ពលរដ្ឋ​ស្នើ​អនុវត្ត​គោល​នយោបាយ​ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​លុបបំបាត់​អំពើ​ចោរកម្ម

ដោយ យ៉ង ចាន់តារា
2024.06.29
RFA

ពលរដ្ឋ​ស្នើ​អនុវត្ត​គោល​នយោបាយ​ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​លុបបំបាត់​អំពើ​ចោរកម្ម

ម៉ូតូ និងរបស់របរផ្សេងទៀតរបស់​សកម្មជន​ការងារ​សង្គម​លើកកម្ពស់​សមភាព​យេនឌ័រ ​ឈ្មោះ សុត សំណាង (Soth Peosamnang) ដែលត្រូវ​ចោរចូលលួច កាលពីថ្ងៃទី២៥ មិថុនា ២០២៤។ រូប៖ ហ្វេសប៊ុក សុត សំណាង


ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​មួយ​ចំនួន​ព្រួយបារម្ភ​ថា អំពើ​ចោរកម្ម​កើត​មាន​ឡើង​កាន់តែ​ញឹកញាប់ ខណៈ​អាជ្ញាធរ​មិន​អាច​ចាប់បាន​ជនល្មើស និង​រឹបអូស​ទ្រព្យសម្បត្តិ​ឱ្យ​ជនរងគ្រោះ​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​កាត់បន្ថយ​អំពើ​ចោរកម្ម រដ្ឋាភិបាល​គួរតែ​បង្កើន​កញ្ចប់​ថវិកា​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ប្រកបដោយ​ប្រសិទ្ធភាព។

ពលរដ្ឋ​មួយចំនួន​នៅ​ភ្នំពេញ​លើកឡើង​ថា បើទោះបីជា​ផ្ទះ​របស់​ពួកគេ​មាន​របង ឬ​សត្វ​ឆ្កែ​យាម​ផ្ទះ​ក្ដី ក៏​ពួកគេ​នៅតែ​មិន​មាន​អារម្មណ៍​សុវត្ថិភាព​នោះ​ឡើយ នៅពេល​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ចោលផ្ទះ​។​

​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិសែនជ័យ អ្នកនាង សាក់ កន្និកា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ថា ដោយសារ​តែ​មាន​អំពើ​ចោរកម្ម​ញឹកញាប់​នៅក្នុង​ភូមិ​គ្រួសារ​របស់​អ្នកនាង​តែង​ព្រួយបារម្ភ​ពី​ការបាត់បង់​ទ្រព្យសម្បត្តិ​។ អ្នកនាង​បន្ត​ថា ប្រជាពលរដ្ឋ​មិនសូវ​មាន​ទំនុកចិត្ត​ទៅលើ​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់​អំពើ​ចោរកម្ម​នោះ​ឡើយ ព្រោះ​កន្លងមក បើ​ទោះបីជា​ជនល្មើស​ត្រូវ​បាន​ឃាត់ខ្លួន​ក្ដី ក៏​ពួកគេ​មិន​រាងចាល​នោះ​ទេ។

អ្នកនាង សាក់ កន្និកា៖ «អ៊ីចឹង​គាត់​មើលឃើញ​ថា បើ​ប្ដឹង​បុគ្គល​ហ្នឹង មិនទាន់​ដឹង​អី​ផង​ឃើញ​បុគ្គល​ហ្នឹង​រួចខ្លួន​ផុត​ទោស ឬក៏​ចេញ​មក​នៅ​ខាងក្រៅ​យ៉ាង​រំភើយ អ៊ីចឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ហ្នឹង​អត់​ជឿទុកចិត្ត​ទៅលើ​សមត្ថកិច្ច​ទេ ពេលខ្លះ​ក៏​គិតថា អ្នក​ដែល​លួច​ទាំង​អស់ហ្នឹង​ឱ្យ​តែ​គាត់​មាន​លុយ​សូកប៉ាន់​ទៅ​ខាង​សមត្ថកិច្ច​ទៅ គឺ​គេ​អាច​មាន​សេរីភាព​មកវិញ​បន្ត​ទៀតហើយ ហើយ​វា​ធ្វើ​ឱ្យ​គាត់​មាន​ផ្នត់គំនិត​មួយ មានន័យថា​បើសិនជា​គេ​លួច​យក​ទ្រព្យ​របស់​ពួកគាត់ គឺ​គាត់​អត់​សូវ​ហ៊ាន​ប្ដឹង​ទេ ប៉ុន្តែ​ពួកគាត់​ព្យាយាម​ធ្វើ​របង​វិញ»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ គឺ​លោកស្រី អេង សុខា លើកឡើង​ថា កាលពី​មួយ​ខែ​មុន ក្រុម​ចោរ​បាន​ចូល​លួច​ទូរស័ព្ទ​ម្ដាយ​របស់​លោកស្រី​ទាំង​កណ្ដាល​ថ្ងៃ​។ លោកស្រី​អះអាង​ថា ក្រៅពី​អំពើ​ចោរកម្ម​កើតមាន​ញឹកញាប់​នៅក្នុង​ភូមិ​របស់​លោកស្រី​ហើយ​នោះ លោកស្រី​ក៏​ព្រួយបារម្ភ​ពី​បញ្ហា​ក្រុម​ក្មេង​ទំនើង​ដែល​ប្រើប្រាស់​គ្រឿងញៀន​ដែរ។

លោកស្រី អេង សុខា៖ «សំណូមពរ​ឱ្យ​អាជ្ញាធរ សន្តិសុខ​យាម​តាម​ភូមិ​តាម​អី​ផង​ទៅ ព្រោះ​នៅ​ទីក្រុង​ភ្នំពេញ​ឃើញ​មាន​ច្រើនណាស់​ក្មេង​ទំនើង ប្រើ​គ្រឿងញៀន អ្នក​ប្រើ​គ្រឿង​ស្រវឹង​អីហ្នឹង​ក៏​ច្រើន ហើយក៏​អាច​ការពារ​សុវត្ថិភាព​ខ្លួនឯង ម៉ូតូ​អីយើ​ង​ដាក់​មុខ​ផ្ទះ»។

ករណី​មួយ​ចំនួន បើ​ទោះបីជា​ពលរដ្ឋ​រង​គ្រោះ​ពី​អំពើ​ចោរកម្ម​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅដល់​សមត្ថកិច្ច​ក្ដី ក៏​សមត្ថកិច្ច​កម្រ​ចាប់បាន​ជនល្មើស និង​រឹបអូស​ទ្រព្យសម្បត្តិ​ប្រគល់​ឱ្យ​ជនរងគ្រោះ​វិញ​។ ជា​ឧទាហរណ៍ សកម្មជន​ការងារ​សង្គម​លើកកម្ពស់​សមភាព​យេនឌ័រ មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ សុត សំណាង (Soth Peosamnang) ដែល​ត្រូវ​បាន​ចោរ​គាស់​ផ្ទះ លួច​យក​ម៉ូតូ កុំព្យូទ័រ និង​ទូរស័ព្ទ​ជាដើម កាលពី​ថ្ងៃទី​២៧ ខែមិថុនា បាន​បង្ហាញ​ការ​ខកចិត្ត​ទៅលើ​សមត្ថកិច្ច​ដែល​មិន​ខ្នះខ្នែង​ជួយ​រក​ជនល្មើស​។ បន្ថែម​ពី​នេះ កញ្ញា​លើកឡើង​ថា មន្ត្រី​នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិសែនជ័យ បែរជា​និយាយ​ក្នុង​ន័យ​លេងសើច និង​មាក់ងាយ​នាង​ទៅវិញ។ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត សមត្ថកិច្ច​គួរតែ​បង្កើន​ក្រមសីលធម៌ និង​ឆ្លើយតប​ឱ្យ​បាន​ឆាប់រហ័ស​នៅពេល​ពលរដ្ឋ​រាយការណ៍​ពី​ករណី​ចោរកម្ម​។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ទប់ស្កាត់​អំពើ​ចោរកម្ម​តាមរយៈ​ការកំណត់​មុខសញ្ញា​ជនល្មើស និង​បង្កើន​ការ​ល្បាត​មើល​សុវត្ថិភាព​នៅ​តាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ឱ្យ​បាន​ញឹកញាប់។

លោក យង់ គិមអេង៖ «មួយទៀត​គឺ​រាជរដ្ឋាភិបាល​គួរតែ​បន្ថែម​ថវិកាជាតិ​ដើម្បី​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហ្នឹង មិន​ត្រូវ​បង្កើន​តែ​ការអប់រំ​ទេ ត្រូវ​មាន​កិច្ច​ការងារ​សំខាន់​គឺ​រឿង​ការ​បង្ក្រាប ឬ​ការ​បង្ការ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​កុំឱ្យ​កើតមាន (​ចោរកម្ម​)»។

ក្រុម​ប្រជាពលរដ្ឋ​លើកឡើង​ថា ក្រុម​ក្មេង​ទំនើង និង​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​គឺជា​បញ្ហា​ចម្បង ធ្វើ​ឱ្យ​មាន​អំពើ​ចោរកម្ម​។ ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​គួរ​បង្កើន​ប្រាក់​បេសកកម្ម​ដល់​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ ខណ្ឌ​នៅ​តាម​មូលដ្ឋាន​ឱ្យ​​បាន​ច្រើន ដើម្បី​ទប់ស្កាត់​បទល្មើស​អំពើ​ចោរកម្ម ជាជាង​ប្រើប្រាស់​កម្លាំង​ទាំងនេះ​ទប់ស្កាត់​ប្រជាពលរដ្ឋ ដែល​ចេញ​ទាមទារ​រក​ដំណោះស្រាយ​អំពី​បញ្ហា​កើតមាន​នៅក្នុង​សង្គម​ដោយ​អហិង្សា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles