កូដករណាហ្គាវើលដ៍​ទាមទារ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ឈប់​បិទមាត់​រឿង​ថៅកែ​រំលោភសិទ្ធិ​ការងារ

ដោយ សេក បណ្ឌិត
2024.06.29
RFA

កូដករណាហ្គាវើលដ៍​ទាមទារ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ឈប់​បិទមាត់​រឿង​ថៅកែ​រំលោភសិទ្ធិ​ការងារ

ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅមុខក្រុមហ៊ុន កាលពីថ្ងៃទី១៥ មិថុនា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រុម​កូដករ​ណាហ្គាវើលដ៍ (NagaWorld) ទាមទារ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ឈប់​បិត​មាត់​លែង​និយាយ​ស្ដី​អំពី​រឿង​ថៅកែ​រំលោភសិទ្ធិ​ការងារ​នៅក្នុង​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍។

ក្រុម​កូដករ ប្រមាណ​ជាង ២០​នាក់ នៅ​រសៀល​ថ្ងៃទី​២៩ ខែ​មិថុនា បាន​ជួបជុំគ្នា​កាន់​បដា និង​ស្រែក​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

កូដកម្ម​នៅ​ថ្ងៃ​នេះ កូដករ​បាន​យក​ស្គុត​មក​បិទមាត់ និង​ត្រចៀក ហើយ​យក​ហ្វឺត​ពណ៌​ក្រហម​គូស​ពីលើ​ស្គុត​បន្ថែម ដើម្បី​បង្ហាញ​ទៅកាន់​អ្នក​ពាក់ព័ន្ធ​រួមមាន​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ ឲ្យ​ឈប់​បិទមាត់​លែង​និយាយ​ពី​បញ្ហា​វិវាទ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

តំណាង​កូដករ​ណាហ្គាវើលដ៍ លោក ណាំ ទីវ័ន្ត ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រសួង​ការងារ ហាក់បីដូចជា រក្សា​ភាព​ស្ងប់ស្ងាត់ ដោយ​ពុំបាន​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឡើយ។

លោក ណាំ ទីវ័ន្ត៖ «កូដករ​យក​ស្គុត​បិទមាត់​ហ្នឹង​ចង់​បង្ហាញថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង ពួកគាត់​ហាក់ដូចជា​ស្ងាត់​ដូច​គេ​បិទមាត់​អីចឹង ហើយ​អត់​ទាន់​មាន​ដំណោះស្រាយ​អី​សម្រាប់​ខ្ញុំ អត់​ទាន់​ផ្ដល់​ជា​ពន្លឺ​អ្វី​សម្រាប់​ពួក​ខ្ញុំ ដែល​ជា​កូដករ​ចង់បាន​ដំណោះស្រាយ​។ បើ​ប្រៀបធៀប​ដូចជា​មនុស្ស ដូចជា​មនុស្ស​គ ថ្លង់​អីចឹង​មិន​និយាយ​ស្ដី​អ្វី ហើយ​មិន​ស្ដាប់​នូវ​ទុក្ខ​កង្វល់​របស់​កម្មករ»។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៩ ខែ​មិថុនា។

កន្លង​ទៅ​ក្រុម​កូដករ​មិន​ត្រឹមតែ​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលរង​អំពើ​ហិង្សា ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ និង​ការ​ចាប់​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​ថែម​ទៀត។

ទោះជា​យ៉ាងណា កូដករ​នៅតែ​ស្នើ​ដល់​រដ្ឋាភិបាល និង​ជាពិសេស​ក្រសួង​ការងារ ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ នៅក្នុង​ក្រុមហ៊ុន​ណាហ្គា វើលដ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles