រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមខែមិថុនា

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
25/05/2024 – 14:16
ដោយ៖ សាំ ឧត្តម
RFI

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី០៤ ខែមិថុនាឆ្នាំ​២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។ នេះជាលើកទី២ហើយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះធ្វើដំណើរមកកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ 

រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមខែមិថុនា


មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបានឱ្យដឹងថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី០៤ មិថុនា ដើម្បីជួបជជែកពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន ដូចគ្រាដែលលោកធ្លាប់បានជួបជជែកកាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី០៩ អំឡុងខែវិច្ឆិកា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចរបស់លោក Lloyd Austin ជាលើកទី២មកកម្ពុជានេះ ខាងមន្ទីរបញ្ចកោណសហរដ្ឋអាមេរិកមិនបានបញ្ជាក់ពីកម្មវត្ថុលម្អិតអ្វីឡើយ។ ប៉ុន្តែដំណើរទស្សនកិច្ចមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលើកនេះ មន្ទីរបញ្ចកោណរៀបរាប់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា សហរដ្ឋអាមេរិកចង់បន្តពង្រឹងទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ចំណែកអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក Wesley Holzer បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIនៅរសៀលថ្ងៃទី២៥ ឧសភានេះថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក គឺដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិជាមួយមេដឹកនាំថ្មីរបស់កម្ពុជា។ 

តាមអ្នកនាំពាក្យស្ថានទូតអាមេរិក វត្តមានរបស់លោករដ្ឋមន្ត្រី Lloyd Austinនៅកម្ពុជានាដើមខែមិថុនាខាងមុខ គឺជាដំណើរការទស្សនកិច្ចផ្លូវការលើកទី១។ ប៉ុន្តែបើនិយាយក្នុងក្របខណ្ឌប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នេះគឺជាលើកទី២។ 

តែយ៉ាងណា លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ដំណើរការទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកជារឿងធម្មតា។ ប៉ុន្តែបើនិយាយអំពីភូមិសាស្ត្រនយោបាយវិញ លោកបណ្ឌិតគិន ភា អះអាងថា សហរដ្ឋអាមេរិកទំនងជាព្រួយបារម្ភទៅនឹងឥទ្ធិពលរបស់ចិនមកលើកម្ពុជា។ ហើយដំណើរការទស្សនកិច្ចខាងមុខនេះ អាមេរិកចង់ធ្វើឱ្យមានតុល្យភាពរវាងឥទ្ធិពលនៃប្រទេសមហាអំណាចទាំងពីរ។ នេះបើតាមលោកបណ្ឌិត គិត ភា។

បើតាមអ្នកជំនាញកិច្ចការបរទេសរូបនេះ សហរដ្ឋអាមេរិកមិនគួរមកដាក់សម្ពាធណាមួយចំពោះកម្ពុជាបន្ថែមឡើយ។ ផ្ទុយមកវិញ សហរដ្ឋអាមេរិកគួរគប្បីជំរុញការវិនិយោគ ​បង្កើនជំនួយអភិវឌ្ឍន៍ ​ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន​ រួមនឹងរឹតចំណងការទូតនៃប្រទេសទាំងពីរកាន់តែល្អប្រសើរជាជាងមកស្តីបន្ទោសកម្ពុជា។

លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក
លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក © Asia Times

គួរកត់សំគាល់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខ​ការពារជាតិអាមេរិកមកកម្ពុជាលើកនេះ គឺបន្ទាប់ពីកម្ពុជា​និង​ចិន​បានធ្វើ​សមយុទ្ធយោធារួមគ្នាពីថ្ងៃទី១៦​ ដល់​ថ្ងៃ​ទី ៣០ ​ខែ​ឧសភា ​ឆ្នាំ​ ២០២៤ក្រោមឈ្មោះថា ប្រតិបត្តិការ​ប្រឆាំងភេរវកម្ម​រួមគ្នា និង​ការងារសង្គ្រោះ​មនុស្សធម៌»។ ​សមយុទ្ធនៅលើដីគោក​នេះ គឺធ្វើឡើងនៅក្នុងស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​ ហើយសមយុទ្ធនៅលើផ្ទៃ​សមុទ្រ និងលើអាកាស​នឹងត្រូវធ្វើឡើង​នៅក្នុងខេត្ត​ព្រះសីហនុ ជាទីដែលអាមេរិកចោទប្រកាន់ពីវត្តមានយោធាជើងទឹកចិននៅសមុទ្ររាម។

សូមជម្រាបថា នៅសប្តាហ៍ក្រោយនេះលោក Lloyd Austin នឹងចាប់ផ្តើមធ្វើដំណើរមកកាន់ប្រទេសសឹង្ហបុរី ដោយលោកត្រូវចូលរួមកម្មវិធី​កិច្ចពិភាក្សា Shangrila Dialogue ជាមួយសមភាគីអាស៊ាន ចិន ជប៉ុន និងកូរ៉េ។ បន្ទាប់មកលោកនឹងត្រូវធ្វើដំណើរមកប្រទេសកម្ពុជា ហើយចុងក្រោយគឺប្រទេសបារាំង៕ 

What Next?

Recent Articles