អ្នក​ឆ្លង​កាត់​របប​ខ្មែរក្រហម​បន្ត​រំឭក​ព្រឹត្តិការណ៍​ថ្ងៃ​ទី១៧ មេសា និង​ជំរុញ​អ្នក​កាន់​អំណាច​ឱ្យ​ឈប់​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់

ដោយ ច័ន្ទ ដារ៉ូ
2024.04.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឆ្លង​កាត់​របប​ខ្មែរក្រហម​បន្ត​រំឭក​ព្រឹត្តិការណ៍​ថ្ងៃ​ទី១៧ មេសា និង​ជំរុញ​អ្នក​កាន់​អំណាច​ឱ្យ​ឈប់​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់

(រូបថតឯកសារ) ទិដ្ឋភាព​មនុស្សម្នា នាំ​គ្នា​ផ្លោះ​របង​ចូល​ទៅ​ជ្រកកោន​នៅ​ក្នុង​ស្ថានទូត​បារាំង នៅ​ភ្នំពេញ ​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ​១៩៧៥ ពេល​ដែល​ក្រុម​កងទ័ព​ខ្មែរក្រហម​សម្រុក​ចូល​ដល់​ទីក្រុង។ រូប៖ AFP


ព្រឹត្តិការណ៍​ថ្ងៃ​ទី១៧ ខែមេសា កាល​ពី ៤៩ឆ្នាំ​មុន ជា​ពេល​ឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរ​ក្រហម ដែល​របប​ដឹកនាំ​របស់​ក្រុម​នេះ បណ្ដាល​ឲ្យ​មនុស្ស​ជិត ២លាន​នាក់​បាន​ស្លាប់។ អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា និង​អ្នក​ឆ្លងកាត់​របប​នេះ​លើក​ឡើង​ពី​រឿង​ឈឺចាប់ និង​ក្រើន​រំឭក​ឲ្យ​អ្នកនយោបាយ​កាន់អំណាច​ឈប់​បង្ក​ការ​ឈឺចាប់ និង​ការ​គុំកួន​សងសឹក​យក​ខ្មែរ​គ្នា​ឯង​ធ្វើ​ជា​សត្រូវ ដោយ​ងាក​ទៅ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ និង​ប្រកួតប្រជែង​តាម​ប្រជាធិបតេយ្យ ដើម្បី​កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​នេះ​កើតឡើង​នៅ​កម្ពុជា​ម្ដង​ទៀត។

កាលពី ៤៩ឆ្នាំ​មុន ក្រោយ​ចប់​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺ​នៅ​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ កង​ទ័ព​កុម្មុយនិស្ត​ខ្មែរ​ក្រហម​បាន​វាយ​លុក​ចូល​ដល់​ក្រុង​ភ្នំពេញ។ ទោះ​ជា​ព្រឹត្តិការណ៍​នោះ​បាន​កន្លង​ទៅ​យូរ​ឆ្នាំ​ហើយ​ក្ដី តែ​ពលរដ្ឋ​ខ្លះ​នៅតែ​ចងចាំ ដោយសារ​នេះ គឺ​ជា​រឿង​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់ និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​មនុស្ស​ជំនាន់​ក្រោយ​គិតគូរ​ពិចារណា​ឲ្យ​បាន​ដិតដល់​មុន​នឹង​សម្រេច​ធ្វើ​អ្វី​មួយ។

អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម និង​បច្ចុប្បន្ន​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស លោក លី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​នៅតែ​នឹក​ឃើញ​រឿងរ៉ាវ​ដែល​កងទ័ព​ខ្មែរ​ក្រហម​ទាំង​ថ្មើរ​ជើង និង​បើក​រថក្រោះ​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ។ លោក​ប្រាប់​ថា ព្រឹត្តិការណ៍ ៤៩ឆ្នាំ​មុន​នោះ​លោក​មាន​អាយុ​១៤ឆ្នាំ ហើយ​គ្រួសារ​របស់​លោក​ជា​អាជីវករ​រស់​នៅ​ខាងកើត​ផ្សារ​អូរ​ឫស្សី ក្រុង​ភ្នំពេញ ដោយ​ពេលនោះ​លោក​បាន​ឃើញ​ក្រុម​ទាហាន​បាក់ទ័ព និង​ពលរដ្ឋ​ភាគ​ច្រើន​លើ​ទង់ជ័យ​ស​ពាស​ពេញ​ទីក្រុង​ដោយ​នឹក​ស្មាន​ថា​កងទ័ព​សាធារណរដ្ឋ​ខ្មែរ និង​កងទ័ព​ខ្មែរ​ក្រហម​អាច​ចរចា​បញ្ចប់​សង្គ្រាម​ដោយ​សន្តិវិធី​បាន។

ផ្ទុយ​ទៅ​វិញ​លោក​ឱ្យ​ដឹង​ថា ភ្លាមៗ នោះ កងទ័ព​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​បាញ់​គ្រាប់​កាំភ្លើង​ឡើង​លើ​ឮ​សូរ​សំឡេង​ភ្ញាក់​ផ្អើល​ពេញ​ទីក្រុង ដើម្បី​បង្ខំ​ពលរដ្ឋ​ចាកចេញ​ពី​ផ្ទះ​សម្បែង ចំណែក​មន្ត្រីរាជការ និង​ទាហាន​សាធារណរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ត្រូវ​បាញ់​សម្លាប់​នៅ​នឹង​កន្លែង។ លោក​បន្ត​ថា អ្វី​ដែល​ឈឺចាប់ និង​ចងចាំ​នោះ​គឺ​ពេល​នោះ​មនុស្ស​ទាំង​ក្មេង​ចាស់​បង្វេច​ខោអាវ​ដើរ​តាម​ដង​ផ្លូវ​យ៉ាង​កកកុញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​រង​ទុក្ខវេទនា ចំណែក​គ្រួសារ​របស់​លោក​ជម្លៀស​ទៅ​ខេត្តតាកែវ ហើយ​បន្ទាប់​មក​ជម្លៀស​ទៅ​ស្រុក​កំណើត​ខាង​ម្ដាយ​របស់​លោក​នៅ​ភូមិ​បាប្រីយ៍ ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​វិញ។

លោក លី សុខា៖ «នៅ​ពេល​ខ្មែរ​ក្រហម​ចូល​ដល់​ទីក្រុង​ភ្នំពេញ​ហ្នឹង ទ័ព​ខ្មែរក្រហម​ចាប់​ផ្ដើម​បណ្ដេញ​ពលរដ្ឋ​ដោយ​ប្រាប់​ថា​ឱ្យ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​បណ្ដោះអាសន្ន ដើម្បី​បោសសំអាត​កម្ចាត់​ខ្មាំង ម្ល៉ោះ​ហើយ​គេ​ដេញ​ពលរដ្ឋ​ឱ្យ​ចេញ​ពី​ក្រុង​ទាំង​អស់​គ្នា ក្នុង​នោះ​មាន​ចាស់ជរា ជន​ពិការ កូន​ក្មេង ហើយ​ជាក់​ស្ដែង​មន្ត្រី​របស់​លោក លន់ នល់ ហ្នឹង​គេ​សម្លាប់។ ខ្ញុំ​មើល​ទៅ​ពិបាក​វេទនា​ពេល​ឃើញ​ព្រឹត្តិការណ៍​ហ្នឹង​គួរ​ឱ្យ​រន្ធត់ និង​ចងចាំ​ហ្នឹង»។

ស្រដៀង​គ្នា​នេះ​ដែរ អតីត​ទាហាន​​សាធារណរដ្ឋ​ខ្មែរ លោក កេង លីស ថ្លែង​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ព​ខ្មែរ​ក្រហម​វាយ​លុក​ចូល​ទីរួមខេត្ត​សៀមរាប​មិន​ខុស​ពី​ទីក្រុង​ភ្នំពេញ​នោះ​ទេ​ដែល​មាន​ពលរដ្ឋ​ទទួល​ស្វាគមន៍ គឺ​មួយ​សប្ដាហ៍​មុន​ពេល​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ប្រកាស​តាម​វិទ្យុ​ជាតិ​ពី​ការ​ចរចា​បញ្ចប់​សង្គ្រាម​នាំ​​មក​នូវ​សុខ​សន្តិភាព​ជូន​ពលរដ្ឋ​នោះ។ លោក​ឱ្យ​ដឹង​ថា ជំនាន់​នោះ​កងទ័ព​ខ្មែរ​ក្រហម​​បាន​ប្រើ​អំពើ​ឃោរឃៅ​ដោយ​បណ្ដេញ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ចេញ​ពី​ទី​ប្រជុំ​ជន​ភ្លាមៗ ចំណែក​កងទ័ព គ្រូពេទ្យ គ្រូ​បង្រៀន និង​អ្នក​ចេះដឹង​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ត្រូវ​ប្រមូល​យក​ទៅ​វាយសម្លាប់​បោះ​ចូល​ក្នុង​រណ្ដៅ​ដូច​សត្វ​ធាតុ។ លោក​បញ្ជាក់​ថា​កាលនោះ​លោក​រត់​ទៅ​រស់​នៅ​ជាមួយ​ព្រះសង្ឃ​ទើប​លោក​នៅ​សល់​អាយុជីវិត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

លោក កេង លីស៖ «៧ថ្ងៃ​ក្រោយ​វាយ​ចូល​ទីក្រុង កងទ័ព​ខ្មែរក្រហម​ចាប់​ផ្តើម​បោស​សំអាត គឺ​គេ​អត់​និយាយ​ពី​ជំនួប​ចរចា​អ្វី​ទេ ១៧ មេសា របស់​ខ្មែរក្រហម​ចាប់​ផ្ដើម​សម្លាប់​មនុស្ស​តែ​ម្តង។ យើង​ឃើញ​តក់ស្លុត​បំផុត​គឺ​អ្នក​របួស អ្នកជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប នៅ​តាម​វត្ត​ដំណាក់ វត្តបូព៌ា​អី​ហ្នឹង​យក​ទៅ​វាយ​ទម្លាក់​​ចូល​ក្នុង​រណ្ដៅ»។

ក្នុង​រយៈ​កាល​ជិត ៤ឆ្នាំ ចន្លោះ​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ នៃ​ការដឹកនាំ​របស់​ក្រុម​ខ្មែរក្រហម ប្រជាពលរដ្ឋ​ខ្មែរ​​ជិត​២លាន​នាក់​បាន​ស្លាប់ និង​ត្រូវ​បាន​សម្លាប់ ដោយសារ​ការ​ធ្វើ​ទារុណកម្ម ការ​បង្ខំ​ធ្វើ​ការងារ​ហួស​កម្លាំង ការ​អត់​អាហារ និង​ជំងឺ​ជាដើម។ ទន្ទឹម​នឹង​នេះ ថ្ងៃទី១៧ មេសា គណបក្ស​ប្រឆាំង​តែងតែ​ធ្វើ​ពិធី​រំឭក​ខួប​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំឭក​ពី​ការ​ចងចាំ​អំពី​របប​កាប់​សម្លាប់​មួយ​នេះ។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​គណបក្សប្រឆាំង​នឹង​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​បង្សុកូល រាប់​បាត្រ ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​នៅ​ជាយ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែមេសា។ លោក​បន្ត​ថា​ការ​រំឭក​ពី​ព្រឹត្តិការណ៍​នោះ​ដើម្បី​កុំ​ឱ្យ​កម្ពុជា​វិលត្រឡប់​ទៅ​របប​អតីតកាល និង​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី​ត្រូវ​ផ្សះផ្សា​ជាតិ និង​ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយ​គ្នា។

លោក លី សុធារ៉ាយុទ្ធ៖ «រំឭក​ឱ្យ​មាន​ការ​ចងចាំ​ យើង​មិន​ចង់​ឱ្យ​មាន​របប​ប្រល័យ​ពូជសាសន៍​នេះ​វិល​ត្រឡប់​មក​វិញ​ទេ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ ហើយ​យើង​ចង់​ឱ្យ​ខ្មែរ​យក​អ្វី ដែល​បាន​កើតឡើង​ពី​អតីតកាល​ជា​មេរៀន​ជូរ​ចត់​មួយ យើង​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ​ប្រទេស អ្នក​នយោបាយ​ខ្មែរ​ដោយ​មិន​ត្រឹមត្រូវ​តែ​ចងចាំ​ទេ​គឺ​ត្រូវ​បង្កើត​វប្បធម៌​មួយ​ជជែក​គ្នា ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី បើ​ទោះបី​បញ្ហា​ហ្នឹង​តូច​ក្ដី​ធំ​ក្ដី»។

ជុំវិញ​រឿង​នេះ អតីត​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​អតីត​អ្នក​ស្រាវជ្រាវ​បញ្ហា​ជនជាតិ​ចាម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម លោក លោក អ៊ីសា ឧស្មាន មាន​ប្រសាសន៍​ថា កងទ័ព​ខ្មែរ​ក្រហម​វាយ​យក​តំបន់​មួយ​រួច​ហើយ​មុន​វាយ​ផ្ដាច់​យក​ទីក្រុង​ភ្នំពេញ និង​ទី​ប្រជុំ​ជន​សំខាន់ៗ កាល​ពី​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥។ លោក​បន្ត​ថា រឿង​ដែល​អាក្រក់​ពេល​នោះ គឺ​កងទ័ព​ខ្មែរ​ក្រហម​ជម្លៀស មនុស្ស​ឱ្យ​ព្រាត់​ប្រាស់​គ្នា បង្អត់​អាហារ ជាពិសេស ចេតនា​សម្លាប់​បំបាត់​ពូជសាសន៍​ជនជាតិ​ចាម ក្នុង​នោះ​សមាជិក​គ្រួសារ​របស់​លោក​ចំនួន ៦នាក់​នៅ​ស្រុក​ក្រូច​ឆ្មារ​បាន​ស្លាប់​ដែរ។

