ដោយ ខាន់ លក្ខិណា
2024.06.27
RFA

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡូយ អូស្ទីន(Lloyd Austin) (ឆ្វេង) ជួបប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៤ មិថុនា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកឃ្លាំមើលលើកឡើងថា ការសហការលើវិស័យការពារជាតិរវាងកម្ពុជា-អាមេរិក គឺនៅមានកម្រិតនៅឡើយ ដោយសារតែទំនាក់ទំនងផ្នែកយោធាកម្ពុជា-ចិន មានភាពស៊ីជម្រៅខ្លាំង។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡូយ អូស្ទីន (Lloyd Austin) សរសេរលិខិតទៅកាន់លោក ហ៊ុន សែន ថា សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយលោក ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡូយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃទី០៦ ខែ មិថុនា បានផ្ញើលិខិតមួយទៅកាន់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ច និងជួបទ្វេភាគីជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែមិថុនា។
ក្នុងលិខិតរបស់លោក ឡូយ អូស្ទីន ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងលោក ហ៊ុន សែន ផ្សព្វផ្សាយនៅថ្ងៃទី២៧ មិថុនា ឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែមាន ចំណាប់អារម្មណ៍ធ្វើការជាមួយលោក ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រមុខមន្ទីរបញ្ចកោណអាមេរិករូបនេះ ក៏សង្ឃឹមថា សហរដ្ឋអាមេរិកអាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ ប្រជាជនកម្ពុជា និងសង្ឃឹមថានឹងបន្តកិច្ចពិភាក្សា ក្នុងការជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរ។
ជុំវិញរឿងនេះ អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែមិថុនា ថា ដើម្បីអាចកសាងនូវទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យដូចមុនឆ្នាំ២០១៧ ភាគីទាំងពីរត្រូវការពេលវេលាច្រើនទៀត ក្នុងការជួបជជែកគ្នាទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងទាំងកម្រិតមន្ត្រីបច្ចេកទេស។
យ៉ាងណា លោក ថា ការឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីការពារអាមេរិកជាតិលោក ឡូយ អូស្ទីន គឺជារបត់មួយ ដែលអាចបើកទំនាក់ទំនងកម្ពុជា-អាមេរិកឱ្យប្រសើរឡើងវិញដែរ ក្នុងការជម្រះមន្ទិលសង្ស័យករណីកំពង់កងទ័ពជើងទឹកផែរាម និងកសាងជំនឿទុកចិត្តរវាងគ្នា។
លោក ឯម សុវណ្ណារ៉ា៖ «នេះគ្រាន់តែជាចំណុចមួយចាប់ផ្ដើមឈានទៅរក ចំណុចប្រក្រតីវិញដូចមុនឆ្នាំ២០១៧។ បើសិនជាយើងមានសមយុទ្ធយោធា យើងមានឃើញការលើកលែងការហ៊ុមព័ទ្ធឧបករណ៍យោធាអាមេរិក ចូលកម្ពុជាត្រូវលុបចោលអាហ្នឹងបានន័យថា យើងឈានមកប្រក្រតី ប៉ុន្តែបច្ចុប្បន្ន យើងអត់ទាន់ទេ គ្រាន់តែជាការចាប់ផ្ដើមកសាង ឬក៏ហៅថា លុបបំបាត់ភាពមន្ទិលសង្ស័យជាមួយគ្នាបានខ្លះ តិចតួចមិនចាប់ផ្ដើមបានពេញលេញទេ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែមិថុនា ថា សហរដ្ឋអាមេរិកនឹងព្យាយាមពិចារណាលទ្ធភាពស្ដារផ្នែកសន្តិសុខ ជាពិសេសកិច្ចប្រតិបត្តិការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ពីព្រោះកន្លងមក អាមេរិក បាត់បង់លុយរាប់ពាន់លានដុល្លារ ដោយសារការឆបោកតាមប្រព័ន្ធ អនឡាញ។
រីឯកិច្ចសហប្រតិបត្តិការផ្នែកយោធាវិញលោក សេង វណ្ណលី ថា នៅមានកម្រិតតូចនៅឡើយ ជាពិសេស មានត្រឹមពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធាផ្នែក មនុស្សធម៌ ប៉ុន្តែមិនទាន់ដល់កម្រិត នៃកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាព យោធាកម្ពុជា ឬការធ្វើទំនើបកម្មយោធាកម្ពុជានៅឡើយទេ។
លោក សេង វណ្ណលី៖«ក៏ប៉ុន្តែនៅក្នុងកម្រិតកិច្ចសហការឬក៏ធ្វើសមយុទ្ធយោធារួមគ្នា ក្នុងក្របខណ្ឌមនុស្សធម៌ ខ្ញុំគិតថា ប្រហែលជាមិនទាន់អាចទៅរួចទេ ដោយសារតែ បើយើងមើលពីទំនាក់ទំនងផ្នែកយោធានិងយោធាឬសន្តិសុខរវាងកម្ពុជាជាមួយចិន គឺវាមានភាពស៊ីជម្រៅខ្លាំង ដែលធ្វើឱ្យអាមេរិកមានការព្រួយបារម្ភ។ អ៊ីចឹងហើយដំបូង ខ្ញុំគិតថា លទ្ធភាពដែលអាចរុញឱ្យមានកិច្ចសហប្រតិបត្តិការសន្តិសុខ ឬក៏យោធាហ្នឹង គឺនៅក្នុងក្របខណ្ឌមនុស្សធម៌ ជាជាងការពង្រឹងសមត្ថភាព ក៏ដូចជា ការជួយជំរុញការធ្វើទំនើបកម្មផ្នែកវិស័យការពារជាតិកម្ពុជា។ ខ្ញុំគិតថា វាប្រហែលជាមានឱកាសតិចតួចទៅលើវិស័យហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាលោក ឈុំ សុជាត បានទេ នៅថ្ងៃទី២៧ ខែមិថុនា ដោយទូរស័ព្ទចូលតែគ្មាន អ្នកទទួល។
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក មានភាពរកាំរកូសខ្លាំងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសដោយឯកតោភាគីក្នុងការបញ្ចប់សមយុទ្ធយោធាឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិក និងការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
ចាប់ពីពេលនោះមក សហរដ្ឋអាមេរិក តែងតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គិតគូរឡើងវិញពីការស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង កិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ក្នុងស្មារតីរួមចំណែកការពារសន្តិសុខតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។