អូស្ត្រាលីតាមមើលការស៊ើបអង្កេតរបស់ប៉ូលិសខ្មែរលើករណីវាយប្រហារពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរម្នាក់

កម្ពុជា
27/06/2024 – 13:24
ដោយ៖ អោ ស្រីពេជ្រ
RFI

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​លោកស្រី ​ផេននី វុង​ បាន​អះអាង​ថា ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​កំពុង​តាម​មើល​ដំណើរការ​ស៊ើបអង្កេត​របស់​ប៉ូលិស​ខ្មែរ​ជុំវិញ​ករណី​វាយប្រហារ​ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក សាន ប៊ុនឆាយ​ នៅ​ខេត្ត​បាត់ដំបង​កាល​ពី​ខែ​មេសាកន្លង​ទៅ។ ការ​អះអាង​របស់​ប្រមុខ​ការបរទេស​អូស្ត្រាលី​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី មួរ សុខហួរ អនុប្រធាន​អតីត​បក្សសង្គ្រោះជាតិ​បាន​ស្នើ​ឱ្យ​អូស្ត្រាលី​អន្តរាគមន៍​លើ​រឿង​នេះ។

អូស្ត្រាលីតាមមើលការស៊ើបអង្កេតរបស់ប៉ូលិសខ្មែរលើករណីវាយប្រហារពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរម្នាក់


រដ្ឋាភិបាល​អូស្ត្រាលី​ពិត​ជា​មាន​ក្តី​កង្វល់​ចំពោះ​ករណី​វាយប្រហារ​ពលរដ្ឋ​អូស្ត្រាលី​ម្នាក់​ដើមកំណើត​ខ្មែរ លោក ស៊ាន ប៊ុនឆាយ និង​ថា អូស្ត្រាលី​ក៏​បាន​កត់ត្រា​ករណី​នេះ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​ ផេននី វុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី២០ ខែមិថុនា​ផ្ញើ​ទៅ​កាន់​លោកស្រី​មួរ សុខហួរ អនុប្រធានអតីតបក្សសង្គ្រោះជាតិ និង​ដែល​លោកស្រី​ មួរ សុខហួរ​ ទើប​បាន​ទម្លាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៦ មិថុនា។ ការ​លើក​ឡើង​របស់​ប្រមុខការបរទេស​អូស្ត្រាលី​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី​ មួរ សុខហួរ​ បានស្នើ​ឱ្យ​អូស្ត្រាលី​ចូល​អន្តរាគមន៍​លើ​ករណី​វាយប្រហារ​លោក ស៊ាន ប៊ុនឆាយ។

ដោយ​កត់សម្គាល់​នូវ​ក្តី​កង្វល់​ពី​ការ​ជ្រៀតជ្រែក​ក្នុង​សហគមន៍​ជនភៀសខ្លួន​កម្ពុជា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី លោកស្រី​ ផេននី វុង​ បាន​អះអាង​ទៀត​ថា នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជំនួយ​កុងស៊ុល​ដល់​ពលរដ្ឋ​អូស្ត្រាលី​ណា​ដែល​ស្ថិត​ក្នុង​ហានិភ័យ​នៅ​ក្រៅ​ប្រទេស។ តែ​រដ្ឋាភិបាល​អូស្ត្រាលី​មិន​បាន​បញ្ជាក់​ថា តើ​លោក​ ស៊ាន ប៊ុនឆាយ​ កំពុង​ទទួល​ជំនួយកុងស៊ុល​ហើយ ឬ​ក៏​យ៉ាង​ណា​ទេ។ ទោះ​យ៉ាង​ណា ប្រមុខ​ការទូត​អូស្រ្តាលី​រូប​នេះ​ដដែល​បាន​អះអាង​ថា ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ក្រុង​ភ្នំពេញ​នៅតែ​បន្ត​តាមដាន​ការ​វិវត្តន៍​ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​ខ្មែរ​ដើម្បី​តស៊ូ​មតិ​សម្រាប់​ការ​ស៊ើបអង្កេត​ទាន់​ពេលវេលា និង​ហ្មត់ចត់។

ជា​ការ​តស៊ូមតិ​លើក​កម្ពស់​សិទ្ធិមនុស្ស​ដែល​ក្រសួង​ការបរទេស​អូស្ត្រាលី​ចាត់​ទុក​ជា​រឿង​សំខាន់​នៅ​ក្នុង​ដំណើរការ​កិច្ចសហប្រតិបត្តិការទ្វេភាគី​រវាង​កម្ពុជា-អូស្ត្រាលី។ គួរជ្រាបថា ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើតខ្មែរ​លោក សាន ប៊ុនឆាយ គឺ​ជា​អ្នកគាំទ្រ​លោក សម រង្ស៊ី និង​ជាអ្នក​បញ្ចេញមតិ​លើ​បណ្ដាញសង្គម​ដ៏​សកម្ម​ម្នាក់។ លោក​ សាន ប៊ុនឆាយ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​វាយប្រហារ​ទាំង​កម្រោល​នៅ​កណ្ដាល​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​កាល​ពីថ្ងៃទី១០ ខែមេសា ក្នុង​ពេល​ដែល​លោក​កំពុង​ដើរ​ចេញ​ពី​ធនាគារ ABA នៅ​ជិត​សាលាខេត្ត​បាត់ដំបង និង​ប៉ុស្តិ៍នគរបាល​ស្វាយប៉ោ។

លោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី
លោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី © ABC

គិត​ត្រឹម​ថ្ងៃទី២៧ ខែមិថុនា​នេះ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នៅ​មិន​ទាន់​វែក​មុខ​រក​ឃើញ​ក្រុម ឬ​ជនដៃដល់​វាយប្រហារ​លោក​ សាន ប៊ុនឆាយ​ នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ពេជ្រ សារ៉ែន អធិការ​នគរបាល​ក្រុង​បាត់ដំបង​ដោយ​បញ្ជាក់​បន្ថែម​ថា សមត្ថកិច្ចជំនាញ​ក្រុង​បាត់ដំបង​កំពុង​បន្ត​ស្រាវជ្រាវ៕

What Next?

Recent Articles