Elliptic៖ ជីដូនមួយលោក ហ៊ុន ម៉ាណែត​​ ពាក់ព័ន្ធការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតនៅអាស៊ីអាគ្នេយ៍

កម្ពុជា
កម្ពុជា-ឧក្រិដ្ឋកម្មអនឡាញ
11/07/2024 – 14:58
ដោយ៖ អោ ស្រីពេជ្រ
RFI

បងប្អូន​ជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ត្រូវបាន​ក្រុមហ៊ុនវិភាគកាក់ឌីជីថលរបស់អង់គ្លេស Elliptic លើកយកមកបង្ហាញ​ថាមានជាប់ពាក់ព័ន្ធ​នឹងការ​​​រកស៊ី​​ក្នុងទីផ្សារ​អនឡាញខ្មៅ​ងងឹតបង្កប់ឧក្រិដ្ឋកម្មលាងលុយកខ្វក់។ តាម​ Elliptic ចាប់តាំងពីឆ្នាំ២០២១ បណ្តាញទីផ្សារអនឡាញ​​ដ៏កខ្វក់នេះ​បាន​ប្រតិបត្តិការ​​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយ​រកចំណូលបាន​យ៉ាងហោចណាស់ ​១១ពាន់លានដុល្លារ តាមរយៈការបោកប្រាស់តាមអនឡាញដូចជា ការបោកបញ្ឆោ​តក្នុង​ទំនាក់ទំនងស្នេហាផ្លូវភេទ ការ​​បោកប្រាស់ក្នុង​គម្រោងវិនិយោគ ​និងការចាប់ជំរិតជាដើម។

Elliptic៖ ជីដូនមួយលោក ហ៊ុន ម៉ាណែត​​ ពាក់ព័ន្ធការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតនៅអាស៊ីអាគ្នេយ៍


​ក្រុមហ៊ុនវិភាគកាក់ឌីជីថលរបស់អង់គ្លេស​ឈ្មោះថា Elliptic បានចេញផ្សាយ របាយការណ៍ នៅថ្ងៃទី១០កក្កដាម្សិលមិញដោយបង្ហាញ​ថា បងប្អូនជីដូនមួយ​លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ​​​ ​មាន​ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអនឡាញ​​ខ្មៅងងឹត​​​។ បើតាម Elliptic ​ក្រុមហ៊ុន Huione Group គ្រប់គ្រងដោយ​លោក ហ៊ុន តូ​ មិនត្រឹមតែជួយសម្រួលដល់ការបោកប្រាស់តាមអ៊ីនធឺនែត ប៉ុន្តែក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនេះថែមទាំងជួយសម្រួលដល់សកម្មភាពលាងលុយកខ្វក់ដែលទទួលបានពីការបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោកថែមទៀតផង។ គួរជ្រាបថា ​លោក ហ៊ុន តូ ជាអគ្គនាយកម្នាក់នៅក្នុងក្រុមហ៊ុន Huione Group ដែលជាបណ្តាញទីផ្សារអនឡាញ Huione Guarantee

Elliptic៖ជីដូនមួយលោកហ៊ុន ម៉ាណែតពាក់ព័ន្ធការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតនៅអាស៊ីអាគ្នេយ៍
Elliptic៖ជីដូនមួយលោកហ៊ុន ម៉ាណែតពាក់ព័ន្ធការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតនៅអាស៊ីអាគ្នេយ៍ © Elliptic

បណ្តាញ​ទីផ្សាររកស៊ីតាម​អនឡាញមួយ​នេះត្រូវបាន Elliptic រកឃើញ​ទៀត​ថា​​បានពង្រីកខ្លួនធំឡើងៗ តាមរយៈប្រតិបត្តិករបោកប្រាស់អនឡាញ​​​ជាច្រើន​​នៅអាស៊ីអាគ្នេយ៍។ ចាប់តាំងពីឆ្នាំ២០២១ ទីផ្សារអនឡាញដ៏កខ្វក់នេះបានប្រតិបត្តិការ ដោយរកចំណូលបានយ៉ាងហោចណាស់ ១១ពាន់លានដុល្លារ តាមរយៈការបោកប្រាស់តាមអនឡាញដូចជា ការបោកបញ្ជោតក្នុងទំនាក់ទំនងស្នេហាផ្លូវភេទ ការបោកប្រាស់ក្នុងគម្រោងវិនិយោគ និងការចាប់ជំរិតជាដើម។ នេះបើតាម​ការ​​ស៊ើបអង្កេតរបស់​ Elliptic ដោយអះអាងយោងទៅលើភស្តុតាងរឹងមាំ និងថា ប្រាក់ដែលបោកប្រាស់បានពីជនរងគ្រោះ​ត្រូវ​ផ្ទេរទៅកាន់​​ប្រទេសជាច្រើន ដោយការ​​បំប្លែងទៅ​​​​ជាទ្រព្យសម្បតិ្ត​ផ្សេងៗរួមមាន លុយសុទ្ធ កាក់ថេរ (stablecoints)​ និងផ្ទេរទៅ​កម្មវិធីទូទាត់​លុយរបស់ចិន។ ជុំ​វិញរបាយការណ៍របស់​ក្រុមហ៊ុនវិភាគកាក់ឌីជីថលរបស់ Elliptic នេះ វិទ្យុបារាំងអន្តរជាតិបាន​ព្យាយាមទាក់ទងទៅអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ តែនៅ​មិនមានការឆ្លើយតបយ៉ាងណា​នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១១កក្កដានេះ។

កន្លងមកលោក ហ៊ុន តូ ដែលមានងារជាអ្នកឧកញ៉ាធ្លាប់ត្រូវគេចោទថាបាន​ឈរ​ឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ជាមួយ​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​លាង​លុយ​កខ្វក់។ នៅក្នុងឆ្នាំ​២០១២ ជីដូនមួយនាយករដ្ឋមន្ត្រីកម្ពុជា​រូបនេះ​​ត្រូវ​បាន​ប៉ូលិស​អូស្ត្រាលី​សង្ស័យ​ពី​បទ​ជួញ​ដូរ​ហេរ៉ូអ៊ីន និង​លាង​លុយ​កខ្វក់ចូលប្រទេសអូស្ត្រាលី តែអ្នកនាំពាក្យ​​រដ្ឋាភិបាលកម្ពុជាជំនាន់នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន ​ច្រានចោល និងចាត់ទុកថា​ជារឿងមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ​លោក ហ៊ុន តូ ក៏ដូចជាការវាយប្រហារ​លើនាយករដ្ឋមន្ត្រី និងប្រទេសកម្ពុជា។

គួរជម្រាបជូនថា ក្រុមហ៊ុន​ Huione Group ដែលពីមុនត្រូវបានគេស្គាល់ថា Huione currency exchange ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ​២០១៤។ ក្រុមហ៊ុននេះរកស៊ីលើការទូទាត់ និងប្តូរ​សាច់ប្រាក់​ ​ធានារ៉ាប់រង ​អាកាសចរណ៍ និងអចលនទ្រព្យ​ជាដើម៕

What Next?

Recent Articles