ក្រសួង​មហាផ្ទៃ​ទុក​ពេល​៣០​ថ្ងៃ​ឲ្យ​សង់ត្រាល់​បង្ហាញ​ព័ត៌មាន​គណនី​ធនាគារ

ដោយ ថា ថៃ
2024.06.29
RFA

ក្រសួង​មហាផ្ទៃ​ទុក​ពេល​៣០​ថ្ងៃ​ឲ្យ​សង់ត្រាល់​បង្ហាញ​ព័ត៌មាន​គណនី​ធនាគារ

ប្រធាន​អង្គការ​សង់ត្រាល់ លោក មឿន តុលា ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ អំពី​រឿង​លុយ​បុណ្យ​សព​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៨។ រូប​៖ ហ្វេសប៊ុកសង់ត្រាល់


ក្រសួង​មហាផ្ទៃ​ទុក​រយៈពេល​៣០​ថ្ងៃ ឲ្យ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) បង្ហាញ​ព័ត៌មាន​ធនាគារ ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មន្ត្រី​អង្គការ​សង់​ត្រាល់ បញ្ជាក់​ថា សង់​ត្រាល់​នឹង​រៀបចំ​ដាក់​ឯកសារ​ពាក់ព័ន្ធ​ទៅកាន់​ក្រសួង​មហាផ្ទៃ​ឆាប់ៗ​នេះ។

ក្រោយ​ទទួល​បាន​ញត្តិ​ពី​ក្រុម​សហជីព​គាំទ្រ​រដ្ឋាភិបាល​ភ្លាម ក្រសួង​មហាផ្ទៃ​ចាប់ផ្តើម​ដាក់​សម្ពាធ​ទៅលើ​អង្គការ​សង់ត្រាល់​ដោយ​មិន​បង្អង់​យូរ​ឡើយ។

ក្រសួង​មហាផ្ទៃ បាន​ដាក់​កំហិត​ឲ្យ​ប្រធាន​អង្គការ​សង់ត្រាល់ លោក មឿន តុលា ត្រូវ​ផ្តល់​ព័ត៌មាន​រាល់​គណនី​ធនាគារ ដែល​បាន​បើក​សម្រាប់​ប្រតិបត្តិការ​នៅ​ធនាគារ​ក្នុង​ប្រទេស​ជូន​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​៣០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ជា​កំណត់។

លិខិត​ជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចុះ​ថ្ងៃទី​២៨ ខែមិថុនា ក៏បាន​រំលឹក​ដល់​អង្គការ​សង់ត្រាល់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់​អង្គការ ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។ ក្រសួង​មហាផ្ទៃ ព្រមាន​ថា ក្នុង​ករណី​អង្គការ​សង់ត្រាល់ ពុំបាន​បំពេញ​កាតព្វកិច្ច​ទៅតាម​សេចក្តី​ជូនដំណឹង​នេះ​ទេ នឹង​ត្រូវ​រង​វិធានការ​តាមផ្លូវ​ច្បាប់។

ការ​ចេញ​លិខិត​របស់​ក្រសួងមហាផ្ទៃ​នេះ​គឺ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ បាន​ទទួល​ពាក្យបណ្ដឹង និង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​សហជីព និង​សមាគម​គាំទ្រ​រដ្ឋាភិបាល ដែល​ចោទ​អង្គការ​សង់ត្រាល់​ថា បាន​ចេញ​ផ្សាយ​របាយការណ៍​មាន​ភាព​លម្អៀង ដោយ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ពី​សេរីភាព​សហជីព​នៅ​កម្ពុជា និង​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ជាដើម។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែមិថុនា​ថា អង្គការ​សង់ត្រាល់​តែង​ផ្ញើ​របាយការណ៍​សកម្មភាព និង​ប្រតិបត្តិការ​ធនាគារ នៅ​អំឡុង​ខែកុម្ភៈ​ជា​រៀងរាល់​ឆ្នាំ ហើយ​សង់ត្រាល់​នឹង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជាថ្មី​ម្ដងទៀត ដាក់​ទៅ​ក្រសួង​មហាផ្ទៃ។ «»

កាល​ពី​ថ្ងៃទី​៤ ខែមិថុនា អង្គការ​សង់ត្រាល់ បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​ឧបសគ្គ​រារាំង​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា​។ របាយការណ៍​នេះ ធ្វើឡើង​ដោយ​បាន​អង្កេត និង​សម្ភាសន៍​កម្មករ និង​ថ្នាក់ដឹកនាំ​សហជីព​ក្នុង​រោងចក្រ​ចំនួន ១៤ ដែល​ស្ថិត​ក្រោម​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់ ILO។ អង្គការ​នេះ​រក​ឃើញ​ថា ក្នុង​ចំណោម សហជីព​ចំនួន​១៤ មាន​សហជីព​ចំនួន ១០ រង​ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាមកំហែង ការ​បៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជីខ្មៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួកគេ​។ ការ​ចេញ​របាយការណ៍​នេះ អង្គការ​សង់ត្រាល់ មាន​បំណង​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យមើល និង​ដោះស្រាយ​កុំឱ្យ​មានការ​រំលោភសិទ្ធិ​សេរីភាព​ការងារ​របស់ កម្មករនិយោជិត និង​សហជីព​។ ប៉ុន្តែ​ផ្ទុយទៅវិញ រដ្ឋាភិបាល មិនបាន​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​ទេ បែរ​ជា​ប្រើប្រាស់​សហជីព​គាំទ្រ​រដ្ឋាភិបាល ឲ្យ​ចេញ​តវ៉ា​ប្រឆាំង​និង​ប្តឹង​អង្គការ​សង់ត្រាល់​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ជា​លេស​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អង្គការ​ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​កម្មករ​មួយ​នេះ។

ចំណែកឯ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បារម្ភ​ថា ប្រសិនបើ​មាន​វិធានការ​ណាមួយ លើ​អង្គការ​សង់ត្រាល់​ដែល​បាន​ចេញ​របាយការណ៍​នោះ នឹង​បង្ហាញ​ពី​ការ​បំភិតបំភ័យ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ «»

កាលពី​ថ្ងៃទី​២៧ ខែមិថុនា ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាង ៤០ ស្ថាប័ន រួមមាន​សមាគម​ការ​ពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)​ ជាដើម បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព មក​លើ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា «សង់ត្រាល់»

ក្រុម​អង្គការ​ទាំងនេះ ចាត់​ទុក​ថា ការ​ប្រើប្រាស់​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ធ្វើ​ការងារ​ការពារ​សិទ្ធិ​កម្មករ គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ។ ក្រុម​អង្គការ​ស៊ីវិល​ទាំង​ជាង​៤០​ស្ថាប័ន ក៏​អំពាវនាវ​ដល់​អង្គការ​ពលកម្ម​អន្តរជាតិ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា សូម​ទទួល​ស្គាល់​ជា​សាធារណៈ នូវ​តម្លៃ នៃ​ការសិក្សា​ស្រាវជ្រាវ ដែល​រិះគន់​សំដៅ​ដល់​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ដំណើរការ និង​សកម្មភាព​ការងារ​របស់​គម្រោង​នៃ​ស្ថាប័ន​ខ្លួន ។ បន្ថែម​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ អំពាវនាវ​ដល់​រដ្ឋាភិបាល ត្រូវ​រក្សា​ជំហរ និង​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន ក្នុង​ការ​គោរព​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​អនុញ្ញាត​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ អាច​ធ្វើ​ការងារ​របស់​ខ្លួន ដោយ​សេរី ជៀស​ផុត​ពី​ការ​រំលោភបំពាន និង​ការ​ឆ្លើយ​តប​ជា​អវិជ្ជមាន ដោយ​គ្រាន់តែ​ស្ថាប័ន​ទាំងនោះ​ធ្វើការ​រិះគន់ ។

ក្រៅ​ពី​នេះ សម្ព័ន្ធ​សហជីព និង​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​ឈ្មោះថា យុទ្ធនាការ​សំលៀកបំពាក់​ស្អាត (Clean Clothes Campaign) កាលពី​ថ្ងៃទី​២៦ មិថុនា ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​មួយទៀត​ដែរ ដោយ​អំពាវនាវ​ឲ្យ​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO) ក្រុមហ៊ុន​បញ្ជា​ទិញ​អន្តរជាតិ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុង​ពេល​រដ្ឋាភិបាល​កម្ពុជា កំពុង​បង្កើន​ការ​គំរាមកំហែង​លើ​អង្គការ​សង់ត្រាល់។ យុទ្ធនាការ​សំលៀកបំពាក់​ស្អាត (Clean Clothes Campaign) ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ម៉ាក​ល្បីៗ ដែល​ចូលរួម​នៅក្នុង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នេះ ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ថា របាយការណ៍​របស់​សង់ត្រាល់ អំពី​សេរីភាព​សមាគម​នេះ ត្រូវ​បាន​ស្វាគមន៍ ហើយ​អង្គការ​សង់ត្រាល់ នឹង​មិន​ត្រូវ​បាន​ចាប់​ពិរុទ្ធ និង​រង​ការ​គំរាម​គំរាមកំហែង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles