ដោយ ច័ន្ទ ដារ៉ូ
2024.07.12
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកឃ្លាំមើលបារម្ភថា កម្ពុជាអាចជួបវិបត្តិសង្គមធ្ងន់ធ្ងរ បើប្រទេសលោកសេរីបន្តដាក់ទណ្ឌកម្មបន្ថែមទៀតជុំវិញរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ពួកគេថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាគ្មានចិត្តស្មោះត្រង់ក្នុងការកែលម្អនោះទេ កម្ពុជានឹងទទួលរងផលប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ច ការទូត និងអាចទទួលរងទណ្ឌកម្មជាពិសេសពីអាមេរិក សហភាពអឺរ៉ុបបន្ថែមទៀត ហើយអ្នកដែលរងគ្រោះមុនគេគឺកម្មករ និងពលរដ្ឋស្លូតត្រង់។
អ្នកឃ្លាំមើល និងសង្គមស៊ីវិលជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពិចារណាក្នុងការដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ រួមទាំងសកម្មជនចលនាមាតាធម្មជាតិឲ្យមានសេរីភាព ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងសង្គមដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសអូស្ត្រាលីក្រោយត្រូវបានមេធាវីរដ្ឋាភិបាលកម្ពុជាប្តឹងផ្តល់ទៅកាន់តុលាការដោយសារការបញ្ចេញមតិលោក ស៊ឹង សែនករុណា ថ្លែងថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត មិនត្រឹមមិនដោះស្រាយបញ្ហាសំខាន់ៗដូចជាវិបត្តិនយោបាយ បញ្ហាប្រព័ន្ធយុត្តិធម៌នោះទេ រដ្ឋាភិបាលបានបង្កើនការបង្ក្រាបលើសំឡេងបក្សជំទាស់ សង្គមស៊ីវិល កាន់តែខ្លាំងឡើង ជាពិសេសការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនបរិស្ថានដាក់ពន្ធនាគារនៅរយៈពេលចុងក្រោយនេះ។ លោកថាការរំលោភសិទ្ធិមនុស្សនេះនឹងធ្វើឱ្យកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារទណ្ឌកម្មបន្ថែមរបស់ប្រទេសលោកសេរី។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងគប្បីត្រូវពិនិត្យមើលឡើងវិញ ដោះស្រាយបញ្ហាហ្នឹង ហើយចាប់ផ្តើមជជែកគ្នារវាងខ្មែរនិងខ្មែរពាក់ព័ន្ធទាំងអស់ ជាមួយសហគមន៍អន្តរជាតិ យើងរកដំណោះស្រាយជារួមទើបបានសេចក្តីសុខទាំងអស់គ្នា។ ប៉ុន្តែបើសិនរដ្ឋាភិបាលនៅតែអនុវត្តបែបជិះសះលែងដៃដោយអត់ខ្វល់ពីអ្នកណា ដែលធ្វើឱ្យមានការបែកបាក់ជាតិ ការធ្វើទុក្ខបុកម្នេញដូចបច្ចុប្បន្ន ខ្ញុំយល់ថាគ្មានអ្វីដោះស្រាយចេញទេ ស្ថានភាពនៅក្នុងប្រទេសជាតិ កាន់តែធ្លាក់ចុះដុនដាបទៅៗ កាន់តែធ្ងន់ធ្ងរទៅវិញ»។
ការលើកឡើងនេះ ធ្វើឡើងស្របពេលមជ្ឈដ្ឋានជាតិ និងអន្តរជាតិបន្តចេញសារថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តធ្វើទុក្ខបុកម្នេញជុំវិញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ រួមមានការដាក់កំហិតលើសិទ្ធិចូលរួមនយោបាយ ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការរឹតត្បិតសិទ្ធិសេរីភាពនៃអង្គការសមាគម និងការជួបប្រជុំដោយសន្តិវិធី។ ចុងក្រោយនេះតុលាការដែលគេមើលឃើញថា ជាឧបករណ៍នយោបាយរបស់អ្នកកាន់អំណាច បានកាត់ទោសដោយអយុត្តិធម៌ទៅលើសកម្មជនបរិស្ថានចំនួន១០រូប ឱ្យជាប់ពន្ធនាគារចន្លោះពី៦ទៅ៨ឆ្នាំ ពីបទ«រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ហើយក្នុងនោះ សកម្មជនចំនួន៥រូប ត្រូវបានអាជ្ញាធរចាប់ដាក់ឃុំនៅក្នុងពន្ធនាគារតាមបណ្តាខេត្តផ្សេងៗគ្នា។ ការរំលោភសិទ្ធិមនុស្ស និងនយោបាយធ្ងន់ធ្ងរបែបនេះហើយ ទើបសហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុបជាដើមបានរំលឹកកម្ពុជាជាថ្មី អំពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ ពីលើ២០ភាគរយដែលសហភាពអឺរ៉ុបបានដកពីកម្ពុជា។
សហភាពអឺរ៉ុបបានសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) ២០ភាគរយកាលពីខែសីហា ឆ្នាំ២០២០ ពីកម្ពុជានោះ ដោយសារតែរដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១១ កក្កដា។
អ្នកនយោបាយ អ្នកវិភាគ និងមេដឹកនាំសហជីពជំរុញដល់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បន្ធូរបន្ថយកម្តៅនយោបាយ ដោយដោះលែងសកម្មជនទាំងអស់ឲ្យមានសេរីភាពឡើងវិញដើម្បីបញ្ចៀសសម្ពាធការទូត និងការដាក់ទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា បក្សកម្លាំងជាតិបានផ្ញើលិខិតជាច្រើនលើក ជំរុញឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំដោយសារការអនុវត្តសិទ្ធិសេរីភាពដើម្បីដោះស្រាយបញ្ហានយោបាយ ព្រមទាំងជំរុញឱ្យដោះស្រាយបញ្ហាជីវភាព និងដីធ្លីរបស់ពលរដ្ឋដែលជាចំណុចគន្លឹះក្នុងការទាញយកប្រព័ន្ធអនុគ្រោះពន្ធដែលបាត់បង់ ការទាក់ទាញអ្នកវិនិយោគល្អៗ បង្កើតការងារនៅក្នុងស្រុក តែរដ្ឋាភិបាលមិនបានឆ្លើយតបនៅឡើយទេមកដល់ពេលនេះ។ លោក រ៉ុង ឈុន យល់ថា ការចាប់អ្នកដែលមានមតិ ឬទស្សនៈផ្ទុយដាក់ពន្ធនាគារ មិនបានធ្វើឱ្យសង្គមរីកចម្រើន ឬសេដ្ឋកិច្ចមានកំណើនទៅតាមគោលនយោបាយរដ្ឋាភិបាលនោះទេ។ ដូច្នេះលោកចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈស្តារប្រជាធិបតេយ្យឱ្យមានប្រសិទ្ធភាពដើម្បីកុំឱ្យបញ្ហាទាំងនេះប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងបង្កឱ្យមានវិបត្តិសង្គមជាដើម។
លោក រ៉ុង ឈុន៖ «ដើម្បីបញ្ចៀសនូវវិបត្តិសេដ្ឋកិច្ច ការអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ កម្មករ សំខាន់យើងត្រូវស្តារឡើងវិញ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសត្រូវមានការដោះលែងប្អូនៗយុវជន អ្នកនយោបាយ មេសហជីព សមាគម ឱ្យពួកគាត់មានសេរីភាពឡើងវិញ ហើយមួយទៀតយើងត្រូវបោសសំអាតនូវការជួញដូរមនុស្ស ការចាប់ជំរិតតាមអនឡាញក្តី គឺយើងត្រូវបោសសំអាតដើម្បីស្ដារនូវកិត្តិយស កេរ្តិ៍ឈ្មោះក្នុងការស្រូបបាននូវអ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគល្អៗ»។
ចំណែកប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ លើកឡើងថាកម្មវិធីអនុគ្រោះពន្ធលើមុខទំនិញនាំចេញអ៊ី.ប៊ី.អេ (EBA) របស់អឺរ៉ុប និងជី.អេស.ភី(GSP) របស់អាមេរិក នៅតែមានសារៈសំខាន់សម្រាប់អ្នកវិនិយោគក្នុងការបង្កើតឱកាសការងារនៅក្នុងប្រទេស និងជួយឱ្យពលរដ្ឋមានជីវភាពរស់នៅសមរម្យ។ លោកថាបើសហភាពអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធបន្ថែម ដោយសារសិទ្ធិមនុស្សធ្លាក់ចុះទៀតនោះលោកបារម្ភថា កម្ពុជាអាចខាតបង់ផលចំណេញពីការអនុគ្រោះពន្ធជាច្រើន នឹងនាំឱ្យអ្នកបញ្ជាទិញទំនិញពីរោងចក្រថយចុះ បាត់បង់ទាំងអ្នកវិនិយោគ ហើយកម្មកររាប់ម៉ឺននាក់ប្រឈមបាត់បង់ការងារ និងគ្មានចំណូលផ្គត់ផ្គង់គ្រួសារជាដើម។
លោក អាត់ ធន់៖ «កាលណាអត់មានប្រព័ន្ធអនុគ្រោះ គឺខាតច្រើនហើយ ខ្ញុំក្នុងនាមជាអ្នកសហជីពគឺយើងចង់បានការងារធ្វើ មានប្រាក់ចំណូល មានសិទ្ធិដល់កម្មករ ឬមាននិរន្តរភាពការងារ អ៊ីចឹងនៅពេលមានកិច្ចព្រមព្រៀងយើងសប្បាយចិត្ត តែនៅពេលដែលយើង ឮព័ត៌មានថាគេផ្តាច់ ឬគេព្រមានគឺយើងព្រួយបារម្ភដូចគ្នា ពីព្រោះកាលណាគេផ្តាច់ ឬព្រមានយើងអាចនាំចេញបាន តែក្នុងកម្រិតបង់ពន្ធ ប្រសិនបើកន្លែងខ្លះគេមិនវិនិយោគនៅហ្នឹងគឺបាត់បង់ការងារ បាត់ប្រាក់ចំណូល កម្មកររបស់យើងពិបាក អ៊ីចឹងយើងអត់ចង់ឃើញបែបហ្នឹងទេ»។
អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តរំលោភសិទ្ធិមនុស្ស មិនព្រមស្តារប្រជាធិបតេយ្យឡើងវិញនោះទេ វាបង្ហាញឱ្យឃើញថាមេដឹកនាំក្រុងភ្នំពេញគិតគូរតែពីរឿងក្រាញអំណាចជាជាងការផ្សះផ្សាជាតិ និងសុខទុក្ខរបស់ពលរដ្ឋដែលកំពុងរងគ្រោះ។ ពួកគាត់ជំរុញរដ្ឋាភិបាលកម្ពុជាទទួលយកអនុសាសន៍របស់សហគមន៍អន្តរជាតិ និងអ្នកពាក់ព័ន្ធទៅកែលម្អបញ្ហាប្រជាធិបតេយ្យ និងបើកលំហសេរីភាពពលរដ្ឋឡើងវិញដើម្បីប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។