ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​អង្គការ​សង់ត្រាល់

ដោយ សេក បណ្ឌិត
2024.06.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​អង្គការ​សង់ត្រាល់

(ឆ្វេង) អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (កណ្ដាល) លោក ទូច សុឃៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​លោក យិន ម៉េង​លី អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)។ រូប៖ ហ្វេសប៊ុកលោកទាំងបី


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៤០ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អង្គការ​សង់ត្រាល់ ក្រោយ​ពី​អង្គការ​នេះ​បាន​ចេញ​របាយការណ៍​មួយ ស្ដី​អំពី​ការ​រារាំង​សេរីភាព​សហជីព​នៅ​កម្ពុជា ហើយ​ក្រោយ​មក​ត្រូវ​បាន​សហជីព​គាំទ្រ​រដ្ឋាភិបាល​វាយ​ប្រហារ រហូត​ប្ដឹង​ដល់​ក្រសួង​មហាផ្ទៃ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ករណី​នេះ គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​សហជីព​ឯករាជ្យ។

ក្រុម​អង្គការ​ស៊ីវិល​សោកស្ដាយ​ជា​ខ្លាំង ចំពោះ​ការ​ឆ្លើយ​តប​ របស់​ក្រសួង​មហាផ្ទៃ​ថា នឹង​បើក​ការ​ស៊ើបអង្កេត​លើ​អង្គការ​សង់ត្រាល់ ជុំវិញ​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ និង​ដំណើរការ​ការងារ​របស់​អង្គការ​សង់ត្រាល់ តាម​ពាក្យ​បណ្ដឹង​របស់​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល។ អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​វិធានការ​អាជ្ញាធរ​ពាក់ព័ន្ធ រំលោភ​សិទ្ធិ​សេរីភាព​ដល់​ក្រុម​សហជីព​ឯករាជ្យ។

ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​ស៊ីវិល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ដែល​ចេញ​នៅ​ថ្ងៃ​ទី២៧ ខែមិថុនា ហើយ​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូប​ភាព មក​លើ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា «សង់ត្រាល់»។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​រួមមាន សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)​ សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា (CFSWF) និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ជាដើម។

សេចក្ដី​ថ្លែងការណ៍​ដដែល បង្ហាញ​ថា ការ​ប្រើប្រាស់​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ ដើម្បី​ដាក់​ទណ្ឌកម្ម​ លើ​អ្នក​ធ្វើការ​ងារ​​ការពារ​សិទ្ធិ​កម្មករ គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ហើយ​ករណី​នេះ ក៏​ធ្លាប់​ធ្វើឡើង ដើម្បី​វាយប្រហារ​និង​ព្យួរ​សកម្មភាព​ការងារ​របស់​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង​ដែរ។

លើស​ពី​នោះ ក្រុម​អង្គការ​ស៊ីវិល​អំពាវនាវ​ដល់​សហជីព ដែល​មិន​យល់​ស្រប​ឱ្យ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដោយ​ផ្ទាល់ ដើម្បី​ប្រមូល​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ យក​មក​ប្រៀបធៀប​ជា​មួយ​នឹង​របាយការណ៍​របស់​អង្គការ​សង់ត្រាល  ជា​ជាង​ បង្ហាញ​​ការ​មិន​ពេញ​ចិត្ត ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ អំពាវនាវ​ដល់​អង្គការ​ពលកម្ម​អន្តរជាតិ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា សូម​ទទួល​ស្គាល់​ជា​សាធារណៈ នូវ​តម្លៃ​នៃ​ការ​សិក្សា​ស្រាវជ្រាវ ដែល​រិះគន់​សំដៅ​ដល់​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ដំណើរ​ការ និង​សកម្មភាព​ការងារ​របស់​គម្រោង​នៃ​ស្ថាប័ន​ខ្លួន។ បន្ថែម​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ ក៏​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល សូម​រក្សា​ជំហរ​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​គោរព​នូវ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​អនុញ្ញាត​ឱ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​អស់ អាច​ធ្វើ​ការងារ​របស់​ខ្លួន ដោយ​សេរី ជៀស​ផុត​ពី​ការ​រំលោភ​បំពាន និង​ការ​ឆ្លើយ​តប​ជា​អវិជ្ជមាន ដោយ​គ្រាន់​តែ​ស្ថាប័ន​ទាំង​នោះ​ធ្វើ​ការ​រិះគន់។

