ដោយ យ៉ង ចាន់តារា
2024.04.14
RFA
ទិដ្ឋភាពព្រះសង្ឃ និងយុវជនលើកបដាទាមទារដោះលែងលោក កើត សារ៉ាយ នៅមុខស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ មេសា ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
យុវជនមួយចំនួននាំគ្នាធ្វើយុទ្ធនាការទាមទារឱ្យអាជ្ញាធរដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពួកគាត់លើកឡើងថា លោក កើត សារ៉ាយ មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ ផ្ទុយទៅវិញលោកជាយុវជនដែលហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
ពិធីបុណ្យចូលឆ្នាំថ្មី ជាពេលវេលាដ៏រីករាយសម្រាប់យុវជនខ្មែរជាទូទៅ ប៉ុន្តែសម្រាប់យុវជនដែលឈឺឆ្អាលបញ្ហាសង្គមវិញ ចូលឆ្នាំថ្មីឆ្នាំរោងនេះ ជាពេលវេលាដ៏សោកសៅសម្រាប់ពួកគាត់។ សោកសៅ គឺដោយសារការចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលពួកគាត់ចាត់ទុកថា ជាជនគំរូមួយរូប។
សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក ធី ថន ថ្លែងថា លោកមិនមានអារម្មណ៍សប្បាយរីករាយនោះទេក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ពីព្រោះលោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌។
លោក ធី ថន៖ «ពេលបុណ្យចូលឆ្នាំខ្មែរនេះ ខ្ញុំមិនមានអារម្មណ៍សប្បាយរីករាយដូចឆ្នាំមុនៗឡើយ ពីព្រោះយើងបានបាត់បង់លោក កើត សារ៉ាយ ដែលជាបុគ្គលដ៏កម្រ ដែលជាសកម្មជនធ្វើកិច្ចការងារសង្គម ដែលជាគ្រូបង្គោលរបស់យុវជន ដែលជាជនមានភាពក្លាហានក្នុងការធ្វើកិច្ចការងារសង្គម ដែលជាមនុស្សម្នាក់និយាយបញ្ហាសង្គម និងជាមនុស្សដែលទាមទាររកយុត្តិធម៌ និងទាមទាររកប្រយោជន៍ជូនប្រជាពលរដ្ឋដែលគាត់រងគ្រោះ ជាដើម»។
អាជ្ញាធរបានចាប់ខ្លួនលោក កើត សារ៉ាយ ជាលើកទីពីរ កាលពីថ្ងៃទី៥ ខែមេសា ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «មិនរាងចាលក្នុងបទមជ្ឈិម»។ ការចាប់ខ្លួនលោកជាថ្មីទៀតនេះ គឺដោយសារតែលោកបានចុះទៅជួប ហើយរៀបរាប់យ៉ាងលម្អិតលើបណ្ដាញសង្គម និងផ្ដល់សម្ភាសឱ្យអ្នកសារព័ត៌មានអំពីទុក្ខវេទនារបស់ពលរដ្ឋមួយចំនួននៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលកំពុងរស់នៅលាក់ខ្លួនក្នុងព្រៃ ក្រោយអាជ្ញាធរបើកយុទ្ធនាការបង្ក្រាបដោយហិង្សា និងបណ្ដេញពួកគាត់ចេញពីលំនៅឋានដោយបង្ខំ កាលពីខែមីនា កន្លងទៅ។
អាជ្ញាធរចោទលោក កើត សារ៉ាយ ថា បានបំភ្លៃព័ត៌មានក្នុងចេតនាប្រឆាំងរដ្ឋាភិបាល ប៉ុន្តែមិនបានបង្ហាញភស្តុតាងរឹងមាំណាមួយជុំវិញការចោទប្រកាន់នេះទេ។ ក្រុមសកម្មជន សង្គមស៊ីវិល និងពលរដ្ឋមួយចំនួនបាននាំគ្នារិះគន់ថ្កោលទោសទង្វើរំលោភបំពានបែបនេះរបស់អាជ្ញាធរ។ ពួកគេរិះគន់ថា អាជ្ញាធរមិនទាន់រកដំណោះស្រាយសមរម្យក្នុងរឿងជម្លោះដីធ្លីជូនពលរដ្ឋដែលផ្ទះរបស់ពួកគាត់ត្រូវបានអាជ្ញាធរដុតបំផ្លាញ និងបណ្ដេញចេញដោយហិង្សានៅឡើយទេ ប៉ុន្តែបែរជាទៅប្រឌិតរឿងចោទប្រកាន់ និងបំបិទមាត់លោក កើត សារ៉ាយ ដែលជាអ្នកលាតត្រដាងការពិតទៅវិញ។
យុវជន និងសកម្មជនមួយចំនួនបាននាំគ្នាកោរសក់ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះរឿងនេះ និងទាមទារឱ្យអាជ្ញាធរដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ។
សមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក ធី ថន ឱ្យដឹងថា លោកក៏បានកោរសក់ ដើម្បីសម្ដែងការគោរពចំពោះវីរភាពរបស់លោក កើត សារ៉ាយ ដែរ។ ក្រៅពីនេះ លោកមានសកម្មភាពមួយចំនួនទៀត ដើម្បីទាមទាររកយុត្តិធម៌ជូនលោក កើត សារ៉ាយ។ សកម្មភាពទាំងនោះ មានជាអាទិ៍ ការបង្ហោះសារនានាពាក់ព័ន្ធនឹងភាពអយុត្តិធម៌លើលោក កើត សារ៉ាយ និងការរួមគ្នាជាមួយយុវជនផ្សេងទៀតធ្វើពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់លោក កើត សារ៉ាយ ផង និងពង្រឹងទឹកចិត្តយុវជនកុំឱ្យបាក់ស្បាតផង។
លោក ធី ថន៖ «យើងចង់ឱ្យលោក កើត សារ៉ាយ មានភាពរឹងមាំ និងផ្ដល់កម្លាំងចិត្តដល់គាត់ ដើម្បីកុំឱ្យគាត់បាក់ទឹកចិត្ត ទោះបីគាត់នៅក្នុងពន្ធនាគារក៏ដោយ។ ទីពីរ គឺយើងចង់បង្ហាញថា មានយុវជន និងមានប្រជាពលរដ្ឋច្រើនណាស់ ដែលនឹងធ្វើកិច្ចការសង្គមបន្តពីលោកទៀត ហើយនេះក៏ជាគោលបំណងរបស់លោកដែរ ដែលចង់ឃើញពលរដ្ឋ និងយុវជនចូលរួមក្នុងកិច្ចការងារសង្គមដែរ»។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ ក្រុមយុវជនបានជួបជុំគ្នានៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ មេសា។ ពួកគេបានប្រគេនបច្ច័យដល់ព្រះសង្ឃ និងលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គញ់ ចោលឈូង និងទាញព្រ័ត្រ ជាដើម។ បន្ទាប់មក ពួកគេបានទៅពន្ធនាគារព្រៃស ដើម្បីសួរសុខទុក្ខលោក កើត សារ៉ាយ។ មន្ត្រីពន្ធនាគារបានអនុញ្ញាតឱ្យយុវជនចំនួន ៥នាក់ បានចូលជួបលោក កើត សារ៉ាយ ក្នុងពន្ធនាគារ។
យុវជនមួយរូបដែលបានចូលសួរសុខទុក្ខលោក កើត សារ៉ាយ គឺកញ្ញា រៀម ស្រីពេជ្ររតនា ប្រាប់វិទ្យុអាស៊ីសេរីថា លោក កើត សារ៉ាយ មានសុខភាពល្អ និងនៅតែមានជំហររឹងមាំដដែល។ កញ្ញាបន្ថែមថា សាររបស់លោក កើត សារាយ ក្នុងឱកាសឆ្នាំថ្មីនេះ គឺចង់ឱ្យពលរដ្ឋ និងយុវជនខ្មែរហ៊ានតតាំងនឹងអំពើអយុត្តិធម៌ក្នុងសង្គម។
កញ្ញា រៀម ស្រីពេជ្ររតនា៖ «ការជាប់គុករបស់គាត់លើកនេះ ចង់ឱ្យជនរួមជាតិទាំងអស់គ្នាហ្នឹង ក្រោកឡើង ហើយរឹងមាំ ជាពិសេសយុវជនហ្នឹង គឺត្រូវតែនាំគ្នាទម្លុះជញ្ជាំងដើម្បីទៅរកកន្លែងមួយដែលមានយុត្តិធម៌សង្គម ហើយមិនចង់ឱ្យយើងឈឺចាប់នឹងការលះបង់របស់គាត់ទេ ព្រោះគាត់បានត្រៀមខ្លួនរួចហើយ។ អ៊ីចឹងទាំងអស់គ្នាត្រូវតែញញឹម ហើយហ៊ានប្រឈមទៅនឹងបញ្ហាផ្សេងៗ ដើម្បីដោះស្រាយ ត្រួសត្រាយផ្លូវឱ្យអ្នកជំនាន់ក្រោយ»។
កញ្ញា រៀម ស្រីពេជ្ររតនា បញ្ជាក់ថា ថ្វីត្បិតលោក កើត សារ៉ាយ មានសុខភាពល្អ និងជំហររឹងមាំពិតមែន តែលោកមានអារម្មណ៍ខ្វាយខ្វល់ពីសុខទុក្ខម្ដាយរបស់លោក គឺលោកស្រី ចាម យ៉ែម ដែលកំពុងរស់នៅខេត្តសៀមរាប ហើយដែលបច្ចុប្បន្នមានជន្មាយុជិត ៨០ វស្សាទៅហើយ។ កញ្ញាបន្ថែមថា ក្រុមយុវជននឹងទៅជួបសួរសុខទុក្ខម្ដាយរបស់លោក កើត សារ៉ាយ ទាំងនៅពេលចូលឆ្នាំថ្មីនេះ និងនៅក្រោយពេលចូលឆ្នាំ ដើម្បីផ្ដល់កម្លាំងចិត្តដល់គ្រួសារ និងរូបលោក កើត សារ៉ាយ ផ្ទាល់។
ជាងនេះទៅទៀត ក្រុមយុវជននឹងបន្តយុទ្ធនាការតស៊ូមតិ ដើម្បីទាមទាររកយុត្តិធម៌ជូនលោក កើត សារ៉ាយ បន្ថែមទៀត នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី។ ពួកគេអះអាងថា ការចាប់ខ្លួនលោក កើត សារ៉ាយ មិនបានធ្វើឱ្យពួកគេបាក់ស្បាតនោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យពួកគេកាន់តែមានទឹកចិត្តមោះមុតថែមទៀត ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។