ដោយ សុជីវី
2024.04.12
RFA
កម្មកររោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ។AP
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញរបាយការណ៍ថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ កម្ពុជាបានទទួលលំហូរទុនវិនិយោគជាទឹកប្រាក់ប្រមាណជាង ១ពាន់ ៣រយលានដុល្លារ។ លំហូរវិនិយោគនេះ មានការកើនឡើងជាង ៥ដង បើប្រៀបធៀប និងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ។
ក៏ប៉ុន្តែ អ្នកតាមដានការអភិវឌ្ឍសង្គម បែរជាមើលឃើញផ្ទុយទៅវិញថា បើទោះបីជាលំហូរវិនិយោគទុនដែលមានទឹកប្រាក់ច្រើនដូចនេះក្តី ក៏វាមិនបានជួយលើកស្ទួយជីវភាពកម្មករនិងប្រជាពលរដ្ឋខ្មែរឱ្យប្រសើរទេ។
អ្នកនយោបាយ និងអ្នកតាមដានការអភិវឌ្ឍន៍សង្គមបានរិះគន់ថា បច្ចុប្បន្ននេះបើទោះបីជា រដ្ឋាភិបាលខំប្រឹងបង្ហាញចំនួនអ្នកវិនិយោគទុនកើនឡើង ក៏ដោយ ក៏ភាពពិតនៃលំហូរវិនិយោគទុនទាំងនោះ មិនបានជួយលើកស្ទួយជីវភាពកម្មករនិងប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែរស់ក្នុងភាពលំបាកនោះទេ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលសៀមរាប លោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ ខែមេសា ថា បើទោះបីជារដ្ឋាភិបាលដែលកំពុងដឹកនាំ ដោយលោក ហ៊ុន ម៉ាណែត ខំប្រឹងបង្ហាញពីមោទនភាពនៃលំហូរវិនិយោគទុនកើនឡើងក្តី ក៏លោកមើលឃើញថា វាមិនអាចបង្កើតការងារច្រើន ជូនប្រជាពលរដ្ឋ និងជួយលើកកំពស់ជីវភាពកម្មករ ដែលកំពុងតែខ្វះខាតឱ្យប្រសើរឡើយ។
លោក អ៊ុំ សំអាន មិនជឿថា អ្នកវិនិយោគទុននៅកម្ពុជា កើនឡើងដូចរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងនោះទេ ពីព្រោះតែសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ដែលជាប្រទេសនាំចេញទំនិញពីកម្ពុជាច្រើនជាងគេ បានកាត់ផ្ដាច់ភាពអនុគ្រោះពន្ធនាំចូល ចាប់តាំងពីកម្ពុជាបានសម្លាប់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សរយៈពេល ៥-៦ឆ្នាំមកហើយនោះ។
លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាលប្រកាសថា អ្នកវិនិយោគទុន កំពុងចូលមកច្រើន ក៏ប៉ុន្តែជាក់ស្ដែងរោងចក្រ កំពុងតែបិទជាបណ្ដើរៗហើយ ។ កម្មករកំពុងតែអត់ការងារធ្វើ ហើយកំពុងចំណាកស្រុកទៅធ្វើខ្ញុំគេហៅប្រទេសថៃ ។ តាមរោងចក្រមានការព្យួរការងារក៏ច្រើន ហើយការលក់ដូរក៏មិនដាច់ ធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះ ដោយសារតែអត់ការងារធ្វើ អត់មានភ្ញៀវទេសចរ ធ្វើឱ្យពលរដ្ឋជួបទុក្ខលំបាក។ ប្រជាពលរដ្ឋមួយចំនួន ត្រូវថៅកែបូរី រឹបអូសផ្ទះ វិញ ដោយសារមិនមានលុយបង់រំលោះតទៅទៀត»។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ដាប់បែលយូ អែនឌី (W&D) លោក សឿង ប្រុស បានត្អូញត្អែរថា បច្ចុប្បន្ននេះ រូបលោកនិងកម្មករជាច្រើនទៀត នៅតាមរោងចក្រនានា មានជីវភាពមិនប្រសើរទេ ដោយសារតែរោងចក្រជាច្រើន បានបិទទ្វារ រោងចក្រខ្លះទៀត មានការងារតិចតួចនិងរោងចក្រមួយចំនួនបានព្យួរការងារកម្មករទៅហើយ។
ចំណែកប្រាក់ខែ គឺបានតែ២០៤ដុល្លារក្នុងមួយខែ មិនអាចទប់ទល់និងថ្លៃទំនិញនៅលើទីផ្សារបានឡើយ។
លោក សឿង ប្រុស៖ «យើងមើលទំនិញលើទីផ្សារ ទាំងគ្រឿងទេស បន្លែ ត្រី សាច់ខ្ទឹម ស្ករ ប៊ីចេងនិងផ្លែឈើផ្សេងៗគឺឡើងថ្លៃទាំងអស់ សូម្បីតែបន្ទប់ជួល ទឹក ភ្លើងកន្លែងមួយចំនួនក៏ឡើងថ្លៃដែរ។ ប្រាក់ខែកម្មករ ក្នុងឆ្នាំ២០២៤នេះ ឡើងបានតែ ៤ដុល្លារ ហើយផ្ទះជួលមួយបន្ទប់គេឡើងតម្លៃថែម៥ដុល្លារ លើសពីប្រាក់បន្ថែមដែលកម្មករទទួលបានក្នុងឆ្នាំនេះទៅទៀត។ ដូច្នេះពាក់ព័ន្ធជាមួយកម្មករនៅតែខ្វះខាត ហើយរឹតតែខ្វះខាតទៅទៀត»។
ការលើកឡើងរបស់កម្មករដូចនេះ បន្ទាប់ពីរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ អះអាងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ កម្ពុជាបានទទួលលំហូរទុនវិនិយោគជាទឹកប្រាក់ប្រមាណជាង ១ពាន់ ៣រយលានដុល្លារអាមេរិក។ ចំនួននេះគឺកើនឡើងជាង ៥ដងបើធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ជុំវិញការវិនិយោគថ្មីៗ បាននៅឡើយ នៅថ្ងៃទី១០ ខែមេសា ដោយសារតែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ក៏ប៉ុន្តែ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជា វុទ្ធី ធ្លាប់បានថ្លែងក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានតុង (Shandong) ប្រទេសចិននិងកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ លំហូរទុនវិនិយោគ ជាទឹកប្រាក់សរុបជាង ១ពាន់ ៣រយលានដុល្លារនេះ គឺមានអ្នកវិនិយោគចិន ជាង ៥រយលានដុល្លារ(៥៤៥) ប្រហែល ៣៩ភាគរយនៃចំនួនទុនវិនិយោគសរុប។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា បើទោះបីជាបច្ចុប្បន្នកម្ពុជា មានអ្នកវិនិយោគចិន ច្រើនជាងគេក៏ដោយ ក៏ប្រាក់ឈ្នួលកម្មករ មិនមានកម្រិតរសើបជាងមុនទេ ដោយសារតែអ្នកវិនិយោគចិនភាគច្រើន គឺជាអ្នកស្វែងរកផលប្រយោជន៍ពីកម្ពុជា។
លោក សេក សុជាតិ បន្ថែមទៀតថា អ្នកវិនិយោគចិន ភាគច្រើនមិនសូវគោរពសិទ្ធិនិងផ្ដល់តម្លៃដល់កម្មករកម្ពុជាទេ។
លោក សេក សុជាតិ៖ «បញ្ហាហ្នឹងត្រូវតែគិតគូរ ឱ្យបានវែងឆ្ងាយហើយមើលទៅដល់ប្រសិទ្ធភាពក្នុងការជួយ ឬក៏ផ្គត់ផ្គង់សិទ្ធិទៅដល់កម្មករការងារ របស់យើងនៅក្នុងអត្រាប្រាក់ឈ្នួល អតិបរមាមួយ។ យ៉ាងហោចណាស់ក៏ឱ្យបានត្រឹម២៥០ទៅ៣០០ដុល្លារ ដើម្បីឱ្យអាចកម្លាំងពលកម្មរបស់យើងមានជីវភាពប្រសើរ ស្របនិងកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែត្រូវបានព្យាករណ៍ថា មានកំណើនលេខ១ នៅក្នុងប្រទេសនៃតំបន់អាស៊ីដែរ»។
ស្រដៀងគ្នានេះ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា ក៏មើលឃើញថា ថ្វីត្បិតតែអ្នកវិនិយោគទុនចិន កំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជាច្រើន ជាងគេ ក៏ប៉ុន្តែបើមើលទៅស្ថានភាពសេដ្ឋកិច្ចកម្ពុជាវិញ មិនមានអ្វីប្រសើរជាដុំកំភួនទេ គឺមានតែទ្រុឌទ្រោមថែម។
លោក ប៉ោ មករា យល់ថា ក្រុមហ៊ុនចិនមួយចំនួន ដែលមករកស៊ីនៅកម្ពុជាគឺជាក្រុមហ៊ុនខ្យល់ ធ្វើនំអត់ម្សៅ ដោយមិនគោរពសិទ្ធិមនុស្សនិងគោរពម្ចាស់ស្រុកផង។
លោក ប៉ោ មករា៖ «ទំនាក់ទំនងសេដ្ឋកិច្ច រវាងបណ្ដាប្រទេសអាស៊ាន ជាមួយនឹងចិនឃើញថាប្រទេសជាច្រើនរកស៊ីជាមួយចិន គេប្រយ័ត្នប្រយែងដែរ។ ទី១គេខ្លាចខាតបង់ប្រយោជន៍របស់គេ ទី២ វាពាក់ព័ន្ធទៅនិងលក្ខខណ្ឌប្រទេសមួយចំនួនគេគោរពសិទ្ធិមនុស្ស គេមិនឱ្យប៉ះពាល់ គេមិនឱ្យខូចកេរ្តិ៍ឈ្មោះ ប្រទេសរបស់គេទេ។ ពាក់ព័ន្ធនឹងបញ្ហាវិនិយោគនៅកម្ពុជា យើងឃើញប្រទេសចិន ជាប្រទេសដែលវិនិយោគមកកម្ពុជាច្រើន ប៉ុន្តែបើសង្កេតទៅមើលស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា មិនមានភាពប្រសើរទេ មិនមានអ្វីជាដុំ កំភួនឡើយ»។
អ្នកតាមដានការអភិវឌ្ឍ សង្គមនិងនយោបាយ បានរកឃើញថា បើទោះបីជា បច្ចុប្បន្ន រដ្ឋាភិបាលបង្ហាញពីការរីកចម្រើនផ្នែកវិនិយោគទុនបរទេសក្តី ប៉ុន្តែប្រជាពលរដ្ឋខ្មែរវិញ កំពុងរស់នៅក្នុងស្ថានភាពលំបាកខ្លាំង ដោយការជំពាក់បំណុលនិងចំណាកស្រុក ទៅរកការងារធ្វើឯក្រៅប្រទេស កាន់តែច្រើនឡើងៗ។
យោងតាមសារលិខិត របស់រដ្ឋាភិបាល ដែលចូលរួមការប្រារព្ធខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា បច្ចុប្បន្នពលករកម្ពុជា កំពុងធ្វើការនៅក្រៅប្រទេសចំនួនជាង ១លាន ៣សែននាក់។ ពលករទាំងនោះ កំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។
ចំណែកធនាគារជាតិកម្ពុជា ក៏បានចេញរបាយការណ៍ កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣ កន្លងទៅថា រយៈពេលជាង១០ឆ្នាំមកនេះ ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ៤លាននាក់ កំពុងជំពាក់បំណុល មីក្រូហិរញ្ញវត្ថុ និងធនាគារ។
លោក អ៊ុំ សំអាន យល់ថា កម្ពុជា បើពឹងផ្អែកលើការវិនិយោគទុនចិនតែមួយ មិនល្អទេ។ បើកម្ពុជាចង់បានអ្នកវិនិយោគទុនល្អ និងសេដ្ឋកិច្ចមានលំនឹងពិតប្រាកដ ត្រូវតែងាកទៅរកប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ គោរពសិទ្ធិមនុស្ស ព្រមទាំងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយមានគណបក្សប្រឆាំងចូលរួមផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។