ដោយ ថា ថៃ
2024.04.25
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញសម្រេចពន្យារពេលសវនាការលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទៅខែក្រោយដោយសារដាច់ភ្លើង នៅព្រឹកថ្ងៃទី២៥ មេសានេះ។
សហមេធាវីការពារក្ដីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ឲ្យអាស៊ីសេរីដឹង នៅមុននេះបន្តិចថា ថ្ងៃនេះ គឺជាវេនដែលសហមេធាវីរបស់លោក កឹម សុខា សួរនាំកូនក្ដីរបស់ខ្លួន ជុំវិញការចោទប្រកាន់របស់ចៅក្រម។ ស្រាប់តែការសាកសួរទើបចាប់ផ្ដើមបានតែ ៤សំណួរ ហើយលោក កឹម សុខា ឆ្លើយបាន ៣សំណួរ អគ្គិសនីក៏បានដាច់ ជាហេតុធ្វើឱ្យចៅក្រមសម្រេចលើកពេលសវនាការ ទៅថ្ងៃទី៩ ខែឧសភាវិញ។
អ្នកស្រី ម៉េង សុភារី បន្តថា លោក កឹម សុខា បន្តបដិសេធការចោទប្រកាន់របស់ចៅក្រម ដែលចោទថា លោកបានឃុបឃិតជាមួយបរទេសផ្ដួលរំលំរដ្ឋាភិបាល។ អ្នកស្រីមេធាវីអះអាងថា សវនាការរបស់លោក កឹម សុខា ដែលអូសបន្លាយពេលវែង រាប់ឆ្នាំមកនេះ គឺធ្វើឲ្យប៉ះពាល់ដល់កូនក្ដីរបស់អ្នកស្រី ជាពិសេស សិទ្ធិធ្វើនយោបាយ។
សាលាឧទ្ធរណ៍ សម្រេចយកសំណុំរឿងលោក កឹម សុខា ប្ដឹងទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ មកជំនុំជម្រះចាប់ពីថ្ងៃទី៣០ មករាមក។
សាលាឧទ្ធរណ៍ បានចាប់ផ្ដើមបើកសវនាការជំនុំជម្រះលើបណ្ដឹងទាស់នេះ ក្រោយពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ កាលពីឆ្នាំ២០២៣។
សាលាឧទ្ធរណ៍បានកំណត់រយៈពេលបើកសវនាការជំនុំជម្រះលោក កឹម សុខា ចំនួន ៩ដង ដែលធ្វើឡើងរយៈពេលពីរសប្ដាហ៍ម្ដង។ សវនាការនាព្រឹកថ្ងៃទី២៥មេសានេះ ជាសវនាការលើក៧ហើយ។
អ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក គឹម សុខ អះអាងថា ទោះបីជាសាលាឧទ្ធរណ៍នឹងបញ្ចប់សវនាការរបស់លោក កឹម សុខា នៅខែឧសភាខាងមុខនេះក្ដី ក៏ប៉ុន្តែ លោកព្យាករថា សំណុំរឿងលោក កឹម សុខានេះ នឹងមិនបញ្ចប់ឡើយ ពីព្រោះថា សំណុំរឿងតុលាការចោទប្រកាន់លោក កឹម សុខា នេះ ជារឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។