចាប់​ធ្វើ​ជំរឿន សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ទាំងអស់ ចាប់​ពី​ថ្ងៃទី​២៥ ខែមីនា រហូត​ដល់​ថ្ងៃទី​៣០ ខែ​មេសា ខាងមុខ៕

What Next?

Recent Articles