អាដហុកត្រៀមផ្តល់មេធាវីការពារសកម្មជនបរិស្ថានពេលប្តឹងឧទ្ធរណ៍

កម្ពុជា
16/07/2024 – 11:32
ដោយ៖ ម៉ុន ចាន់
RFI

សមាគម ការពារ​សិទ្ធិ​មនុស្ស អាដហុក នឹងដាក់មេធាវីដើម្បីការពារក្តីឱ្យក្រុមសកម្មជនបរិស្ថាន ក្នុង​ការ​រៀប​ចំពាក្យបណ្តឹងប្តឹងទៅសាលាឧទ្ធរណ៍នាពេល​ខាងមុខ ជំទាស់នឹងសាលក្រមកាត់ទោសរបស់​សាលាដំបូងរាជធានីភ្នំពេញ។ តុលាការ​ក្រុង​ភ្នំពេញ កាលពីថ្ងៃទី២ ខែកក្តដា​ឆ្នាំ ២០២៤ បានកាត់ទោស ក្រុមសកម្មជនចលនាមាតាធម្មជាតិ១០នាក់ចន្លោះ​ពី៦ ទៅ​៨ឆ្នាំ ពីបទ «​រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» ក្នុងនោះមាន៥នាក់​ត្រូវបានចាប់ដាក់ពន្ធធនាគារនៅទីតាំងផ្សេងគ្នា។

អាដហុកត្រៀមផ្តល់មេធាវីការពារសកម្មជនបរិស្ថានពេលប្តឹងឧទ្ធរណ៍


លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី ១៦ ខែកក្តដានេះថា នៅពេលមេធាវីរៀបចំឯកសាររួចរាល់ ខាងមេធាវីរបស់​សមាគមនឹងចុះទៅជួបកូនក្តីផ្ទាល់នៅតាមពន្ធធនាគារនីមួយៗ ដែលបានឃុំសកម្មជនបរិស្ថានទាំង៥នាក់។

បើតាមប្រធានសមាគមការពារសិទ្ធិមនុស្សរូបនេះ ការប្តឹងទៅឧទ្ធរណ៍នេះ លោករំពឹងថា​នឹង​មាន​លទ្ធផល​វិជ្ជមាន ដោយក្រុមសកម្មជនទាំងនោះអាចត្រូវបានដោះលែង ប្រសិនបើតុលាការ សម្រេចក្តីដោយឈរលើគោលការណ៍ គតិយុត្តិធម៌ ដោយ​ផ្អែកលើអង្គហេតុ និងអង្គច្បាប់ត្រឹមត្រូវ។

 តែលោក នី សុខា យល់ថា ប្រសិនបើតុលាការសម្រេចក្តីនៅក្នុងស្ថានភាពមួយមិន ឯករាជ្យ នោះវាសនាសកម្មជនចលនាមាតាធម្មជាតិទាំងណោះ ក៏មិនខុសពីសកម្មជនសង្គម និងសកម្មជននយោបាយផ្សេងនោះទេ ដែលពិបាកក្នុងការទទួលបានសេរីភាពឡើងវិញ។

សូមរម្លឹកថាក្រុមសកម្មជនចលនាមាតាធម្មជាតិ១០នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធធនាគារចន្លោះពី៦ទៅ៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បិត និងប្រមាថអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៤។ បន្ទាប់ពីចេញសាលក្រម ភ្លាមៗនោះ សកម្មជនចំនួន៥នាក់ត្រូវសម្ថកិច្ចចាប់បញ្ជួនទៅឃុំខ្លួន នៅពន្ធនាគារ៥ទីតាំងខុសៗគ្នា។ លោក ថុន រដ្ឋា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារត្រពាំងថ្លុង កញ្ញា ភួន កែវ រស្មី ត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធ ត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តកណ្ដាល។ ចំណែក កញ្ញា ឡុង គន្ធា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តព្រះវិហារ និង លោក យីម លាងហ៊ី ត្រូវបានឃុំនៅពន្ធធនាគារខេត្តកំពង់ស្ពឺ។

អាដហុកត្រៀមផ្តល់មេធាវីការពារសកម្មជនបរិស្ថានពេលប្តឹងឧទ្ធរណ៍
អាដហុកត្រៀមផ្តល់មេធាវីការពារសកម្មជនបរិស្ថានពេលប្តឹងឧទ្ធរណ៍ © Mother Nature Cambodia

លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ យល់ថា ការកាត់ទោសក្រុមសកម្មជនបរិស្ថានឱ្យជាប់ពន្ធធាគារនេះបង្ហាញឱ្យឃើញពីការរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋ និងជាសារមួយក្នុងការបំភិតបំភ័យសកម្មជនផ្សេងទៀត។

ចំណែក​ ការឃុំខ្លួន នៅពន្ធនាគារ​ផ្សេងៗគ្នាយ៉ាងដូច្នេះ ត្រូវបានក្រុម​អ្នកការ​ពារ​សិទ្ធិមនុស្ស ចាត់ទុកថា  ជាការ​ដាក់ទណ្ឌកម្ម​ផ្លូវចិត្តមួយកម្រិតថែមទៀត និងបង្កការលំបាកដល់ការទៅសួរសុខទុក្ខពីក្រុម​គ្រួសារ និងមេធាវីការពារក្តី និងត្រូវចំណាយថវិកា អស់ច្រើន៕

What Next?

Recent Articles