ស្នងការ​ខេត្តបាត់ដំបង​មិនទាន់​រក​ឃើញ​ក្រុម​ជនល្មើស​ដែល​វាយ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី

ដោយ ម៉ៅ សុធានី
2024.04.27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្នងការ​ខេត្តបាត់ដំបង​មិនទាន់​រក​ឃើញ​ក្រុម​ជនល្មើស​ដែល​វាយ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី

លោក សាន ប៊ុនឆាយ ជាអ្នកគាំទ្រ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​ជន​មិនស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយបែក​ក្បាល នៅ​ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០២៤។ Provided Photo


ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នៅ​មិនទាន់​រក​ឃើញ​ជនល្មើស​ដែល​វាយដំ​អ្នកគាំទ្រ​គណបក្សប្រឆាំង និង​ជា​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ដ៏​សកម្ម​ម្នាក់​គឺ​លោក សាន ប៊ុនឆាយ នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​មេសា។ មន្ត្រី​សង្គម​ស៊ីវិល​ថា សមត្ថកិច្ច​គួរតែ​អាច​ចាប់​ជនល្មើស បើ​ទោះជា​ទទួល​ព័ត៌មាន​តិចតួច​ពី​ជនរងគ្រោះ​ក្ដី។

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក សាត គឹមសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៦ ខែមេសា ថា សមត្ថកិច្ច​ជំនាញ​ក្រុង​បាត់ដំបង​នៅតែ​បន្ត​ស្រាវជ្រាវ ហើយ​លោក​ក៏​មិនទាន់​អាច​កំណត់ពេល​ជាក់លាក់​ដើម្បី​ចាប់​ជនល្មើស​បាន​នោះ​ដែរ​។ លោក សាត គឹមសាន ស្នើ​ឱ្យ​ម្ចាស់​បណ្ដឹង ឬ​ជនរងគ្រោះ​សហការ និង​ផ្ដល់​ព័ត៌មាន​បន្ថែម​ដល់​សមត្ថកិច្ច។

លោក សាត គឹមសាន៖ «ខាង​ជនរងគ្រោះ​ហ្នឹង សមត្ថកិច្ច​ខ្ញុំ​ទាក់ទង​ទៅ​សមត្ថកិច្ច​អត់​ឆ្លើយ​តប​វិញ សូម្បីតែ​ការ​ស្នើសុំ​កោសលវិច័យ​របស់​គាត់​ក៏​គាត់​អត់ឱ្យ កោសលវិច័យ​របស់​ពេទ្យ​គាត់​អត់ឱ្យ»។

ទោះជា​យ៉ាងណា លោក សាន ប៊ុនឆាយ បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក (Facebook) ខ្លួន កាលពី​ថ្ងៃទី​២៣ ខែ​មេសា កន្លងទៅ​ថា​អស់​រយៈពេល​ជិត​កន្លះ​ខែ​ហើយ ដែល​មាន​ជន​មួយ​ក្រុម​បាន​ប៉ុនប៉ង​វាយ​សម្លាប់​លោក​នៅ​កណ្ដាល​ទីក្រុង ហើយ​អាជ្ញាធរ​នៅតែ​មិនអាច​ចាប់ខ្លួន​ជន​បង្ក​បាន។

លោក សាន ប៊ុនឆាយ បន្ត​ថា លោក​នៅតែ​សោកស្ដាយ​ដែល​ជឿជាក់​លើ​ពាក្យ​«​អរគុណ​សន្តិភាព​» រហូត​លោក​ដាច់ចិត្ត​នាំ​ប្រពន្ធ​កូន​មកលេង​ស្រុកកំណើត តែ​ជា​អកុសល​លោក​បែរ​ជួប​រឿងរ៉ាវ​ស្ទើរតែ​បាត់បង់​ជីវិត​នៅមុខ​ប្រពន្ធ​កូន​ថែមទៀត​។ លោក​ថា រដ្ឋាភិបាល​នឹង​ស្អុយឈ្មោះ​អាក្រក់ ប្រសិនបើ​មិន​អាច​ផ្ដល់​យុត្តិធម៌​ដល់​លោក​បាន។

ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី លោក សាន ប៊ុនឆាយ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​រូបលោក​ទាំង​កម្រោល​នៅ​កណ្ដាល​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បណ្ដាល​ឱ្យ​លោក​មាន​ស្នាមរបួស​ស្ទើរ​ពេញ​ដងខ្លួន និង​ស្នាមរបួស​ក្បាល​ដេរ ៨​ថ្នេរ កាលពី​ថ្ងៃទី​១០ ខែ​មេសា ក្នុង​ពេល​លោក​កំពុង​ដើរ​ចេញ​ពី​ធនាគារ​ABA នៅ​ជិត​សាលាខេត្ត​បាត់ដំបង និង​ប៉ុស្តិ៍​នគរបាល​ស្វាយប៉ោ។

លោក សាន ប៊ុន​ឆាយ គឺជា​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​អ្នកគាំទ្រ​គណបក្សប្រឆាំង ជាពិសេស​លោក សម រង្ស៊ី។ លោក ក៏​សកម្ម​ក្នុង​ការ​សរសេរ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ក្នុង​បំណង​រិះគន់​ស្ថាបនា​ទៅលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ផង​ដែរ​។ លើស​ពី​នេះ អំពើ​ហិង្សា​លើ លោក សាន ប៊ុនឆាយ នេះ កើតឡើង​ក្រោយ​ពេល​គ្រួសារ​របស់​លោក បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​វត្តមាន លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុង​ម៉ែលប៊ន កាលពី​ខែ​មីនា កន្លង​ទៅ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ព័ត៌មាន​ពី​ជនរងគ្រោះ​ទៅ​កាន់​សមត្ថកិច្ច​គឺជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​នៅតែ​អាច​ចាប់​ជនល្មើស​បាន បើទោះជា​ទទួល​បាន​ព័ត៌មាន​តិចតួច​ក្ដី​។ លោក នី សុខា ថា​ប្រសិនបើ​អាជ្ញាធរ​មិន​អាច​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​លើ​ករណី​នេះ​ទេ ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​អស់​ជំនឿ​ចិត្ត​លើ​អាជ្ញាធរ និង​ចាត់ទុក​ករណីនេះ​ថា​ជា​រឿង​នយោបាយ ខណៈ​ដែល​កន្លង​មក​អាជ្ញាធរ​កម្រ​ចាប់​ជនល្មើស​ដែល​បាន​វាយ​ទៅ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ណាស់។

លោក នី សុខា៖ «កន្លង​មក​នេះ​មិនមែន​មានតែ​ករណី​ការ​វាយដំ​មួយ​ហ្នឹង​ទេ គឺថា​មាន​ករណី​វាយដំ​ជាច្រើន​ហើយ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ប្រហែល​ជា ៥០ ៦០ ករណី​ដែល​យើង​ឃើញ​ការ​វាយដំ​នៅ​តាម​ទី​សាធារណៈ​ទៅ​លើ​សកម្មជន​ជាពិសេស​សកម្មជន​នយោបាយ​នេះ គិតថា​សមត្ថកិច្ច​មិនដែល​វែកមុខ​រក​ឃើញ​ជន​ប្រព្រឹត្ត ឬ​ជន​ដៃដល់​ហ្នឹង​មក​ផ្ដន្ទាទោស​តាមច្បាប់​ទេ»។

ទោះជា​យ៉ាងណា ករណី​ហិង្សា​លើ​សកម្មជន​នយោបាយ និង​អ្នក​រិះគន់​ជាង​៥០​នាក់​កន្លងមក ក៏​សមត្ថកិច្ច​ស្គាល់​ស្លាក​លេខ​ម៉ូតូ​ជនល្មើស​ដែរ ប៉ុន្តែ​មក​ទល់​ពេល​នេះ សមត្ថកិច្ច មិនទាន់​ចាប់បាន​ជន​ដៃដល់​ណា​ម្នាក់ មក​ផ្ដន្ទាទោស​តាមច្បាប់​ឡើយ​។ ផ្ទុយទៅវិញ ជនរងគ្រោះ​ខ្លះ មិន​ត្រឹមតែ​មិន​ទទួល​បាន​យុត្តិធម៌​ទេ ថែមទាំង​ត្រូវ​បាន​គេ​វាយដំ​ផ្ទួនៗ​គ្នា និង​ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ថែមទៀត ដូច​ករណី​អ្នក​រិះគន់​លើ​បណ្ដាញ​សង្គម លោក នី ណាក់ ជាដើម​។ ករណី​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​អូស្ត្រាលី លោក សាន ប៊ុន ឆាយ នេះ ក៏​ទំនងជា​នឹង​មាន​លទ្ធផល​មិន​ខុសពី​ករណី​មុនៗ​ឡើយ ដោយ​បាន​ត្រឹមតែ​រង់ចាំ​យុត្តិធម៌​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយ​គ្មាន​ពេល​កំណត់។

កន្លង​មក នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) វាយតម្លៃ​ថា អំពើ​ហិង្សា​លើ​សកម្មជន​នយោបាយ និង​អ្នក​រិះគន់​ទាំងនេះ គឺជា​រឿង​នយោបាយ ដែល​មាន​លោក ហ៊ុន សែន គឺជា​មេគំនិត​។ លោក ហ្វីល រ៉ូបឺតសុន ថា គោលដៅ​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ទាំងនេះ គឺ​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់​រដ្ឋាភិបាល។ អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​បរទេស​ឱ្យ​ចេញមុខ​ទាមទារ​ជា​សាធារណៈ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​រំលោភបំពាន​ទាំង​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles