ប្រមុខការពារជាតិអាមេរិកត្រៀមពង្រឹងវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
27/06/2024 – 10:20
ដោយ៖ សាំ ឧត្តម
RFI

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន រំពឹងថា អាមេរិកនឹងអាចជួយកម្ពុជាក្នុងការពង្រឹងផ្នែកសន្តិសុខ និងការពារជាតិដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។ នេះបើតាមខ្លឹមសាររួមនៅក្នុងលិខិតមួយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកផ្ញើជូនលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្រោយលោក ឡយ អូស្ទីន បញ្ចប់ទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែមិថុនានេះ។

ប្រមុខការពារជាតិអាមេរិកត្រៀមពង្រឹងវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ


ក្នុងលិខិតដែលទើបបង្ហាញជាសាធារណៈនៅថ្ងៃទី២៧ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ឡយ អូស្ទីន សម្តែងការអរគុណចំពោះប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចលើកទី២ របស់លោកនៅកម្ពុជា។ តាមលោក ឡយ អូស្ទីន អាមេរិកនឹងបន្តកិច្ចពិភាក្សាក្នុងការស្វែងរកវិធីសាស្ត្រដែលល្អដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា អាមេរិក ពិសេសពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន បានបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាក្នុងគោលបំណងពង្រឹង និងពង្រើកទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ច លោកឡយ អូស្ទីន បានជួបពិភាក្សាដាច់ដោយឡែកជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

តែរហូតមកដល់ពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់ថា តើមានប្រធានរឿងលំអិតអ្វីខ្លះដែលបានលើកឡើងទៅជជែករវាងលោកឡយ អូស្ទីនជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជានៅពេលនោះទេ។ ទោះជាយ៉ាងណា និងបើតាមការចុះផ្សាយរបស់កាសែតលោកខាងលិច លោក ឡយ អូស្ទីន អាចលើកយកសំណុំរឿងធំៗមួយចំនួនទៅជជែកដូចជា បញ្ហានៅសមុទ្រចិនខាងត្បូង មន្ទិលសង្ស័យចំពោះវត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពរាមរបស់កម្ពុជា ឬបញ្ហាសិទ្ធិមនុស្ស រួមទាំងលទ្ធិប្រជាធិបតេយ្យ។

លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៤
លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៤ © AFP

ចំណែកក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយសង្ឃឹមថា ដំណើរទស្សនកិច្ចលើកទី២ របស់លោក ឡយ អូស្ទីន នៅកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងជាសក្ខីកម្មមួយដែលបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងអាមេរិក។ តែអ្នកវិភាគភូមិសាស្ត្រនយោបាយក្នុងស្រុកមួយចំនួនបានយល់ឃើញថា តាមរយៈទស្សនកិច្ចរបស់លោក ឡយ អូស្ទីន នៅកម្ពុជា អាមេរិកមានចេតនាចង់បន្សាប និងទប់ទល់ឥទ្ធិពលរបស់ចិននៅកម្ពុជា៕

What Next?

Recent Articles