ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​វិនិយោគ និង​ទិញ​បុរី​គ្រោង​បន្ត​តវ៉ា​ក្រោយ​ចូល​ឆ្នាំ​ថ្មី

ដោយ សុ ជីវី
2024.04.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​វិនិយោគ និង​ទិញ​បុរី​គ្រោង​បន្ត​តវ៉ា​ក្រោយ​ចូល​ឆ្នាំ​ថ្មី

ពលរដ្ឋ​ដែល​អះអាង​ថា បាន​ដាក់​ទុន​រក​ស៊ី​​ជា​មួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី​ (Brilliant City) របស់​​អ្នក​ស្រី ឡេង ចាន់ណា តវ៉ា និង​ទាមទារប្រាក់​​របស់​ពួក​គាត់​​​ពី​​ក្រុមហ៊ុន​វិញ កាល​ពី​ថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបពីពលរដ្ឋ


ពលរដ្ឋ​ដែល​បាន​ដាក់​ទុន​រក​ស៊ី​​ជា​មួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី​ របស់​​អ្នក​ស្រី ឡេង ចាន់ណា និង​ពលរដ្ឋ​ដែល​បង់​រំលោះ​បុរី​ពិភព​ថ្មី​អះអាង​ថា​ពួកគាត់​មិន​ទាន់​ទទួល​យក​ដំណោះ​ស្រាយ​​ពី​​ក្រុមហ៊ុន​នៅ​ឡើយ​ទេ​ ​​ហើយ​ពួកគាត់​​នឹង​បន្ត​តវ៉ា​ដោយ​សន្តិវិធី​នៅ​ក្រោយ​ចូល​ឆ្នាំ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​គួរ​ដោះ​ស្រាយ​បញ្ហា​​ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​កសាង​​​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ឡើង​វិញ។ ​​​​​

បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​រួច ក្រុម​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​ចាញ់​បោក​ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា និង​ក្រុម​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​រឹប​អូស​ផ្ទះ ប្រកាស​ថា ពួក​គាត់​នឹង​ចាប់​ផ្តើម​ធ្វើ​សកម្ម​តវ៉ា​រក​ដំណោះ​ស្រាយ​បន្ត​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​គ្មាន​វិធាន​ការ​ជួយ​ពួក​គាត់​ទេ​នោះ។

ពលរដ្ឋ​រស់​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង លោក នួន នឿត លើក​ឡើង​ថា លោក និង​ពលរដ្ឋ​ផ្សេង​ទៀត​នឹង​ចេញ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​​ឆ្នាំ​ថ្មី​នេះ ដើម្បី​បន្ត​ទាមទារ​ឱ្យ​តុលាការ​ដក​ហូត​ប្រាក់​របស់​អ្នកស្រី​ ឡេង ចាន់ណា សង​ត្រឡប់​មក​ពលរដ្ឋ​វិញ។ លោក​ស្នើ​ដល់​តុលាការ​ និង​រដ្ឋាភិបាល​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ពលរដ្ឋ​កាន់​តែ​ឆាប់​ ខណៈ​ដែល​គ្រួសារ​របស់​លោក​មិន​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ធនាគារ​វិញ​ដោយសារ​តែ​ការ​ខ្ចី​មក​វិនិយោគ​នោះ​ទេ។

លោក នួន នឿន៖ «រឿង​ចំពោះ​ពួក​ខ្ញុំ​មិន​ថយ​ក្រោយ​ទេ​ មាន​ប៉ុន្មាន​ក៏​ត្រូវ​តស៊ូ​ទៀត​ហើយ​ គ្រាន់​តែ​ថា​បើ​ទុក​ឱ្យ​ខេត្ត​ ទុក​ឱ្យ​តុលាការ​ដោះស្រាយ​ដូច​មិន​មាន​ទៅ​មុខ​អ៊ីចឹង​ ដូច​ពិបាក​ទ្រាំ​​មែន​ទែន​ ទី​មួយ​អង្គការ​ ទីពីរ​ការ​ឡើង​ចុះ​ ហើយ​ទីបី​សេដ្ឋកិច្ច​ម្នាក់ៗ ​យ៉ាប់​គ្រប់​បញ្ហា​ទាំង​អស់»

លោក នួន នឿត គឺ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​​​រង​គ្រោះ​ប្រមាណ​ ៨រយ​នាក់​ដែល​បាន​វិនិយោគ​ជា​  ប្រ៊ីលាន ស៊ីធី (Brilliant City) ​​ក្នុង​ចំនួន​ទឹក​ប្រាក់​សរុប​ ​៣០០​លាន​ដុល្លារ​ ដោយ​ពួកគាត់​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការប្រាក់​មក​វិញ​តាម​រយៈ​ការ​វិនិយោគ​នោះ។ កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា សមត្ថកិច្ច​ខេត្ត​សៀមរាប​បាន​ឃាត់ខ្លួន​អ្នកស្រី ឡេង ចាន់ណា ​ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និង​បក្ខពួក​មួយ​ចំនួន​ទៀត តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដោយ​សារ​តែ​ក្រុមហ៊ុន​នេះ​មិន​បាន​មិន​មាន​លទ្ធភាព​សង​លុយ​ពលរដ្ឋ​វិញ។  ក្រោយ​ការ​ចាប់ខ្លួន​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់ អ្នកស្រី ឡេង ចាន់ណា ជា​បណ្ដោះអាសន្ន ដើម្បី​លក់​សង​ម្ចាស់បំណុល ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា​គិត​មក​ទល់​ពេល​នេះ​ពួកគាត់​នៅ​មិនទាន់​ទទួល​បាន​ប្រាក់​សំណង​នៅឡើយ​ទេ។​