ការ​ស្នើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ដែល​សហជីព​គាំទ្រ​រដ្ឋាភិបាល​បាន​នាំ​គ្នា​តវ៉ា​ នៅ​មុខ​អង្គការ​សង់ត្រាល ជា​បន្តបន្ទាប់ ហើយ​បាន​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ចោទ​អង្គការ​សង់ត្រាល់​ថា ចេញ​របាយការណ៍​មិន​ពិត និង​មាន​ចេតនា​បំផ្លាញ​កេរ្តិ៍​ ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ដើម។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា​ថា ការ​ប្ដឹង​របស់​សហជីព​គាំទ្រ​រដ្ឋាភិបាល ទៅ​ក្រសួងមហាផ្ទៃ​ ប្រឆាំង​របាយការណ៍ របស់​អង្គការ​សង់ត្រាល គឺ​ធ្វើ​ឡើង​​គ្រាន់​តែ​ជា​លេស ដើម្បី​គំរាមកំហែង​សហជីព​ឯករាជ្យ។

លោក យិន ម៉េងលី ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​ក្រុម​អង្គការ​ស៊ីវិល ហើយ ងាក​មក​ដោះ​ស្រាយ​បញ្ហា​លោភ​សិទ្ធិ​កម្មករ និង​បើក​លំហ​សេរីភាព​សហជីព​ឯករាជ្យ​ឡើង​នោះ​ គឺ​ជា​រឿង​ប្រសើរ​បំផុត។

លោក យិន ម៉េងលី៖ «ការ​ប្ដឹង​ផ្ដល់​របស់​អាជ្ញាធរ​ ឬ​ក៏​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ហ្នឹង​ខ្ញុំ​មើល​ឃើញ​ថា ធ្វើ​ឱ្យ​សេរីភាព​របស់​សហជីព សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ កាន់​តែ​មាន​លំហ ​តូច​ទៅ តូច​ទៅ នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន។ អ៊ីចឹង​ខ្ញុំ​អត់​ចង់​ឱ្យ​មាន​ការ​ប្ដឹង​ផ្ដល់ ពាក់ព័ន្ធ​ទៅ​នឹង​របាយការណ៍​ទេ៖។

ជុំ​វិញ​រឿង​នេះ​ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​​ផ្ទៃ លោក ទូច សុឃៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៨ ខែមិថុនា​ថា ក្រសួង​ពុំ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើក​អង្គការ​សង់ត្រាល់ ដូច​ការ​លើក​ឡើង​នោះ​ គ្រាន់​តែ​អនុ​វត្ត​ទៅ​តាម​កិច្ចការ​រដ្ឋបាល។

លោក ទូច សុឃៈ៖ «អ៊ីចឹង​ស្នើ​ឱ្យ​បណ្ដា​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ផ្សេងៗ បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​ថា ក្រសួងមហាផ្ទៃ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អង្គការ​សង់ត្រាល់។ យើង​ទទួល​បាន​លិខិត សូម​ឱ្យ​ធ្វើ​ការ​អន្តរាគមន៍​លើ​រឿង​នេះ លើ​រឿង​នោះ ពី​បណ្ដា​សហជីព​ផ្សេងៗ ហើយ​យើង​នឹង​ចាត់​នីតិវិធី​ទៅ​តាម​ផ្លូវ​រដ្ឋបាល និង​ផ្លូវ​ច្បាប់ ដោយ​យោង​ទៅ​លើ​ច្បាប់​ពី​អង្គការ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដើម។ យើង​នឹង​មិន​ធ្វើ​ឱ្យ​ប្រាស់​ចាក់​ពី​ច្បាប់​ដាច់ខាត»

នៅថ្ងៃទី២៧ ខែមិថុនា សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ដែល​ជា​សហជីព​គាំទ្រ​រដ្ឋាភិបាល ហើយ​មាន​ លោក ហង្ស រ៉ាវី ជា​តំណាង​នោះ ក៏​បាន​ដាក់​ពាក្យ បណ្ដឹង​ទៅ​កាន់​តុលាការ ប្រឆាំង នឹង អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ គឺ​លោក ឃុន ថារ៉ូ ដោយ​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់ ឱ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក ឃុន ថារ៉ូ ជុំ​វិញ​ការ​វាយប្រហារ​មក​លើ​ការងារ​របស់​ក្រុម​សហជីព​ឯករាជ្យ។

ទោះ​ជា​បែប​នេះ​ក្ដី ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ សោកស្ដាយ​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​អង្គការ​សង់ត្រាល់ ជា​បន្ត​បន្ទាប់។ លោកស្រី​បន្ត​ថា អាជ្ញាធរ គួរតែ​ចាត់​វិធានការ​ មក​លើ​ក្រុម​និយោជក ដែល​រំលោភ​សិទ្ធិ​កម្មករ និង​សហជីព ព្រោះ​ថា បច្ចុប្បន្ន ការ​រឹតត្បិត ឬ​ការ​គំរាមកំហែង​ កម្មករ​ សហជីព​ នៅ​​​កន្លែង​ការងារ ពី​សំណាក់​ថៅកែ និង​អាជ្ញាធរ នៅតែ​បន្ត​កើត​មាន​ជា​ហូរហែ ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ អង្គការ​សង់ត្រាល់។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «បើ​យើង​មើល​ទៅ​សិទ្ធិ​នៃ​ការ​ចងក្រង​សហជីព​គឺ​ពិបាក​មែន​ទែន​ ដោយសារតែ កម្មករ គាត់​ប្រឈម​ខ្លាំង​មែន​ទែន។ ទី១ក្រុមហ៊ាន​អត់​បាន​បើក​សិទ្ធិ​សេរីភាព​ឱ្យ​កម្មករ​និយោជិក​នឹង​បាន​ចងក្រង​ដោយ​សេរី ដោយ​ភាព​ពេញចិត្ត​របស់​គាត់​ទេ​។»

ស្រប​ពេល​អង្គការ​សង់ត្រាល់ ស្ថិត​ក្រោម​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​នេះ សម្ព័ន្ធ​សហជីព និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ឈ្មោះ​ថា យុទ្ធនាការ​សំលៀក​បំពាក់​ស្អាត (Clean Clothes Campaign) នៅ​ថ្ងៃ​ទី២៦ ខែមិថុនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្មី​មួយ​ទៀត ដោយ​អំពាវនាវ​ឲ្យ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក្រុម​ហ៊ុន​បញ្ជាទិញ​អន្តរជាតិ និង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ត្រូវ​ធានា​ថា កុំ​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​សារ​តែ​មាន​ការ​រិះគន់​លើ​ខ្លួន។ គម្រោង​រោង​ចក្រ​កាន់​តែ​ ប្រសើរ​ល្អ​នៅ​កម្ពុជា (ILO-BFC) របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​នេះ មានការ​ចូល​រួម​ដោយ​ក្រុម​ហ៊ុន​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ដូចជា H&M, Inditex, C&A និង Nike។ អ្នក​សម្របសម្រួល​អន្តរជាតិ​នៃ​យុទ្ធនាការ​សំលៀក​បំពាក់​ស្អាត (Clean Clothes Campaign) អ្នកស្រី អ៊ីនីឃេ ហ្សេដេនរ៉ឹស្ត (Ineke Zeldenrust) លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ថា វា​មាន​សារៈសំខាន់​ណាស់​ដែល​ក្រុម​ហ៊ុន​ម៉ាក​ល្បីៗ ដែល​ចូល​រួម​នៅ​ក្នុង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​នេះ នឹង​មិន​ដក​ខ្លួន​ចេញ​ពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ ហើយ​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ទៅ​កាន់​រដ្ឋាភិបាល​ថា របាយការណ៍​របស់​សង់ត្រាល់ អំពី​សេរីភាព​សមាគម​នេះ ត្រូវ​បាន​ស្វាគមន៍ ហើយ​អង្គការ​សង់ត្រាល់ នឹង​មិន​ត្រូវ​បាន​ចាប់​ពិរុទ្ធ និង​រង​ការ​គំរាម​កំហែង​នោះ​ទេ។

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា «សង់ត្រាល់» កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា បាន​ចេញ​របាយការណ៍​មួយ ដោយ​រក​ឃើញ​ថា ក្នុងចំណោម សហជីព​ចំនួន១៤ មាន​សហជីព​ចំនួន១០ រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់មាត់ ការ​គំរាមកំហែង ការ​បៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួក​គេ។ អង្គការ​សង់ត្រាល់​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល និង​ដោះស្រាយ​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់ កម្មករ​និយោជិក និង​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles