ដោយ សុ ជីវី
2024.06.27
RFA

ពលរដ្ឋរងគ្រោះដីធ្លី មកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាង ១០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីជំរុញឲ្យក្រសួងដោះស្រាយបញ្ហាដីធ្លីដល់ពួកគេ។ រូប៖ ពីពលរដ្ឋ
គណបក្សកម្លាំងជាតិ ដាក់លិខិតស្នើឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍រកដំណោះស្រាយ និងសំណង ដល់ពលរដ្ឋរងគ្រោះដីធ្លី ៤៥៣គ្រួសារ ដោយសារការសាងសង់វាលយន្តហោះថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មន្ត្រីសង្គមស៊ីវិល គាំទ្រការស្នើនេះ។
គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៦ ខែមិថុនា បានដាក់លិខិតមួយ ដោយស្នើឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍រកដំណោះស្រាយ និងផ្ដល់សំណង ដល់ប្រជាពលរដ្ឋជាង ៤រយគ្រួសារ ស្ថិតនៅឃុំបឹងខ្យាង និងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សាងសង់វាលយន្តហោះថ្មី ឈ្មោះ អូ.ស៊ី.អាយ.ស៊ី (OCIC) អស់រយៈពេល ៥ឆ្នាំមកហើយ នៅពុំទាន់មានដំណោះស្រាយសមរម្យនៅឡើយទេ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែមិថុនាថា បើទោះបីជាគណបក្សកម្លាំងជាតិមិនមានសំឡេងនៅក្នុងរដ្ឋសភា ឬព្រឹទ្ធសភាក្ដី ក៏បក្សរបស់លោកត្រូវតែយកចិត្តទុកដាក់ជួយស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលរកដំណោះស្រាយ និងផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ ដោយសារការអភិវឌ្ឍន៍មួយនេះ។ លោកថា រដ្ឋាភិបាលមិនទាន់ឆ្លើយតបអ្វីជាវិជ្ជមាននោះទេ ប៉ុន្តែលោកសង្ឃឹមថា រដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នឹងធ្វើការដោះស្រាយដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ និងព្រមផ្ដល់សំណងសមរម្យ ដូចដែលប្រជាពលរដ្ឋទាមទារចង់បាន ដើម្បីឲ្យពួកគាត់បានសំណងទាំងនោះអាចយកទៅតាំងទីលំនៅថ្មីបន្តទៀត។
លោក រ៉ុង ឈុន៖ «យើងរំពឹង ប្រសិនបើរដ្ឋាភិបាលនឹងយកចិត្តទុកដាក់បញ្ហារបស់ប្រជាពលរដ្ឋត្រូវតែដោះស្រាយ ហើយបើមិនដោះស្រាយមានន័យថារដ្ឋាភិបាលក៏ដូចជានាយករដ្ឋមន្ត្រីមិនបានយកចិត្តទុកលើប្រជាពលរដ្ឋ បើសិនបញ្ហាមិនដោះស្រាយយើងទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យនិងសម្រេចចិត្តនៅពេលបោះឆ្នោតខាងមុខ»។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ពលរដ្ឋរងគ្រោះដីធ្លី មកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាង ១០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញឲ្យក្រសួងធ្វើការដោះស្រាយដល់ពួកគេ ដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុនសាងសង់វាលយន្តហោះថ្មីនេះដែរ។
តំណាងសហគមន៍រងគ្រោះដីធ្លីនៅឃុំកណ្ដោក លោក សុន សំបូរ ឲ្យដឹងថា ពលរដ្ឋជាង ១០០នាក់ចង់ឲ្យក្រសួងធ្វើការដោះស្រាយ ដោយត្រូវកាត់ឆ្វៀលដីលំនៅឋានចេញពីគម្រោងសាងសង់វាលយន្តហោះថ្មី ចេញប័ណ្ណកម្មសិទ្ធិ និងចង់ឲ្យមានការអភិវឌ្ឍន៍នៅនឹងកន្លែង និងមិនត្រូវបណ្ដេញពួកគាត់ទាំងបង្ខំនោះទេ។ លោកថា ក្រសួងបានយល់ព្រមដោះស្រាយ និងតម្រូវឲ្យពលរដ្ឋរងគ្រោះទាំងនោះ ត្រឡប់ទៅផ្ទះរៀបចំឯកសារដាក់ទៅក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ម្ដងទៀត។
លោក សុន សំបូរ៖ «ខ្ញុំសង្ឃឹមថាប្រហែលខាងក្រសួងជួយដោះស្រាយបញ្ហាដីធ្លីដល់ពួកខ្ញុំ ពួកខ្ញុំសុំប័ណ្ណកម្មសិទ្ធិនិងអភិវឌ្ឍន៍នៅនឹងកន្លែង»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៧ ខែមិថុនា។
ទាក់ទិននឹងបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោកគាំទ្រការអភិវឌ្ឍន៍ ប៉ុន្តែការអភិវឌ្ឍន៍ទាំងនោះត្រូវតែមានតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។ លោក ជំរុញឲ្យក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលគួរតែពន្លឿននៃការរកដំណោះស្រាយដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដីធ្លីទាំងអស់នោះ។
លោក អំ សំអាត៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិមនុស្ស យើងនៅតែមើលឃើញថាដំណោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ហើយនឹងពន្លឿននីតិវិធីដោះស្រាយសម្រាប់ប្រជាពលរដ្ឋវាជារឿងចាំបាច់»។
យោងតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល បានកាត់ដីទំហំជិត ៣ពាន់ហិកតារ (២.៦០០) ឲ្យទៅក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស ហៅកាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដើម្បីធ្វើការសាងសង់វាលយន្តហោះខ្នាតអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ប៉ុន្តែ គម្រោងអភិវឌ្ឍន៍ខ្នាតយក្សមួយនេះ ធ្វើឲ្យប៉ះពាល់ដីលំនៅឋាន និងដីស្រែចម្ការ របស់ពលរដ្ឋរាប់ពាន់គ្រួសារ។
ប្រជាពលរដ្ឋអះអាងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនព្រមដោះស្រាយ ដោយកាត់ឆ្វៀលដីលំនៅឋាន ព្រមទាំងចេញប័ណ្ណកម្មសិទ្ធិ និងផ្ដល់ ប្រាក់សំណងដល់ប្រជាពលរដ្ឋយ៉ាងតិចបំផុតត្រឹមតម្លៃ ៥០ភាគរយ នៃតម្លៃទីផ្សារ ឬស្មើនឹង ៤០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនោះទេ ក្រុមប្រជាពលរដ្ឋនឹងមិនឈប់ការតវ៉ាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។