2024.06.27
RFA

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់។ រូប៖ ហ្វេសប៊ុកលោក សាយ សំអាល់
ពលរដ្ឋរងគ្រោះដីធ្លីមួយចំនួន អះអាងថា ពួកគាត់នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ បើទោះបីជាក្រសួង ដែនដី ប្រកាសថា បានដោះស្រាយវិវាទដីធ្លីទូទាំងប្រទេសបានជាង ១ម៉ឺនករណីហើយក្ដី។ មន្ត្រីសង្គមស៊ីវិល ចាត់ទុក ការដោះស្រាយរបស់ក្រសួងកន្លងទៅ ធ្វើបានតែករណីតូចតាច ខណៈ ដែលពលរដ្ឋ រងគ្រោះដីធ្លីធំៗជាច្រើន បែរជាអាជ្ញាធរ ពុំអើពើដោះស្រាយនោះឡើយ។
ពលរដ្ឋរងគ្រោះដីធ្លីមួយចំនួនរិះគន់ថា ការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាលកន្លងទៅ ធ្វើឡើងដោយខ្វះតម្លាភាព និងយុត្តិធម៌។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលដែលក្រសួងដែនដី បានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះ មាន វិវាទដីធ្លី ជាង ១ម៉ឺន ៣ពាន់ (១៣.៣០០) ករណី ត្រូវបានដោះស្រាយ ក្រោយពីក្រសួងទទួលបានពាក្យបណ្ដឹងជាង ១ម៉ឺន ៥ពាន់ (១៥ ៦០០) ករណីមក។
តំណាងពលរដ្ឋមានវិវាទដីធ្លីចំនួន ១៩៧គ្រួសារ នៅខេត្តកោះកុង លោកស្រី ដេត ហ៊ួរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមិថុនា ថាការដោះស្រាយបញ្ហាដីធ្លីរបស់រដ្ឋាភិបាល បានជាង ១ម៉ឺន៣ពាន់ ករណីគឺជារឿងល្អ ក៏ប៉ុន្តែ លោកស្រីថា ជិត១០ឆ្នាំមកនេះ លោកស្រី និងពលរដ្ឋរាប់រយនាក់ ដែលរងគ្រោះដីធ្លី ជាមួយក្រុមហ៊ុន ហេង ហុយ ធ្លាប់ បាននាំគ្នា ទៅសុំអន្តរាគមន៍ នៅមុខក្រសួងដែនដី ជាច្រើនដង តែគ្មានដំណោះស្រាយ។ ផ្ទុយទៅវិញអាជ្ញាធរបានចាប់តំណាងពួកគាត់ដាក់ពន្ធនាគារ និងពលរដ្ឋខ្លះរងបណ្ដឹងនៅក្នុងតុលាការ ទាំងអយុត្តិធម៌ រហូតដល់បច្ចុប្បន្ន។
លោកស្រី ដេត ហ៊ួរ៖ «ខ្ញុំត្រូវការដី ដោះស្រាយជីវភាពខ្ញុំ។ ខ្ញុំឈឺ ខ្ញុំត្រូវវះកាត់ ខ្ញុំបានអាហ្នឹង យកទៅបញ្ចាំ កូនខ្ញុំមានកិច្ចការចាំបាច់ ខ្ញុំយកដីហ្នឹងទៅបញ្ចាំ អាហ្នឹងបានគេហៅថាដោះស្រាយ។ តែនេះមកយកតែដីខ្ញុំឱ្យ ហេង ហុយ ហ្នឹង ហើយមិនមែនយកតែដីខ្ញុំទេ យកដីប្រជាពលរដ្ឋ១៥គ្រួសារ យកចែកចំណែកជាផ្នែកៗ យកទៅឱ្យហេង ហុយ ១ផ្នែក ហើយពួកខ្ញុំមួយផ្នែក ហើយបន្ទាប់មកថា ចេញប័ណ្ណកម្មសិទ្ធិឱ្យដែលកំពុងរស់នៅតែជាក់ស្ដែង មកដល់ថ្ងៃនេះខ្ញុំមិនទាន់ទទួលបានទេ»។
មិនខុសពីពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកោះកុងនោះទេ ពលរដ្ឋនៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក៏នៅមិនទាន់ទទួលបានដំណោះស្រាយពីក្រសួងនៅឡើយ។
ជាក់ស្ដែង ពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់ព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង១០០នាក់ នៅតែក្រាញននៀលស្រែករកយុត្តិធម៌ពីរដ្ឋាភិបាល និងម្ចាស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី(OCIC) របស់លោក ពុង ឃាវសែ ក្រោយពីដីពួកគាត់ជាច្រើនហិកតារ ត្រូវបានក្រុមហ៊ុនរំលោភយក។ រីឯពលរដ្ឋនៅតំបន់បឹងតាមោក ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏កំពុងមានបញ្ហាដីធ្លី នៅមិនទានទទួលបានដំណោះស្រាយ។
ពលរដ្ឋរស់នៅតំបន់បឹងតាមោក លោកស្រី យន គឹមយឿន លើកឡើងថា ចាប់តាំងពីរដ្ឋាភិបាល បានប្រគល់ដីតំបន់បឹងតាមោក ឱ្យទៅក្រុមអ្នកមានលុយមានអំណាច ពួកគាត់រស់នៅ ដោយក្ដីភ័យខ្លាច ដោយសារតែផ្ទះសម្បែង ត្រូវបានឈូសឆាយហើយពលរដ្ឋ និងកុមារខ្លះ រងអំពើហិង្សាពីសំណាក់អាជ្ញាធរ ជាញឹកញាប់។ លោកស្រីអះអាងថា ករណីនេះ គួរតែត្រូវបានអាជ្ញាធរពាក់ព័ន្ធ រកដំណោះស្រាយ ដោយយុត្តិធម៌ ហើយមិនត្រូវទុកពួកគាត់ចោលបែបនេះឡើយ។
លោកស្រី យន គឹមយឿន៖ «វាអត់តម្លាភាពសម្រាប់អ្នកក្រ ព្រោះដោយសារអី អ្នកក្រទាមទាររកយុត្តិធម៌ មិនដែលបានសោះ ដូចពួកខ្ញុំ ជាប់ដីកា ពីរដងហើយ ដីកា រឿងដីផ្ទះពីរដងហើយ។ គាត់(អាជ្ញាធរ) មិនដែលចេញមុខដោះស្រាយថា ប្រជាពលរដ្ឋដែលមានរឿងដីធ្លី គាត់ត្រូវតែមកដោះស្រាយ តែបែរជាអាជ្ញាធរមកប្ដឹង ពួកខ្ញុំទៅវិញ។ ខ្ញុំគិតថា ក្រសួងដែនដីនេះ គាត់អត់មានតម្លាភាពសម្រាប់ពួកខ្ញុំ អ្នកក្រទេ គឺពួកគាត់ ទៅរកតែពួកអ្នកមាន អ្នកមានអំណាច»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និង អ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៦ ខែមិថុនា ដោយហៅទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា បច្ចុប្បន្ន ករណីដីធ្លីធំៗ នៅតែជាប់គាំង បើទោះបីជាក្រសួងដែនដី បានរកដំណោះស្រាយ មកជាហូរហែក្ដី ប៉ុន្តែ មិនហ៊ានដោះស្រាយករណី ធំដុំ នោះទេ ព្រោះខ្លាចប៉ះពាល់ អ្នកមានអំណាច ឬក្រុមឧកញ៉ាគ្រាក់ៗ ។ លោកបន្តថា ដើម្បីដោះស្រាយ បញ្ហាដីធ្លី ទៅបាន រដ្ឋាភិបាលត្រូវហ៊ានវះកាត់ សាច់ស្អុយ ចេញជាមុនសិន។
លោក អំ សំអាត៖ «ម្ចាស់ក្រុមហ៊ុនមានឥទ្ធិពល មានអំណាច ហើយមិនហ៊ានអារកាត់អាហ្នឹង បញ្ហាដីធ្លីវាមិនអាចដោះចប់ទេ។ អ៊ីចឹងកាលណាដោះមិនចប់ វិបត្តិដីធ្លី វានៅតែមាន បញ្ហាសម្រាប់សហគមន៍វានៅតែមានអ៊ីចឹង លទ្ធផលដែលក្រសួងបានធ្វើបានច្រើន តែបញ្ហាមួយចំនួនដោះមិនចេញ វាធ្វើឱ្យលុបបាត់អស់លទ្ធផល ដែលក្រសួងបានធ្វើ។ អ៊ីចឹង ទោះជាយ៉ាងណា យើងលើកទឹកចិត្ត និងជំរុញថា សូមឱ្យមានការដោះស្រាយ ដោយតម្លាភាព និងយុត្តិធម៌»។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ ចង់ឃើញរដ្ឋាភិបាល បញ្ចប់បញ្ហាដីធ្លី តាមរយៈការផ្ដល់យុត្តិធម៌ ជូនពលរដ្ឋរងគ្រោះ ទូទាំងប្រទេសដោយស្មើភាពគ្នា ហើយរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ក្នុងការដាក់ទោសទណ្ឌចំពោះបុគ្គល ឬក្រុមហ៊ុន ដែលបន្តរំលោភបំពានដីធ្លីពលរដ្ឋ។ ពួកគាត់ថា ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយ លើចំណុច ទាំងនេះ ក្នុងពេលឆាប់ៗ នោះបញ្ហា អយុត្តិធម៌សង្គម នៅតែកើត មានជាហូរហែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។