កម្ពុជា​បន្ត​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​​ទ្វេ​ដង​ប្រៀប​ធៀប​នឹង​ឆ្នាំកន្លងទៅ

ដោយ សេក បណ្ឌិត
2024.04.27
RFA

កម្ពុជា​បន្ត​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​​ទ្វេ​ដង​ប្រៀប​ធៀប​នឹង​ឆ្នាំកន្លងទៅ

របាយការណ៍គម្រោងការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមេសា ២០២៤។ រូប៖ ហ្វេសប៊ុកមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR រក​ឃើញ​ថា នៅក្នុង​ឆ្នាំ​២០២៣ មាន​ហេតុការណ៍​ចំនួន ២៣៨​ដង ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត ឬ​ការ​រំលោភបំពាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ។

របាយការណ៍ គម្រោងការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមេសា បង្ហាញ​ថា ចំនួន​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ដោយ​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ពេញ​មួយឆ្នាំ​២០២៣ មាន​ចំនួន​ជាង​២​រយ​ហេតុការណ៍ (២៣៨) ដែល​ចំនួន​នេះ​កើនឡើង​ជិត​ពីរ​ដង​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២​។ ការ​រឹតត្បិត​សេរីភាព​ខាង​ការ​បញ្ចេញមតិ​ទាំងនោះ​មាន​ដូចជា ការ​បង្ខំ​ឱ្យ​លុប​រូបភាព ការ​តាមដាន និង​ថតរូប​នៅពេល​ចុះ​យក​ព័ត៌មាន ការ​ចាប់​យក​ឧបករណ៍​អ្នកសារព័ត៌មាន និង​អំពើ​ហិង្សា​ទៅលើ​អ្នកសារព័ត៌មាន​ជាដើម។

សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន លោក ម៉ៃ ទិត្យថារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែមេសា ថា ដោយសារតែ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន នៅតែ​បន្ត​លាប​ពណ៌​អ្នកសារព័ត៌មាន ដូច្នេះ អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ភាគច្រើន នៅតែ​មិនអាច​បំពេញការងារ​ដោយ​រលូន​នោះ​ឡើយ​។ លោក​ចាត់ទុកថា ការ​តម្រូវ​ឱ្យ​អ្នកសារព័ត៌មាន​សុំ​ការ​អនុញ្ញាតិ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ជាមុន​សិន មុននឹង​ចុះ​យក​ព័ត៌មាន គឺជា​ឧបសគ្គ​ចម្បង​ដែល​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ឯករាជ្យ មិន​អាច​រាយការណ៍​អំពី​ព័ត៌មាន​នៅ​តាម​មូលដ្ឋាន ជាពិសេស​នៅ​តំបន់​ដែល​មាន​ការ​អភិវឌ្ឍ រំលោភបំពាន​សិទ្ធិ​ប្រជាពលរដ្ឋ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​លើកឡើង​ថា ការ​ផ្ដល់​សេរីភាព​ពេញលេញ​សម្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ ជា​គ្រឹះ​ដ៏​មាន​សារសំខាន់ នៅ​ក្នុង​សង្គម​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​។ ពួកគេ​ចង់​ឱ្យ​មាន​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ធ្វើការ​ដោយ​គ្មាន​ការ​បំភិតបំភ័យ ដើម្បី​ជួយ​ឆ្លុះបញ្ចាំង​អំពី​ការពិត​នៅក្នុង​សង្គម និង​ជួយ​ផ្ដល់​ព័ត៌មាន​ចម្រុះ​បែប​ដល់​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment