ពលរដ្ឋ​​ក្រីក្រ​មួយ​ចំនួន​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​សារ​គ្មាន​ឈាម​គ្រប់​គ្រាន់​សម្រាប់​ព្យាបាល

ដោយ ប្រាជ្ញ ចេវ
2024.07.02
RFA

ពលរដ្ឋ​​ក្រីក្រ​មួយ​ចំនួន​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​សារ​គ្មាន​ឈាម​គ្រប់​គ្រាន់​សម្រាប់​ព្យាបាល

លោកស្រី ធាង សំអាត បង្ហាញ​រូបកូនស្រី​ដែលស្លាប់នៅមន្ទីរពេទ្យរុស្សីកាលពីខែឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សាច់ញាតិ​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​​អះអាង​ថា មន្ទីរ​ពេទ្យ​​​​​រដ្ឋ​មួយ​ចំនួន​បាន​ទុក​អ្នក​ជំងឺ​ចោល​​​ឱ្យ​​​​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​សារ​ពួក​គេ​មិន​អាច​រក​អ្នក​បរិច្ចាគ​ឈាម​បាន​ ឬ​​ពួកគេ​​អស់​​លទ្ធភាព​​ទិញ​ឈាម​​​សម្រាប់​ព្យាបាល។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​សុខាភិបាល​​ស៊ើប​អង្កេត​ករណី​ទាំង​នេះ។

ស្ថិត​ក្នុង​បន្ទប់​ជួល​មួយ​​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ លោកស្រី ធាង សំអាត វ័យ ៦២​ឆ្នាំ​ ​ដែល​​ទើប​​​ស្លាប់​​​​កូន​​របស់​លោកស្រី​បាន​ស្លាប់​ ​នៅ​មន្ទីរ​ពេទ្យ​​​រុស្សី កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ បង្ហាញ​រូបភាព និង​វីដេអូ​របស់​កូន​ស្រី​ច្បង។

លោកស្រី ធាង សំអាត៖ «ឈឺ​មុន​ចូល​ឆ្នាំ​ហ្នឹង​ ឈឺ​​យក​ទៅ​ពេទ្យ​ បើ​ព្យាយាម​មើល​មិន​ងាប់​ទេ​​​ យើង​អត់​លុយ​​​ ខ្ញុំ​ស្រណោះ​ណាស់​កូន​ខ្ញុំ​បាន​មួយ​ហ្នឹង​ចំណាប់»។

លោកស្រី ធាង សំអាត ឱ្យ​ដឹង​ថា​កូន​របស់​លោក​ស្រី​ឈ្មោះ​ ស្រៀន ចាន់​ធឿន អាយុ​៤២ ឆ្នាំ​​​ជា​អ្នក​លក់​​ភេសជ្ជៈ​តាម​ម៉ូតូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​ស្រី​​បន្ត​ថា កូន​​លោក​ស្រី​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ខែ​មីនា ហើយ​គ្រួសារ​បាន​នាំ​ លោកស្រី​ ស្រៀន ចាន់ធឿន ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន និង​មន្ទីរ​ពេទ្យ​រដ្ឋ​​​​ព្រះកុសុមៈ ឬ​ហៅ​ពេទ្យ​លោក​សង្ឃ។

លោកស្រី ធាង សំអាត ឱ្យ​ដឹង​ទៀត​ថា កូន​​លោក​ស្រី​មិន​បាន​ធូរស្រាល​នោះ​ទេ​​ ចំណែក​ឯ​គ្រូ​ពេទ្យ​​នៅ​តែ​មិន​អាច​បញ្ជាក់​ថា កូន​លោក​ស្រី​ឈឺ​អ្វី​ឱ្យ​ប្រាកដ​ ហើយ​គ្រូ​ពេទ្យ​​បាន​ប្រាប់​លោក​ស្រី​​ខុសៗ​​គ្នា​ដោយ​ថា កូន​លោកស្រី​​មាន​ជំងឺ​រលាក​ស្រោម​ខួរ​ ជំងឺ​រលាក​សួត ជំងឺ​អេដស៍​​​ និង​ជំងឺ​​របេង​ជា​ដើម។ ​លោក​ស្រី​ថា ដោយ​សារ​តែ​មិន​មាន​​ថវិកា​ឱ្យ​ពេទ្យ​​​​​ទើប​គ្រួសារ​​​បាន​យក​ លោកស្រី ស្រៀន ចាន់ធឿន ត្រឡប់​មក​ផ្ទះ​វិញ។

លោកស្រី ធាង សំអាត បន្ត​ថា​ជំងឺ​កូន​នៅ​តែ​មិន​ធូរ​ស្រាល​ទេ ក៏​នាំ​គ្នា​យក​គាត់​ទៅ​ព្យាបាល​​​​នៅ​​​ពេទ្យ​រុស្ស៊ី​​​​ ជា​ពេទ្យ​រដ្ឋ​​​នៅ​ដើម​​ខែ​មេសា។ ទោះ​ជា​យ៉ាង​ណា​​ លោក​ស្រីថា កូន​លោក​ស្រី​​បាន​ធ្លាក់​ខ្លួន​ឈឺ​កាន់​តែ​ខ្លាំង​រហូត​​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​នេះ។ លោក​ស្រី​ថា គ្រូ​ពេទ្យ​ខ្លះ​បាន​​ឱ្យ​គ្រួសារ​លោក​ស្រី​ទៅ​ស្វែង​រក​អ្នក​ផ្ដល់​ឈាម​​ដោយ​លោកស្រី ស្រៀន ចាន់ធឿន មាន​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ និង​មាន​ជាតិ​​ពុល​ក្នុង​ឈាម។

លោកស្រី ធាង សំអាត ថា លោក​ស្រី​ជា​អ្នក​មើល​ថែ​​កូន​ដោយ​ផ្ទាល់​ក្នុង​រយៈ​ពេល​​មួយ​ខែ​នៅ​​ក្នុង​អំឡុង​ពេល​​នោះ​ ហើយ​លោក​ស្រី​បញ្ជាក់​​ទៀត​​ថា មូលហេតុ​​ចម្បង​ដែល​​កូន​លោក​ស្រី​ស្លាប់​គឺ​ដោយ​សារ​តែ​គ្រូ​ពេទ្យ​មិន​ព្រម​លាង​ឈាម​ដោយ​សារ​តែ​​ឈាម​សម្រាប់​ផ្ដល់​ឱ្យ​តែ​អ្នក​សង្គ្រោះ​​បន្ទាន់​ប៉ុណ្ណោះ ប៉ុន្តែ​លោកស្រី​សង្កេត​ឃើញ​ថា សម្រាប់​អ្នក​ជំងឺ​ផ្សេង​ទៀត​ដែល​មាន​លុយ​អាច​ទិញ​ឈាម​ព្យាបាល​បាន។

លោកស្រី ធាង សំអាត៖ «ពេល​យើង​រក​អត់​បាន​គេ​បណ្ដោយ​ទុក​​ឱ្យ​យើង​ជិត​ដាច់​ខ្យល់​បាន​គេ​យក​ឈាម​ទៅ​ដាក់​ឱ្យ​ គេ​មិន​មែន​ថា អត់​មាន​ទេ​គេ​ថា មាន​តែ​​ទុក​សង្គ្រោះ​​បន្ទាន់​​ សម្រាប់​សង្គ្រោះ​បន្ទាន់​ អ្នក​បន្ទាន់​ ហើយ​យើង​ឈឺ​ល្មមៗ ហ្នឹង​យើង​អត់​ដាក់​ឱ្យ​ទេ​​ ទុក​ដល់​ជីវិត​យើង​ជិត​ស្លាប់​​ បាន​គេ​យក​ដាក់​ឱ្យ​​​ បើ​ដាក់​ឱ្យ​ពី​ដំបូង​កូន​ខ្ញុំ​អត់​ស្លាប់​ទេ»។

