ដោយ សុ ជីវី
2024.04.29
RFA

ស្លាកសញ្ញារោងចក្រផលិតស្បែកជើង នៅខេត្តកំពង់ស្ពឺ។រូប៖ ហ្វេសប៊ុក Wing Star Shoes Cambodia 2021-01-21
គ្រួសារ និងសហជីព ទាមទារតុលាការឱ្យទម្លាក់ចោលបទចោទលើប្រធានសហជីពប្រចាំក្រុមហ៊ុន វីង ស្តារ ស៊ូ (Wing Star Shoes)។ ការលើកឡើងនេះ ក្រោយពីសាលាដំបូងខេត្តកំពង់ស្ពឺ លើកពេលសវនាការប្រធានសហព័ន្ធសហជីពកម្ពុជា ប្រចាំរោងចក្រ វីង ស្ដារស៊ូ លោក ជា ចាន់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ សមគំនិតក្នុងការលួចទ្រព្យសម្បត្តិក្នុងរោងចក្រ កាលពីឆ្នាំ២០២២។
គ្រួសារ និងសហជីព ទាមទារតុលាការខេត្តកំពង់ស្ពឺ ឱ្យដោះលែង និងទម្លាក់ការចោទប្រកាន់លើប្រធានសហជីព ប្រចាំក្រុមហ៊ុន វីង ស្តារស៊ូ លោក ជា ចាន់ ដោយឥតលក្ខខណ្ឌ។
ប្រពន្ធរបស់ប្រធានសហជីពកម្ពុជានៅរោងចក្រ វីងស្តារ ស៊ូ លោក ជា ចាន់ គឺលោកស្រី ឆែ ចាន់រ៉ា ច្រានចោលការចោទប្រកាន់របស់តុលាការលើប្ដីលោកស្រី និងស្នើដល់តុលាការឱ្យដោះលែងប្ដីលោកស្រី ឲ្យមានសេរីភាពឡើងវិញ។
លោកស្រី ឆែ ចាន់រ៉ា៖ «ស្នើសុំតុលាការខេត្តកំពង់ស្ពឺដោះលែងប្ដីខ្ញុំ ព្រោះគាត់ជាប់ដោយអយុត្តិធម៌»។
ការស្នើសុំនេះ ក្រោយពីសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ មេសា បានលើកពេលសវនាការលោក ជា ចាន់ ក្រោមហេតុផលថា អវត្តមានសាក្សីដើមបណ្ដឹង។
សហជីពឯករាជ្យ ចាត់ទុកអវត្តមានសាក្សីដើមបណ្ដឹងនេះថា តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើ លោក ជា ចាន់ និងទាមទារឲ្យតុលាការខេត្តនេះ ដាក់ឲ្យលោក ជា ចាន់ នៅក្រៅឃុំតតាំងរឿងក្ដី។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ មេសាថា តុលាការខេត្តកំពង់ស្ពឺ គួរតែដោះលែងលោក ជា ចាន់ ឲ្យមានសេរីភាពឡើងវិញ ដើម្បីជួបជុំក្រុមគ្រួសារ ដោយសារតែសាក្សីដើមបណ្ដឹងអវត្តមាន។
ប្រធានសហជីពរូបនេះ អះអាងថា ការចងក្រងសហជីពមិនមែនចង់ឈ្នះចាញ់ជាមួយថៅកែនោះទេ ពោលគឺ ដើម្បីយកបញ្ហាកម្មករមកដាក់នៅលើតុចរចាគ្នា រកដំណោះស្រាយជូនកម្មករ ហើយអ្នកស្រី ស្នើដល់តុលាការទម្លាក់ការចោទប្រកាន់លើប្រធានសហជីពលោក ជា ចាន់។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ព្រោះតែតុលាការអត់មានហេតុផល អត់មានអីត្រឹមត្រូវ ភាគីដើមចោទ គេអត់មានសាក្សីត្រឹមត្រូវផង សួរថា រឿងអ្វីដែលត្រូវបន្តឃុំខ្លួនគាត់ បើសិនជាតុលាការអត់មានមូលដ្ឋានអ្វីត្រឹមត្រូវទេ ត្រូវតែសម្រេចដោះលែងគាត់ឲ្យមានសេរីភាព ឲ្យគាត់មានសិទ្ធិមកជួបជុំប្រពន្ធកូន»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា ដើម្បីសុំសួរអំពីបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៩ ខែមេសា។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក ជា ចាន់ នៅក្នុងរោងចក្រ វីងស្តារ ស៊ូ នៅក្នុងស្រុកគងពិសី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដោយគ្មានបញ្ជាក់អំពីមូលហេតុ ឬបង្ហាញដីកាចាប់ខ្លួនឡើយ។ បន្ទាប់មក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែកុម្ភៈ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនប្រធានសហជីពកម្ពុជាប្រចាំរោងចក្រ វីងស្តារ ស៊ូ រូបនេះ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទសមគំនិតក្នុងអំពើលួចសម្ភារៈនៅក្នុងរោងចក្រ កាលអំឡុងឆ្នាំ២០២២ តាមបណ្ដឹងរបស់ថៅកែក្រុមហ៊ុន និងក្រោយពេលលោក ជា ចាន់ បានព្យាយាមបង្កើតសហជីពឯករាជ្យ ដើម្បីការពារសិទ្ធិរបស់កម្មករនៅកន្លែងធ្វើការ។
កន្លងទៅ អង្គការសង្គមស៊ីវិល សហព័ន្ធសហជីពកម្ពុជា រួមជាមួយសហជីពសកល អ៊ិនដាសស្រ្ទី អល (IndustriAll Global Union) បានប្រតិកម្មជាបន្តបន្ទាប់ ដោយចាត់ទុកការចោទប្រកាន់នេះថា ជារឿងមិនពិត និងជាឧបាយកលបង្ក្រាបសហជីព ក្នុងគោលបំណងបញ្ឈប់សកម្មភាពរបស់សហជីពក្នុងស្រុក។ ពួកគេបានដាក់លិខិតទៅក្រុមហ៊ុនបញ្ជាទិញ ដើម្បីដាក់សម្ពាធដល់ភាគីក្រុមហ៊ុន វីងស្ដារ ស៊ូ ថា ត្រូវដកបណ្ដឹង ហើយដោះលែងប្រធានសហជីព លោក ជា ចាន់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។