ចំណែក​អតិថិជន​បុរី​ពិភព​ថ្មី ខណ្ឌដង្កោ លោកស្រី គង់ លីដា ថា លោក​ស្រី​បង់​រំលោះ​បុរី​អស់​ប្រាក់​ជាង ៩ម៉ឺន​ដុល្លារ​ហើយ ដូច​ច្នេះ​បើ​តាម​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន គឺ​ភាគី​ខាង​បុរី ត្រូវ​ផ្ដល់​លុយ​ចំនួន ៥០ភាគ​រយ ឬ ៥ម៉ឺនដុល្លារ​ត្រឡប់​ទៅ​លោកស្រី​វិញ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោកស្រី​ថា ភាគី​ក្រុមហ៊ុន​នៅ​តែ​មិន​ព្រម​សង​ប្រាក់​តាម​កិច្ចសន្យា តែ​បែរ​ជា​រឹប​អូស​ផ្ទះ​លោក​ស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​ទៅ​វិញ។

លោកស្រី គង់ លីដា ថា លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត នឹង​ចេញ​តវ៉ា​សារ​ជា​ថ្មី នៅ​ក្រោយ​ឆ្នាំ​ថ្មី ដើម្បី​ទាមទារ​ភាគី​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ពួក​គាត់ ដែល​ទទួល​យក​បាន។

លោកស្រី គង់ លីដា៖ «ខ្ញុំ​អត់​ទាន់​ទទួល​យក​បាន​ដោយ​សារ​លុយ​ខ្ញុំ ៩ម៉ឺន​ជាង ហើយ​បុរី​ឱ្យ​តែ​១ម៉ឺន​ជាង​អត់​ទាន់​ទទួល​យក​ទេ អត់​សក្ដិសម ដែល​បុរី​មាន​គោលការណ៍ ៥០ភាគ​រយ​តែ​លុប​គោលការណ៍​ដោយ​ខ្លួន​ឯង​ដោយ​មិន​ប្រាប់​អតិថិជន​បន្ត​ការ​បង់​ រត់​យក​លុយ​ធនាគារ​ផង អត់​លទ្ធភាព​ប្រគល់​ឱ្យ​បុរី​ បុរី​ថា​អត់​មាន​គោលការណ៍​ទិញ​ចូល ឥឡូវ​គេ​ថា ទិញ​ចូល ៥០ភាគ​រយ តែ​ឱ្យ​ខ្ញុំ ១ម៉ឺន​ជាង។ បើ ៥០ភាគ​រយ ទាំង​ប្រាក់​ការ និង​ប្រាក់​ដើម​ទាំង​អស់​ជាង ៥ម៉ឺន​ដុល្លារ»។

កាល​ពី​ថ្ងៃ​ទី៧ ខែមេសា ក្រុម​អតិថិជន​បុរី​ពិភព​ថ្មី និង​ខណ្ឌ​កំបូល នាំ​គ្នា​សម្រុក​ទៅ​ផ្ទះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ក្រុងតាខ្មៅ ខេត្តកណ្ដាល ទាំង​កណ្ដាល​យប់ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ​ម្នាក់​ឈ្មោះ អេង ប្រុស ព្រម​ទាំង​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត និង​តំណាង​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែមេសា។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេសមីល នៅ​ថ្ងៃ​ទី១១ ខែមេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាល​​មិន​អាច​ចាប់​ខ្លួន​ម្ចាស់​បុរី ឬ​ឧកញ៉ា​ណា ដើម្បី​បង្ខំ​ឱ្យ​ដោះ​ស្រាយ​ដល់​ពលរដ្ឋ​នោះ​ទេ លោក​ចាត់​ទុក​ថា​​ការ​ធ្វើ​បែប​នេះ​គឺ​ដូច​ជា​ការ​សម្លាប់​មេមាន់ ដើម្បី​យក​ពងមាន់​នោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នៅ​តែ​មិន​អាច​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា​ដដែល ហើយ​ពលរដ្ឋ​នៅ​តែ​ជា​អ្នក​រងគ្រោះ​ពី​ក្រុម​ឧកញ៉ា និង​បុគ្គល​អ្នក​មាន​អំណាច។

លោក យង់ គិមអេង៖ «ចំពោះ​ពលរដ្ឋ ដែល​គ្នា​ខាត​បង់ គ្នា​បាត់​បង់​ទ្រព្យ​សម្បត្តិ លុយ​កាក់ គឺ​អត់​មាន​ដំណោះ​ស្រាយ ដែល​ផ្ទុយ​ពី​ពួក​ថា កែ​ដែល​មាន​ទ្រព្យ​សម្បត្តិ បើ​គេ​មាន​បញ្ហា​​ជា​មួយ​ពលរដ្ឋ​គឺ​មាន​ការ​ជ្រំ​ជ្រែង​ពី​អាជ្ញាធរ​ដូច​លឿន​ជាង ដែល​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ភាព​អយុត្តិធម៌​រវាង​ពលរដ្ឋ​​ ជា​មួយ​ក្រុម​អ្នក​មាន ឬ​ឧកញ៉ា»។

លោក យង់ គិមអេង ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​អាច​ស្ដារ​ប្រព័ន្ធ​យុត្តិធម៌ និង​កសាង​​ការ​ទុកចិត្ត​ដល់​ពលរដ្ឋ​លើ​ករណី​ទាំង​នេះ​បាន​ទេ គឺ​ដូច​ជា​ជំងឺ​សង្គម ដែល​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles