លីកាដូ៖ ការចាប់ខ្លួនសកម្មជនមិនរាងចាលដោយភាពសកម្មនិយម កើនឡើងនៅឆ្នាំនេះ

កម្ពុជា
13/07/2024 – 13:13
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ អង្គការសិទ្ធិមនុស្សលីកាដូ បានចេញអត្ថបទមួយអំពី សកម្មជនមិនរាងចាល ដោយលើកឡើងថា រលកនៃការចាប់ខ្លួនសកម្មជនមិនរាងចាលនៅឆ្នាំនេះមានការកើនឡើង និងបាន​ធ្វើ​ឱ្យ​​សកម្ម​ជន​ជា​ច្រើន​នាក់ ដែល​ពីមុន​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​ បែរជាត្រូវជាប់​នៅ​ក្នុង​ពន្ធនាគារ​ម្តង​ទៀត ក្រោយពេល​ដែល​អ្នក​ទាំង​នោះ​នៅតែ​បន្ត​ភាពសកម្ម​និយម​របស់​ពួកគេ។

លីកាដូ៖ ការចាប់ខ្លួនសកម្មជនមិនរាងចាលដោយភាពសកម្មនិយម កើនឡើងនៅឆ្នាំនេះ


អង្គការសិទ្ធិមនុស្សលីកាដូ អះអាងថា មានសកម្មជនមិនរាងចាលផ្នែកនយោបាយ និងសិទ្ធិមនុស្សចំនួន២៤រូប បានជាប់ពន្ធធនាគារក្រោយពេលចាប់ខ្លួនក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤។ តួលេខនេះគឺជាការព្រួយបារម្ភរបស់អង្គការលីកាដូ ដោយសារអត្រានៃការចាប់ខ្លួនស្មើនឹងសកម្មជនម្នាក់ត្រូវបានចាប់ខ្លួនម្ដងក្នុងមួយសប្ដាហ៍ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។​

តាមលីកាដូ សកម្មជនមិនរាងចាលទាំងនោះភាគច្រើនជាសមាជិកគណបក្សជំទាស់ មេដឹកនាំគណបក្សមេដឹកនាំសហជីព អ្នកសារព័ត៌មាន អ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គម និងថ្នាក់ដឹកនាំសមាគមនិស្សិត។ ស្ថានភាពនៃការចាប់ខ្លួនសកម្មជនមិនរាងចាលនេះទៀតសោត កើតឡើងនៅពេលស្ថាប័នប្រជាធិបតេយ្យមួយចំនួនមានភាពទន់ខ្សោយបំផុត ដូចជាគណបក្សជំទាស់បានរងគ្រោះពីការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ អង្គការក្រៅរដ្ឋាភិបាលកំពុងដំណើរការក្រោមការគំរាមកំហែង និងអង្គការមួយចំនួនទៀតព្យាយាមធ្វើការត្រួតពិនិត្យចាប់ពិរុទ្ធដោយខ្លួនឯង ដើម្បីចៀសផុតពីការគំរាមកំហែងទាំងនោះ។

បើតាម លីកាដូ ទោះជាអ្នកទាំងនោះបានដឹងច្បាស់ជាងអ្នកណាទាំងអស់ ពីស្ថានភាពក្នុងពន្ធនាគារ និងហានិភ័យនៃការជាប់ឃុំ តែពួកគេក៏នៅតែមិនខ្លាចរអា និងសុខចិត្តលះបង់សេរីភាពផ្ទាល់ខ្លួនម្តងហើយម្តងទៀត ក្នុងក្តីសង្ឃឹមថា កម្ពុជានឹងមានភាពល្អប្រសើរផ្នែកសិទិ្ធមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

ដោយមិនភ្លេចស្នើទៅកាន់រដ្ឋាភិបាល អង្គការសិទ្ធិមនុស្សលីកាដូ រួមទាំងសង្គមស៊ីវិលផ្សេងទៀត បានស្នើឱ្យដោះលែងអ្នកទោសទាំងនោះឱ្យមានសេរីភាពវិញឱ្យបានឆាប់ ដើម្បីឱ្យពួកគេជួបជុំគ្រួសារ និងបន្ដភាពសកម្មនិយមរបស់ពួកគេវិញដូចគ្នា។ ក្រៅពីសង្គមស៊ីវិលទាំងនេះ ក៏មានអង្គការអន្ដរជាតិធំៗទាមទារឱ្យដោះលែងសកម្មជនទាំងនោះជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញលើច្បាប់មួយចំនួនដើម្បីធានាថា ច្បាប់ទាំងនោះមិនត្រូវយកមកប្រើដើម្បីប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស ឬបំបិទមាត់ក្រុមប្រឆាំងទេ។

លីកាដូ៖ការចាប់ខ្លួនសកម្មជនមិនរាងចាលដោយភាពសកម្មនិយម កើនឡើងនៅឆ្នាំនេះ
លីកាដូ៖ ការចាប់ខ្លួនសកម្មជនមិនរាងចាលដោយភាពសកម្មនិយម កើនឡើងនៅឆ្នាំនេះ © លីកាដូ

តែរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ប៉ែន បូណា បានឆ្លើយតបវិញដោយស្នើកុំឲ្យយកសេរីភាពបញ្ចេញមតិទៅលាយឡំជាមួយអំពើហិង្សា ត្បិតសេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ៕

What Next?

Recent Articles