ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ

កម្ពុជា
29/06/2024 – 13:00
ដោយ៖ ម៉ុន ចាន់
RFI

ក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រធានមជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សកម្ពុជា ឬហៅកាត់ថា សង់ត្រាល់ បញ្ជូនព័ត៌មានដែលពាក់ព័ន្ធ ​រាល់គណនីដែលបានបើកសម្រាប់ប្រតិបត្តិការនៅធនាគារ ទៅកាន់ក្រសួងមហាផ្ទៃត្រឹមរយៈពេល៣០ថ្ងៃ។ ការដាក់កំហិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ទទួលបានពាក្យបណ្តឹង និងសេចក្តីថ្លែងការណ៍របស់ក្រុមសហជីព ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ដែលចេញដើរតវ៉ាប្រឆាំង អង្គការសង់​ត្រាល់ ជាច្រើន​ថ្ងៃមកនេះ។ នេះបើតាមសេក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ


នៅក្នុងសេចក្តីជូនដំណឹង ក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់អង្គការសង់ត្រាល់ ឲ្យអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់អង្គការដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះក្រសួងមហាផ្ទៃ ព្រមានផងដែរ​​ ទៅប្រធានអង្គការសង់ត្រាល់ លោក មឿន តុលា​ ថាអាចប្រឈមតាមផ្លូវច្បាប់ ប្រសិនបើអង្គការនេះ មិនបញ្ជូលនូវរាល់ទិន្នន័យទាក់ទងទៅនិងប្រតិបត្តិការគណនីធនាគារ​របស់អង្គការសង់​ត្រាល់ទៅកាន់ក្រសួងមហាផ្ទៃតាមការកំណត់។

លោក មឿន តុលា ប្រធានអង្គការ សង់ត្រាល់ បានប្រាប់វិទ្យុ​បារាំងអន្តរជាតិRFI នៅថ្ងៃទី២៩​ខែមិថុនាថា អង្គការសង់ត្រាល់ មិនដែលលាក់លៀមពីទិន្នន័យគណនីរបស់អង្គការលោកនោះឡើយ។ លោកថា អង្គការសង់​ត្រាល់តែងតែផ្តល់របាយការណ៍ទាក់ទង់នឹងប្រតិបត្តិការគណនីទាំង២របស់ខ្លួន ដល់ក្រសួងរៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈ។

លោក មឿន តុលា ទទួលស្គាល់ថា អង្គការសង់ត្រាល់ពិតជាទទួលបានជំនួយពីសហរដ្ឋអាមេរិក។ ប៉ុន្តែលោកអះអាងថាអង្គការសង់ត្រាល់មិនដែលធ្វើខុសលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃនោះទេ។

គួរជម្រាបថា ពាក្យបណ្តឹងរបស់សហជីពដែលមាន​និន្នាការគាំទ្ររដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីអង្គការសង់ត្រាល់បានចេញរយៈរបាយការណ៍មួយដែលមានចំណងជើងថា ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាព សហជីពនៅកម្ពុជា​។

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ
ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ © សង់ត្រាល់

តែក្រុមសហជីព ដែលមានទំនោរទៅរករដ្ឋាភិបាលបាន​ដាក់ញត្តិប្រឆាំងនឹង​អង្គការសង់ត្រាល់ទៅ​កាន់ក្រសួងមហាផ្ទៃ ​និងទៅកាន់​ស្ថានទូតអាមេរិក​ ដើម្បីពិនិត្យ និងឲ្យ​ដកជំនួយពី​អង្គការសង់ត្រាល់ ដោយចោទថា អង្គការនេះ​ធ្វើ​របាយការណ៍មិនពិតនៃសេរីភាពសហជីពនៅកម្ពុជា៕

What Next?

Recent Articles