អាជ្ញាធរ​ខេត្ត​សៀមរាប​ថា ចិន​នឹង​ផ្តល់​ជំនួយការ​ជួសជុល​ប្រាសាទ​បេង​មាលា​ខេត្ត​សៀមរាប

ដោយ សេក បណ្ឌិត
2024.04.27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ខេត្ត​សៀមរាប​ថា ចិន​នឹង​ផ្តល់​ជំនួយការ​ជួសជុល​ប្រាសាទ​បេង​មាលា​ខេត្ត​សៀមរាប

ទិដ្ឋភាព​មន្ត្រីអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការងារនៅតំបន់ប្រាសាទបេងមាលា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក​ក្រសួង​វប្បធម៌


អាជ្ញាធរ​ខេត្តសៀមរាប​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ផ្តល់​ជំនួយ​ជួសជុល​ប្រាសាទបេង​មាលា​នៅពេល​ឆាប់ៗ​នេះ ក្រោយពី​ចិន​បាន​ផ្តល់​ជំនួស​ជួសជុល​ប្រាសាទ​ចំនួន​២​រួចរាល់​ហើយ ឋិត​ក្នុង​តំបន់​អង្គរ ខេត្ត​សៀមរាប។

ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ និង​ពលរដ្ឋ​គាំទ្រ​ការ​ផ្តល់​ជំនួយ​នេះ​ដោយ​ចាត់ទុកថា នឹង​ធ្វើ​ឱ្យ​ប្រាសាទ​បុរាណ​ខ្មែរ​ឈរ​មាំ​បន្ត​ទៀត ជំរុញ​ឱ្យ​មាន​ការ​ថែរក្សា​តំបន់​បុរាណ​ឋាន ដើម្បី​បង្ហាញ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ផ្លូវ​បុរាណ របស់​បុព្វបុរស​ខ្មែរ។

ក្រុមហ៊ុន​ឯកជន​នឹង​ជួសជុល​ប្រាសាទបេង​មាលា ឬ​ហៅថា ប្រាសាទ​បឹងមាលា ដែល​មាន​សណ្ឋាន​និង​ទំហំ​ប្រហាក់ប្រហែល​នឹង​ប្រាសាទអង្គរវត្ត​នឹង​ចាប់ផ្តើម​ជួសជុល​កែ​លម្អ ក្នុង​ឆ្នាំ​២០២៤ នេះ ដែល​ជា​ជំនួស​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចិន។

អាជ្ញាធរ​ថា ចាត់ទុក​ប្រាសាទ​នេះ មាន​ប្រជាប្រិយ​ភាព​មិន​ចាញ់​នឹង​ប្រាសាទ​អង្គរ​នោះ​ទេ ភ្ជាប់​នឹង​រាជធានី​អង្គរ ឆ្ពោះទៅ​រាជធានី​បុរាណ​ព្រះខ័ន​កំពង់ស្វាយ ដោយមាន​បណ្ដាញ​ផ្លូវ​បុរាណ​តំណ​ភ្ជាប់​ដល់​ប្រាសាទ​សំបូរ​ព្រៃគុក ក្នុង​ខេត្តកំពង់ធំ។ នេះ​បើ​យើង​តាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា។

រចនា​សមុទ្រ​ផ្លូវ​បុរាណ ដោយ​គិត​ចាប់ពី​ចំណុច​ប្រាសាទ​អង្គរវត្ត ឆ្ពោះទៅ​ទិស​ខាងកើត​ឆ្លងកាត់​តំបន់ភ្នំ​បូក ក្នុង​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី មាន​ចម្ងាយ​ប្រហែល​ជាង ៦០​គីឡូម៉ែត្រ គេ​នឹង​ដល់​ប្រាសាទ​បេងមាលា។

បើ​គេ​ធ្វើដំណើរ​ទៅដល់​ប្រាសាទបេង​មាលា មាន​ផ្លូវ​មួយ​បត់​ឆ្វេង តម្រង់​ទៅ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ក្នុង​ខេត្ត​ព្រះវិហារ ហើយ​ផ្លូវ​បុរាណ​មួយ​ខ្សែ​ទៀត ឆ្ពោះទៅ​ទិសខាងកើត បែក​ចេញ​ទៅដល់​ប្រាសាទ​សំបូរព្រៃគុក ក្នុង​ខេត្ត​កំពង់ធំ។

អាជ្ញាធរ​ថា បើ​ទោះ​បី​ជា​ប្រាសាទបេង​មាលា នៅ​ឆ្ងាយ​ពី​ប្រាសាទ​អង្គរវត្ត​ក្តី ក៏​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាច្រើន តែងតែ​ចំណាយ​ថវិកា ទៅ​ទស្សនា​ប្រាសាទ​នេះ។

បច្ចុប្បន្ន​ប្រាសាទបេង​មាលា ឋិត​នៅ​ដាច់​ដោយ​ឡែក ពោល​គឺ​មិន​ឋិត​ក្នុង​ចង្កោម​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួមបញ្ចូល​ជាមួយ​ប្រាសាទ​អង្គរវត្ត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នោះ​ទេ។

អភិបាលរង​ខេត្ត​សៀមរាប លោក យុន លីនណេ បាន​ថ្លែង​ជា​សាធារណៈ ក្នុង​តំបន់​ឧទ្យាន​អង្គរ​ដោយ​លោក បាន​អរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​ផ្តល់​ជំនួស​ជួសជុល​ប្រាសាទបុរាណ​នានា ក្នុង​តំបន់​អង្គរ​ជា​បន្តបន្ទាប់ នឹង​គ្រោង​ជួសជុល​ប្រាសាទបេង​មាលា។

លោក យុន លីនណេ ថ្លែង​បែបនេះ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ការសម្ដែង​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា និង​ក្បាច់គុន​សៅលីង​របស់​ចិន។

លោក យុន លីនណេ៖ «ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ រហូត​ដល់​ឆ្នាំ ២០២៤​នេះ កិច្ច​សហប្រតិបត្តិការ​ចំណង​មេត្រីភាព ត្រូវ​បាន​បង្កើត​ឡើង រវាង​ខេត្តសៀមរាប និង​ខេត្ត​ក្រុង​ចំនួន​៣០ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន»។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៦ មេសា​ថា កន្លងទៅ​ចិន បាន​ផ្តល់​ជំនួស​ឧបត្ថម្ភ​ជួស​ប្រាសាទ​ចំនួន ២ រួមមាន​ប្រាសាទ ចៅ​សាយ​ទេវតា និង​ប្រាសាទ​តាកែវ​រួចរាល់​អស់​ហើយ ហើយ​បច្ចុប្បន្ន​ចិន​កំពុង​បន្ត​ជួសជុល​ប្រាសាទ​ខ្លោងទ្វារ​ខាងជើង ជាប់​ព្រះបរមរាជវាំង​បុរាណ និង​ប្រាសាទ​ភិមានអាកាស​ក្នុង​តំបន់​ឧទ្យាន​អង្គរ។

លោក​ថា ប្រសិនបើ​ជួសជុល​ប្រាសាទបេង​មាលា​រួចរាល់ នឹង​បង្កើន​ប្រាក់ចំណូល​ដល់​សហគមន៍​មូលដ្ឋាន​ពី​វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​កេរដំណែល​វប្បធម៌​ខ្មែរ​មួយ​កម្រិត​ទៀត។

លោក ឡុង កុសល៖ «ការ​រក្សា​បាន​នូវ​មរកត​ដូនតា​របស់​យើង យើង​នឹង​អាច​បំពេញ​កាតព្វកិច្ច កូន​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​ស្នង​គុណូបការៈ​ដល់​បុព្វបុរស​យើង ធ្វើ​យ៉ាងណា រំលេច​ឡើងវិញ​ស្នាដៃ​របស់​លោក។ មិន​ត្រឹមតែ​ថែរក្សា​ទេ ធ្វើ​ឱ្យ​ស្នាដៃ​លេចធ្លោ​ជាថ្មី​ឡើងវិញ»។

អ្នកជំនាញ​ប្រវត្តិសាស្ត្រ​ពន្យល់​ថា ការ​ជួសជុល​ប្រាសាទបេង​មាលា អាច​នឹង​ប្រើ​ពេល​ចន្លោះ​ពី ២០ ឆ្នាំ ដល់​ជាង ៣០ ឆ្នាំ ព្រោះ​ប្រាសាទ​នេះ​មាន​ទំហំ​ធំ ប្រហាក់ប្រហែល​នឹង​ប្រាសាទអង្គរវត្ត ហើយ​បច្ចុប្បន្ន​ថ្ម​នៃ​តួ​ប្រាសាទ​បាន​ធ្លាក់​រាយប៉ាយ​ពាសពេញ​ដី ក្លាយជា​គំនរ​ថ្ម​គរ​លើ​គ្នា​។ រីឯ​ថវិកា​ចំណាយ ក្នុង​ការ​ជួសជុល​ចន្លោះ​ពី ៥០​លាន​ដុល្លារ ដល់ ៦០​លាន​ដុល្លារ​អាមេរិក។

មគ្គុទ្ទេសក៍​អង្គរ លោក ហៀក សេងហួត ពន្យល់​ថា ការ​ជួសជុល​ប្រាសាទបេង​មាលា មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​បង្ហាញ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ រំលេច​រចនាសម្ព័ន្ធ​តំណ​ភ្ជាប់​ផ្លូវ​កាលពី​សម័យ​បុរាណ​ដែល​អាច​ជួយ​បង្កើន​ប្រាក់ចំណូល​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​មូលដ្ឋាន។ លោក​ថា ប្រាសាទ​នេះ​កសាង​ឡើង​ដោយ​ថ្មភក់ ងាយ​នឹង​ជួសជុល​ជាង​ប្រាសាទ​ដែល​កសាង​ពី​ឥដ្ឋ។

លោក ហៀក សេងហួត៖ «ខ្ញុំ​គិតថា ប្រាសាទ​បេងមាលា​នេះ ជួសជុល​ឡើងវិញ​ច្បាស់​ជា​ភ្ញៀវ​ទេសចរ​ទៅ​បាន​ច្រើន ព្រោះ​ដើម្បី​ជួយ​លើកកម្ពស់​វប្បធម៌​ខ្មែរ បងប្អូន​ខ្មែរ​យើង ត្រូវ​ចេះ​ប្រវត្តិសាស្ត្រ​បេង​មាលា ដើម្បី​បណ្ដុះ​កូនចៅ​យើង​ទៅ​ថ្ងៃក្រោយ»។

ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ​ឱ្យ​ដឹង​ថា ការ​ជួសជុល​ប្រាសាទ​បុរាណ​នានា គួរតែ​មាន​សកម្មភាព​ច្រើន​ជាង​នេះ​ទៀត ព្រោះ​នៅ​កម្ពុជា​មាន​ប្រាសាទ​បុរាណ​ជាច្រើន​ទៀត ដែល​អាជ្ញាធរ​មិនទាន់​ជួសជុល អភិរក្ស និង​ថែរក្សា​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងអស់​នេះ​ឱ្យ​ល្អ​នៅឡើយ​ទេ។

ពួកគាត់​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល នៅតែ​មិន​ចាប់អារម្មណ៍​ថែទាំ និង​អភិរក្ស​តំបន់​បុរាណ​ឋាន​កប់​ក្នុង​ព្រៃ នឹង​ធ្វើ​ឱ្យ​បាត់បង់​កេរដំណែល​វប្បធម៌​ដ៏​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ និង​ស្នាដៃ​បុព្វបុរស​ខ្មែរ។

យុវជន​ម្នាក់​ដែល​ទៅ​ទស្សនា​ប្រាសាទ​បេងមាលា លោក ម៉ា ចិត្រា យល់​ថា រដ្ឋាភិបាល​ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់ ពី​ប្រាសាទបុរាណ​ជាច្រើន​ដែល​មិនទាន់​ជួសជុល​រួមមាន ប្រាសាទព្រះខ័ន​កំពង់ស្វាយ និង​ប្រាសាទ​បន្ទាយឆ្មារ​ជាដើម គួរតែ​បំផុស​ចលនា​មហាជន ឬ​អ្នក​មាន​ទ្រព្យធន​ច្រើន​រួមគ្នា​ជួសជុល​ឡើងវិញ។

ប្រការ​នេះ​លោក​ថា កម្លាំង​មហាជន​រួមចំណែក​យ៉ាង​សំខាន់​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ ជំរុញ​ឱ្យ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​ជាតិ​កាន់តែ​ច្រើន​ឡើង។

លោក ម៉ា ចិត្រា៖ «ជួសជុល​ប្រាសាទ​ឱ្យ​ល្អ​ឡើងវិញ ខ្ញុំ​គិតថា ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ហើយ​វា​នាំ​ជំនួយ​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​មូលដ្ឋាន​ផង និង​ពន្ធ​ចូល​ទៅ​រដ្ឋ​ផង​បាទ»។

ប្រាសាទ​បេងមាលា​បាន​កសាង​ឡើង​នៅ​សតវត្សរ៍​ទី​១២ តាម​រចនាប័ទ្ម​អង្គរវត្ត សង់​លើ​ផ្ទៃដី​រាបស្មើ​ទំហំ ១៤​ហិកតារ ដែល​មាន​កំពែង​៣​ជាន់​។ ប្រាសាទ​នេះ​សាងសង់​ឡើង​ដោយ​ព្រះបាទ សូរ្យ​វរ្ម័នទី​២ ឧទ្ទិស​ថ្វាយ​ព្រះវិស្ណុ ក្នុង​ព្រហ្មញ្ញសាសនា ដោយមាន​កសិណ​ទឹក (គូ​ទឹក) ព័ទ្ធជុំវិញ​រាប់​គីឡូម៉ែត្រ ខណ្ឌ​ទីតាំង​ប្រាសាទ ឲ្យ​ក្លាយជា​កោះ​មួយ​ឬ​ហៅ បឹងមាលា​។ ប្រាសាទបឹងមាលា​ឋិត​ក្នុងភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment