ដោយ ម៉ៅ សុធានី
2024.07.12
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) លោក កូហ្យី យ៉ាម៉ាហ្សាគី (Koji Yamazaki) កាលពីថ្ងៃទី១១ កក្កដា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
រដ្ឋាភិបាលកម្ពុជាស្នើសុំឲ្យអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីបោសសំអាតមីនសេសសល់នៅកម្ពុជា។
ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបជាមួយប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) លោក កូហ្យី យ៉ាម៉ាហ្សាគី (Koji Yamazaki) នៅថ្ងៃទី១១ កក្កដា នៅរាជធានីភ្នំពេញ។ ជាការឆ្លើយតប លោក យ៉ាម៉ាហ្សាគី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដោះមីនបន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកការបោសសម្អាតមីននៅកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩២ មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣ពាន់គីឡូម៉ែត្រការ៉េ ហើយកម្ពុជាប្តេជ្ញាបន្តបោសសម្អាតមីន ប្រមាណជាង១ពាន់៧រយ គីឡូម៉ែត្រការ៉េ បន្ថែមទៀត។ របាយការណ៍របស់អាជ្ញាធរមីនឲ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរប្រមាណជិត២ម៉ឺននាក់បានស្លាប់ ដោយសារគ្រាប់មីន និងរងរបួសព្រមទាំងពិការដៃជើង ជាង៤ម៉ឺន៥ពាន់នាក់ ផ្សេងទៀត។
ចាប់ពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥២លានដុល្លារ ដល់កម្ពុជា ក្នុងគម្រោងជាច្រើន ក្នុងនោះវិស័យអប់រំ សុខាភិបាល កសិកម្ម និងបោសសំអាតមីនផងដែរ។ ចំណែកសហរដ្ឋអាមេរិកវិញ ក៏បានបង្កើតថវិកាសំរាប់ការបោសសំអាតមីន ចំនួន១២លានដុល្លារ សំរាប់ឆ្នាំ២០២៤ ដើម្បីសម្រេចបានការគ្មានមីន នៅឆ្នាំ២០២៥ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។