ចំណែក​​ពលរដ្ឋ​​​នៅ​​​ខេត្ត​បន្ទាយ​មាន​ជ័យ​​​លោក ប៊ី សុខ ដែល​ប្រពន្ធ​របស់​លោក​បាន​​ស្លាប់​​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​តែ​ជំងឺ​ខូច​ក្រលៀន​​ឱ្យ​ដឹង​ថា ការ​ស្នើ​សុំ​​ឈាម​មន្ទីរ​​ពេទ្យ​មក​ព្យាបាល​គឺ​ជា​រឿង​ពិបាក​​​​សម្រាប់​អ្នក​ក្រីក្រ។ លោក​ថា ដើម្បី​ទទួល​បាន​ឈាម​​ព្យាបាល​ប្រពន្ធ​​លោក​​មួយ​សប្ដាហ៍​ម្ដង​​បាន​​ គឺ​លោក​ត្រូវ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​​​ និង​ដើរ​សុំ​បរិច្ចាគ​​ឈាម​ពី​បង​ប្អូន​របស់​លោក។

victim.jpg
លោកស្រី ធាង សំអាត បង្ហាញ​រូបកូនស្រី​ដែលស្លាប់នៅមន្ទីរពេទ្យរុស្សីកាលពីខែឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទោះ​ជា​យ៉ាង​ណា​ លោក ប៊ី សុខ ថា សម្រាប់​ពលរដ្ឋ​ក្រីក្រ​ផ្សេង​ទៀត​ដែល​មិន​អាច​ស្វែង​រក​​ឈាម​ និង​មិន​មាន​លទ្ធភាព​ទិញ​ឈាម​​បាន​​​ គឺ​ពួក​គេ​សុខ​ចិត្ត​​ទុក​អ្នក​​ជំងឺ​​ឱ្យ​ស្លាប់ ព្រោះ​ថា មន្ទីរ​ពេទ្យ​រដ្ឋ​ទាំង​នោះ​មិន​អាច​ផ្ដល់​ឈាម​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នោះ​ឡើយ។ លោក​អះអាង​ថា ប្រពន្ធ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​​ពេទ្យ​​បង្អែក​ខេត្ត​សៀមរាប គឺ​ដោយ​សារ​តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​​របស់​ពេទ្យ​ក្នុង​មួយ​​រយៈពេល​ចុង​ក្រោយ​មុន​ស្លាប់។

លោក ប៊ី សុខ៖ «មាន​អ្នក​អត់​ទៅ​លៀង​សុខ​ចិត្ត​ស្លាប់​​ ព្រោះ​នៅ​ក៏​ស្លាប់​​ ​ទៅ​ក៏​ស្លាប់​វា​អស់​លទ្ធភាព​​​ ស្លាប់​អត់​ទៅ​លៀង​ឈាម​​​ មាន​តើ​ព្រោះ​ខ្ញុំ​ជួប​ផ្ទាល់​ហើយ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ ពី​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​លោក ​ងី ម៉េង និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា បាន​ទេ នៅ​ថ្ងៃ​ទី១ ខែ​កក្កដា។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​គួរ​តែ​គោរព​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​​​​ព្យាបាល​អ្នក​ជំងឺ ដោយ​មិន​មាន​ការ​រើស​អើង​​ ឬ​គិត​លុយ​ជា​ធំ។ លោក​ថា គ្រូ​ពេទ្យ​គួរ​​ជូន​ដំណឹង​ជា​ប្រចាំ​លើ​ស្ថានភាព​អ្នក​ជំងឺ​ដល់​ក្រុម​គ្រួសារ​ពួកគេ ហើយ​ប្រសិន​បើ​មិន​មាន​លទ្ធភាព​ព្យាបាល​គួរ​​​បញ្ជូន​ទៅ​មន្ទីរ​​ផ្សេង​​ទៀត ដែល​ធានា​ថា នឹង​​អាច​ព្យាបាល​ជំងឺ​បាន។

លោក យង់ គិមអេង លើក​ឡើង​ថា ក្រសួង​សុខាភិបាល​គួរ​តែ​ចេញ​មុខ​ធ្វើ​ការស៊ើបអង្កេត និង​ត្រូវ​តែ​​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​​ក្រុម​គ្រូពេទ្យ ប្រសិន​​បើ​​រក​​ឃើញ​ថា ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ​ជា​ការ​ពិត។

លោក យង់ គិមអេង៖ «គ្រូ​ពេទ្យ​​ ឬ​អ្នក​ចាត់​ចែង​មន្ទីរពេទ្យ​​ ត្រូវ​បាន​ព្រងើយ​កន្តើយ​មិន​អើ​ពើ​​​ មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់​​ ហើយ​ធ្វើ​ការ​សម្លឹង​មើល​ទឹក​លុយ​​ជា​ធំ​ហ្នឹង​ គួរ​តែ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ដែរ​ចំពោះ​គ្រូ​ពេទ្យ​ណា​ដែល​មាន​អាកប្បកិរិយា​បែប​ហ្នឹង​​​​ ប្រសិន​បើ​មាន​ការ​រក​ឃើញ​បែប​ហ្នឹង»

លោកស្រី ធាង សំអាត ស្នើ​ដល់​រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ទៅ​ក្រុម​គ្រូ​ពេទ្យ​​​​នៅ​មន្ទីរពេទ្យ​​រុស្ស៊ី​មួយ​ចំនួន​ដែល​​លោក​ស្រី​ចោទ​ថា បាន​​ធ្វើ​ឱ្យ​កូន​​លោក​ស្រី​​ស្លាប់​ទាំង​វ័យ​ក្មេង និង​បន្សល់​ទុក​កូន​តូច​ៗ​ ដើម្បី​​ផ្ដល់​យុត្តិធម៌​​ឱ្យ​កូន​លោក​ស្រី​ និង​ជា​គំរូ​ភាព​ដើម្បី​កុំ​មាន​ករណី​បែប​នេះ​កើត​ឡើង​បន្ត​ទៀត។

លោកស្រី ធាង​ សំអាត «ខ្ញុំ​សូម​​​សំណូម​ពរ​ឱ្យ​រាជ​រដ្ឋាភិបាល​មើល​កន្លែង​មន្ទីរ​ពេទ្យ​ដែល​ធ្វើ​ការ​ខ្ចរខ្ចាយ​មិន​យក​ចិត្ត​ទុក​ដាក់​អ្នក​ជំងឺ​ គ្នា​មក​ពី​ណា​ពី​ណី​​លក់​ស្រែ​ លក់​ស្រូវ​​រក​លុយ​មក​មើល​ពេទ្យ​ មក​ដល់​ពេទ្យ​​ ពេទ្យ​ខ្លះ​មាន​លុយ​ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​គ្នា​ប៉ុន្មាន​ទៀត»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ពលរដ្ឋ​ចោទ​ប្រកាន់​ទៅ​លើ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​ហៅ​ថា​ពេទ្យ​រុស្ស៊ី​ដែល​ជា​មន្ទីរ​ពេទ្យ​រដ្ឋ​ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ជំងឺ។ ជាក់ស្ដែង គណនី​ហ្វេសប៊ុក​ឈ្មោះ ស្រីពេជ្រ ធូ ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី២៦ ខែ​មករា កន្លង​ទៅ​ថា ឪពុក​របស់​កញ្ញា​ត្រូវ​បាន​ស្លាប់​ដោយ​សារ​តែ​ក្រុម​គ្រូពេទ្យ​តម្រូវ​ឱ្យ​បង់​លុយ​មុន​ដោយ​ដំណើរ​ការ​យូរ​ដែល​បាន​ធ្វើ​ឱ្យ​ឪពុក​របស់​កញ្ញា​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles