ដោយ ច័ន្ទ ដារ៉ូ
2024.04.15
RFA
ពលករខ្មែរ និងជនភៀសខ្លួននៅប្រទេសថៃ (Thailand) មិនបានទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើតបាននាំគ្នារៀបចំពិធីអបអរបុណ្យចូលឆ្នាំខ្មែរ។ រូបពីពលរដ្ឋ
ពលករខ្មែរ និងជនភៀសខ្លួននៅប្រទេសថៃ (Thailand) មិនបានទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើតបាននាំគ្នារៀបចំពិធីអបអរបុណ្យចូលឆ្នាំខ្មែរនៅតាមតំបន់ ដែលពួកគេរស់នៅ និងធ្វើការ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងលេងល្បែងប្រជាប្រិយចូលរួមថែរក្សាប្រពៃណីជាតិ។
ក្រុមពលករ និងជនភៀសខ្លួនខ្មែរ ដែលមិនបានត្រឡប់ទៅស្រុកកំណើតពួកគាត់នាំគ្នារៀបចំអបអរពិធីបុណ្យចូលឆ្នាំថ្មី នៅប្រទេសថៃទាំងអារម្មណ៍នឹកដល់អ្នកមានគុណ បងប្អូននៅប្រទេសកម្ពុជា។
ក្នុងសំលៀកបំពាក់ចម្រុះពណ៌ពួកគេឈររៀបចំចង្ហាន់ រាប់បាត្រ និងនិមន្តព្រះសង្ឃសូត្រធម៌បង្សុកូលឧទ្ទិសកុសលដល់ជីដូនជីតារបស់ពួកគេ និងបួងសួងសុំសេចក្ដីខុសនាឱកាសឆ្នាំថ្មី។
ពលករដែលគាំទ្រគណបក្សភ្លើងទៀននៅប្រទេសថៃ លោក ពៅ សុភណ្ឌ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថា ជនភៀសខ្លួន ដែលទទួលរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជាកន្លងទៅ រួមជាមួយក្រុមពលករខ្មែរមិនមានលទ្ធភាពធ្វើដំណើរទៅលេងនៅស្រុកកំណើតប្រមាណ ៥០នាក់ បានមូលមតិគ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងស្រង់ទឹកព្រះនៅវត្តមង្កក នៅម្ដុំសួនអនុស្សាវរីយ៍ក្នុងទីក្រុងបាងកក។ លោកឱ្យដឹងថា អ្នកចូលរួមភាគច្រើនបង្ហាញទឹកមុខរីករាយលាយឡំនឹងអារម្មណ៍ទុក្ខព្រួយដោយពួកគេមិនបានទៅធ្វើបុណ្យទានជាមួយឪពុកម្ដាយ និងញាតិមិត្តនៅកម្ពុជា ស្របពេលជនភៀសខ្លួនមួយចំនួនទៀត កំពុងរស់នៅលាក់ខ្លួន ដោយសារពួកគេបារម្ភខ្លាចអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារ។
លោក ពៅ សុភណ្ឌ៖ «ពិធីបុណ្យប្រពៃណីជាតិ គឺបុណ្យចូលឆ្នាំខ្មែរ ពួកគាត់អត់បានត្រឡប់ទៅស្រុកវិញ អ៊ីចឹងហើយ បងប្អូនពលករមួយចំនួន និងជនភៀសខ្លួនមួយចំនួន បាននាំគ្នាចាត់ចែងរាប់បាត្រ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ បងប្អូនខ្មែរយើង មិនថារស់នៅកន្លែងណាទេ មកដល់ថ្ងៃនេះ ខ្ញុំឃើញរូបភាព គឺមិនចោលប្រពៃណីខ្មែរទេ ខ្ញុំសែនត្រេកអរ»។
ស្រដៀងគ្នានេះដែរ ពលការិនីធ្វើផ្នែកសំណងនៅជាយទីក្រុងបាងកកលោកស្រី បឹង សុគឿន ប្រាប់ថា លោកស្រីមិនបានទៅលេងស្រុកកំណើតនៅស្រុកអង្គរធំ ខេត្តសៀមរាបជាង ៦ឆ្នាំមកហើយ ដោយសារលោកស្រីគ្មានសោហ៊ុយសម្រាប់ធ្វើដំណើរ ខណៈជីវភាពគ្រួសារខ្វះខាត និងដោះបំណុលធនាគារថែមទៀតនោះ។ លោកស្រីរៀបរាប់ថា រដូវបុណ្យទានម្តងៗ លោកស្រីតែងតែសោកសៅក្នុងចិត្តដោយតូចចិត្តអង្គុយយំ នៅពេលឃើញគេរីករាយជួបជុំគ្រួសារ តែយ៉ាងណាឆ្នាំនេះទុក្ខកង្វល់របស់លោកស្រីបានរំលាយ និងជ្រះថ្លាត្រឡប់មកវិញ បន្ទាប់ពីលោកស្រី និងប្តីបានធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃ និងឃើញពលរដ្ឋខ្មែរជាច្រើននៅប្រទេសថៃ នាំគ្នាធ្វើបុណ្យសាងកុសលអបអរឆ្នាំថ្មី។
លោកស្រី បឹង សុគឿន៖ «បងប្អូនពលករខ្មែរបរិបូរណ៍ចូលរួមកម្មវិធីនេះ រួចហើយខ្ញុំ ក៏មានចិត្តត្រេកអរបានធ្វើម្ហូបមកវត្ត ខ្ញុំក៏បានចំហុយប្រហុកបែបខ្មែរមកវត្ត ជួបជុំគ្នា មានចិត្តត្រេកអរ នៅថ្ងៃនេះ បានឃើញខ្មែរគ្នាឯង គឺមិនមែនតែយើងទេ អត់បានទៅស្រុក គឺខ្ញុំមកដល់ពេលនេះ មានគ្នាច្រើនអត់បានទៅស្រុកដែរ អ៊ីចឹង ខ្ញុំមានអារម្មណ៍ធូរជាងមុនបន្តិច»។
ក្រៅពីក្រុមពលករនៅទីក្រុងបាងកក (Bangkok) រៀបចំពិធីអបអរបុណ្យចូលឆ្នាំថ្មី ក៏មានពលករនៅខេត្តផ្សេងៗ ទៀត ដូចជា ក្រុមពលកររស់នៅខេត្តរ៉ាក់យ៉ង (Rayong) ខេត្តសមុទ្រប្រាកាន (Samut Prakan) ក៏រៀបចំអបអរពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ។
ពលករធ្វើការនៅខេត្តសាមុតប្រាកាន លោកស្រី វត ជីវ័ន្ត ប្រាប់ថា ឱ្យដឹងថា នៅពេលចប់ពិធីបែបសាសនា ហើយក្រុមពលករនៅតំបន់លោកនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងដណ្ដើមស្លឹកឈើ រាំដណ្ដើមកៅអី ហើយអ្នកខ្លះទៀត ក៏លេងប៉ាតម្សៅទាំងទឹកមុខរីករាយ។
លោកស្រី វត ជីវ័ន្ទ៖ «តំបន់ ដែលខ្ញុំរស់នៅ បងប្អូនប្រជាពលរដ្ឋទាំងខ្មែរ ថៃ ភូមា បានលេងសប្បាយកុះករ។ បុណ្យប្រពៃណីជាតិខ្មែរ គឺយើងមិនភ្លេចដែរ ដោយបងប្អូនខ្មែរស្លៀកពាក់បែបប្រពៃណីចូលឆ្នាំខ្មែរ បែបហូលផាមួងទៅវត្តអ៊ីចឹងទៅ នៅពេលខ្ញុំឃើញក៏សប្បាយចិត្តដែរ»។
ក្រសួងការងារឱ្យដឹងថា មានពលករ ១លាន ៣សែននាក់ កំពុងធ្វើការងារនៅប្រទេសថៃ ប៉ុន្តែអង្គការសង់ត្រាល់ (CENTRAL) រកឃើញថា ពលករខ្មែរធ្វើការនៅប្រទេសនេះមានជាង ២លាននាក់។ ចំណែកមន្ត្រីបក្សប្រឆាំងឱ្យដឹងថា បច្ចុប្បន្នមានជនភៀសខ្លួនរស់នៅប្រទេសថៃជាង៧០នាក់ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលកម្ពុជា។
ជុំវិញបញ្ហានេះ មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែររស់នៅ និងធ្វើការងារចំណាកនៅប្រទេសថៃមិនបានទៅស្រុកកំណើត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំនេះទេ ដោយសារអ្នកខ្លះមានជីវភាពខ្វះខាត និងអ្នកខ្លះទៀតរងការធ្វើបាបផ្នែកនយោបាយពីរដ្ឋាភិបាលកម្ពុជា។ លោកមើលឃើញថា ថ្វីដ្បិតពលរដ្ឋខ្មែរទាំងនោះ មិនមានឱកាសមកធ្វើបុណ្យនៅស្រុកកំណើតក្តី ក៏ពួកគាត់មិនបោះបង់ពិធីបុណ្យតាមប្រពៃណីនោះទេ។
លោក លឹង សុផុន៖ «ចូលឆ្នាំម្តងៗ ពួកគាត់ចង់ទៅស្រុកកំណើតណាស់ ដោយសារពួកគាត់មិនមានថវិកាគ្រប់គ្រាន់សម្រាប់ទៅជួបបងប្អូន។ ណាមួយទៀត ទៅរដូវចូលឆ្នាំ គាត់ត្រូវចំណាយច្រើន ហើយការងារមិនសូវមានអ៊ីចឹង ពួកគាត់សោកស្ដាយមិនបានទៅលេងនៅខ្មែរ នៅពេលចូលឆ្នាំហ្នឹង ពីព្រោះចូលឆ្នាំ ជាឱកាសជួបជុំបងប្អូនផង ណាមួយអ្នកនៅភ្នំពេញ ឬអ្នកធ្វើការនៅភ្នំពេញ ក៏អាចទៅលេងស្រុកបាន។ អ៊ីចឹង ពួកគាត់ថា សោកស្ដាយអត់បានទៅជួបជុំបងប្អូន»។
ព្រះតេជព្រះគុណ វត្តមង្គក តំបន់អនុស្សាវរីយក្នុងទីក្រុងបាងកក ធឿន សុទ្ធា ថងយូ មានថេរដីកាថា ការឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខហើយ ពិធីបុណ្យនេះ ក៏ជាឱកាសល្អសម្រាប់ពលរដ្ឋខ្មែរ អាចឈ្វេងយល់អំពីសុខទុក្ខ ការគោរពស្រឡាញ់គ្នា ព្រមទាំងបង្កើនសាមគ្គីភាពថែមទៀតផង។ ព្រះអង្គផ្តល់ឱវាទដល់ពុទ្ធបរិស័ទ ជាពិសេស រដ្ឋាភិបាលត្រូវចេះកសាងបុណ្យកុសល ដោយធ្វើយ៉ាងណាឱ្យខ្មែរទាំងអស់អាចរស់នៅក្នុងសង្គមជាមួយគ្នាដោយគ្មានការបៀតបៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។