លោក អ៊ីសា ឧស្មាន បញ្ជាក់​ថា បញ្ហា​នេះ​ហើយ​លោក​បាន​ចំណាយ​ពេល​ស្រាវជ្រាវ​ពី​ប្រវត្តិ​ខ្មែរ​ក្រហម ហើយ​សរសេរ​សៀវភៅ​ចំនួន​ពីរ​ក្បាល​មាន​ចំណងជើង​ថា «បាបកម្ម និង​ការ​បះបោរ​របស់​ជនជាតិ​ចាម» ដែល​សៀវភៅ​ប្រវត្តិ​សាស្ត្រ​នេះ​លាតត្រដាង​រឿង​ពិត និង​ទប់ស្កាត់​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដើរ​ជាន់​ដាន​រឿង​ចាស់​ទៀត។ ទោះ​យ៉ាង​ណា​ក្ដី លោក អ៊ីសា ឧស្មាន មើល​ឃើញ​ថា អ្នក​ប្រព្រឹត្ត​អំពើឃោរឃៅ​តាម​កម្ចាត់ និង​បង្ក​ឱ្យ​មនុស្ស​ឈឺចាប់​នៅតែ​កើតឡើង​ក្នុង​សង្គម​មកទល់​បច្ចុប្បន្ន​ដោយ​មិន​បាន​ដក​ស្រង់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដើម្បី​កែ​លម្អ​សង្គម​នោះ​ទេ។

លោក អ៊ីសា ឧស្មាន៖ «សម័យ​ខ្មែរ​ក្រហម​ហៅ​ថា សម័យ​មហា​លោត​ផ្លោះ មហា​អស្ចារ្យ នេះ​ជា​ពាក្យ​ស្លោក​ដែល ពល ពត បង្កើត​ឡើង ហើយ​ម្នាក់ៗ នាំគ្នា​ស្រែក​តាម​ទៅ ដោយ​ទាំង​ការ​ពិត​មហា​លោត​ផ្លោះ មហា​អស្ចារ្យ​អី ប្រជាពលរដ្ឋ​អត់​បាយ ក្រហាយ​ទឹក​ពិបាក​វេទនា​ចង់​ងាប់ តែ​គ្មាន​អ្នកណា​ហ៊ាន​និយាយ​ការ​ពិត​ទេ បើ​និយាយ​ទៅ​គេ​យក​ទៅ​សម្លាប់​ចោល អ៊ីចឹង​មកដល់​សព្វ​ថ្ងៃ​ហ្នឹង​អ៊ីចឹង​ដែរ មេដឹកនាំ​បង្កើត​ពាក្យ​ស្លោក​អរគុណ​សន្តិភាព ហើយ​អ្នក​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​បើ​ហ៊ាន​និយាយ​ថា​ស្រុក​ខ្មែរ​លែង​មាន​សន្តិភាព​ក៏​គេ​កម្ចាត់​ចោល​ដែរ»។

ការ​រំឭក​ព្រឹត្តិការណ៍​ឈឺចាប់​កាល​ពី​អតីតកាល​នោះ អ្នក​ធ្លាប់​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម អំពាវនាវ​ឱ្យ​អ្នក​នយោបាយ និង​អ្នក​ដឹកនាំ​ប្រទេស កុំ​ធ្វើ​រឿង​ដដែលៗ កុំ​ចាត់​ទុក​គ្នា​ជា​សត្រូវ ឈប់​រើសអើង ឈប់​លាប​ពណ៌ និង​ឈប់​សាង​ភាព​ឈឺ​ចាប់​ឱ្យ​គ្នា ជាពិសេស សកម្មភាព​ទាំង​ឡាយ​ណា ដែល​នាំ​ឱ្យ​ប៉ះពាល់​អាយុជីវិត​មនុស្ស។ ពួក​គេ​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ ត្រូវ​រ៉ូវ​គ្នា និង​ប្ដេជ្ញា​ចិត្ត​រួមគ្នា​កសាង​ជាតិ ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​អន្តរជាតិ​សម្រាប់​ប្រយោជន៍​ជាតិ​ទាំង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles