ដោយ សេក បណ្ឌិត
2024.04.28
RFA
លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ចូលរួមសម័យប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ រូបភាព៖ ហ្វេសប៊ុកស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រកឃើញថា រដ្ឋាភិបាលកម្ពុជា កំពុងយាយីនិងដាក់ទោសលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គមស៊ីវិល និងគណបក្សនយោបាយ ដោយមិនឱ្យអនុវត្តសិទ្ធិស៊ីវិល និងនយោបាយដោយសេរីទេ។ អ្នកជំនាញក៏រកឃើញទៀតថា រដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំ ដោយសន្តិវិធី ដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយផង។
អ្នកឃ្លាំមើលសង្គម ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ការពិត ចំពោះសកម្មភាព ដែលយាយីទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គមស៊ីវិលនានា ព្រមទាំងបើកទូលាយ ឱ្យសង្គមស៊ីវិលនិងគណបក្សនយោបាយទាំងឡាយ អាចអនុវត្តសិទ្ធិរបស់ពួកគេ បានដោយសេរីនិងទូលំទូលាយឡើងវិញ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ខែមេសាថា ការដែលរដ្ឋាភិបាលលកម្ពុជាឆ្លើយដោះសា មិនទទួលយកសេចក្ដីថ្លែងការណ៍ របស់អ្នកជំនាញអង្គការសហប្រជាជាតិ អំពីករណីរំលោភសិទ្ធិមនុស្ស និងកំពុងយាយី ទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គមស៊ីវិលនិងគណបក្សនយោបាយនោះ គឺវាកាន់តែធ្វើឱ្យកម្ពុជា មានកេរ្តិ៍ឈ្មោះអាក្រក់ថែមទៀត។
លោក ម៉ែន ណាត យល់ថាការឆ្លើយដោះសា មិនទទួលស្គាល់ការពិតក៏បង្ហាញឱ្យឃើញពី រដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត គ្មានឆន្ទៈកែសម្រួលស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យល្អឡើងវិញ ដើម្បីបញ្ចប់នូវទុក្ខវេទនា របស់ពលរដ្ឋកម្ពុជាទេ។
លោក ម៉ែន ណាត៖ «ចំពោះរឿងនេះវាជារឿងដែលមិនល្អទេ នៅពេលដែលអង្គការសហប្រជាជាតិ ចេះតែរាយការណ៍អំពីស្ថានភាពអាក្រក់របស់កម្ពុជាបែបនេះ ហើយរដ្ឋាភិបាលដោះសាមិនព្រមកែសម្រួល។ ដូច្នេះវាធ្វើឱ្យឥទ្ធិពលអាក្រក់របស់កម្ពុជា ចេះតែជះទៅលើអ្នករកស៊ី អ្នកវិនិយោគទុនអន្តរជាតិ គេមិនហ៊ានទៅរកស៊ីនៅស្រុកយើងទេ»។
ការរិះគន់របស់អ្នកឃ្លាំមើលនេះ បន្ទាប់ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ បង្ហាញថារដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើទុក្ខបុកម្នេញ និងយាយីទៅលើគណបក្សនយោបាយ ក្រុមអ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិលនិងសកម្មជនការពារបរិស្ថានជាច្រើនទៀត។
សេចក្ដីថ្លែងការណ៍រួម ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស កាលពីថ្ងៃទី១៨ខែមេសានិយាយថា ថ្មីៗនេះអាជ្ញាធររដ្ឋាភិបាល បានកោះហៅសកម្មជននយោបាយ សង្គមស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងចាប់ខ្លួនមួយចំនួន ដោយសារតែអ្នកទាំងនោះ បានធ្វើការងារពាក់ព័ន្ធនិងកិច្ចការពារផលប្រយោជន៍ពលរដ្ឋ។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ក៏អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ចប់រាល់ការយាយីនិងការដាក់ទោស ទៅលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គមស៊ីវិល ហើយបើកទូលាយឱ្យពួកគេអាចធ្វើការងារពាក់ព័ន្ធនិងការអនុវត្តសិទ្ធិស៊ីវិល និងនយោបាយ ដោយសេរីឡើងវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ដើម្បីសុំការពន្យល់ជុំវិញរបាយការណ៍នេះ បានទេនៅថ្ងៃទី២៧ខែមេសា ដោយសារតែលោកទាំងពីរមិនទទួលទូរស័ព្ទ។
ក៏ប៉ុន្តែកាលពីថ្ងៃទី២០ខែមេសាកន្លងទៅ ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់រដ្ឋាភិបាលកម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានចេញសេចក្ដីថ្លែងការណ៍ជំទាស់និងសេចក្ដីថ្លែងការណ៍រួម របស់អង្គការសហប្រជាជាតិនេះ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់រដ្ឋាភិបាលកម្ពុជា ប្រចាំអង្គការសហប្រជាជាតិបានច្រានចោលការចោទប្រកាន់ដែលថា កម្ពុជាបានធ្វើទុក្ខបុកម្នេញ យាយីលើអ្នកការពារសិទ្ធិមនុស្ស និងរំលោភទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិបង្កើតសមាគម ព្រមទាំងសិទ្ធិប្រមូលផ្ដុំដោយសន្តិវិធីនោះ គឺជារឿងមិនពិត។
ជុំវិញរឿងនេះ អតីតអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានចាត់ទុកសេចក្ដីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិដែលថា រដ្ឋាភិបាលកម្ពុជា កំពុងតែរំលោភសិទ្ធិមនុស្ស និងយាយី ទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គមស៊ីវិលនិងគណបក្សនយោបាយនានា គឺជារឿងពិត។
លោក អ៊ុំ សំអាន យល់ថារដ្ឋាភិបាលដែលកំពុងដឹកនាំដោយ លោក ហ៊ុន ម៉ាណែត គឺមិនខុសគ្នាពី រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ជាឪពុកទេ សុទ្ធតែបានរំលោភសិទ្ធិមនុស្ស និងយាយីទៅលើសកម្មជននយោបាយ សង្គមស៊ីវិល សហជីពកម្មករ ព្រមទាំងសកម្មជនការពារបរិស្ថានជាដើម។
លោក អ៊ុំ សំអាន៖ « អង្គការសហប្រជាជាតិ គេមានតំណាងរបស់គេនៅកម្ពុជាគឺការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស។គេមានមនុស្សធ្វើការស៊ើបអង្កេត តាមដានស្រាវជ្រាវ អំពីការរំលោភសិទ្ធិមនុស្ស មិនមែនឮតាមតែរយៈសង្គមស៊ីវិល ឬក៏សារព័ត៌មាននោះទេ។ ដូច្នេះការដែលរដ្ឋាភិបាលថាអង្គការសហប្រជាជាតិ មានការយល់ច្រឡំនោះ គឺជាការមិនសមហេតុផលសម្រាប់រដ្ឋាភិបាលឆ្លើយការពារខ្លួននោះទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថារដ្ឋាភិបាលកម្ពុជាមិនគួរច្រានចោលទាំងស្រុង នូវសេចក្ដីថ្លែងការណ៍ របស់អ្នកជំនាញអង្គការសហប្រជាជាតិ ស្តីពីការរំលោភសិទ្ធិមនុស្សនោះទេ។ លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលពិនិត្យមើលទៅលើចំណុចខ្វះខាតមួយចំនួន ដែលគេបានលើកឡើង ហើយធ្វើការកែលំអនោះ នឹងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រសើរឡើង។
លោក អំ សំអាត៖ «បើសិនច្រានចោលទាំងស្រុង គឺជាចំណុចដែលធ្វើឱ្យមានការព្រួយបារម្ភតទៅមុខទៀត ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែលត្រូវបានរិះគន់ជាបន្តបន្ទាប់ទៅទៀត ។ កន្លងមកសហរដ្ឋអាមេរិក ឬក៏សហគមន៍អឺរ៉ុបធ្លាប់សំដែងការព្រួយបារម្ភ ហើយសុំឱ្យកម្ពុជា កែលំអទៅលើលំហប្រជាធិបតេយ្យនិងលំហសិទ្ធិមនុស្សនៅកម្ពុជា»។
អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស សិទ្ធិការងារបានកត់សំគាល់ឃើញថា បច្ចុប្បន្ននេះកម្ពុជា កំពុងតែរឹតត្បិតនិងមានការរំលោភបំពានទៅលើសិទ្ធិជាមូលដ្ឋានចំនួនបី គឺសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការជួបជុំ ការប្រមូលផ្ដុំដោយសន្តិវិធី និងសិទ្ធិសមាគមមិនមែនរដ្ឋាភិបាលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។