DL News៖ ក្រុមហ៊ុនលោក ហ៊ុន តូ ពាក់ព័ន្ធការផ្ទេរប្រាក់ជាង ៣៥លានដុល្លារ តែមន្ត្រីរដ្ឋាភិបាលច្រានចោល

កម្ពុជា
17/07/2024 – 11:09
ដោយ៖ ជួប នរក្សា
RFI

ក្រុមហែកគ័រកូរ៉េខាងជើងបានផ្ទេរសាច់ប្រាក់ជាង៣៥លានដុល្លារក្នុងចំណោមទឹកប្រាក់ ៣០៥លានដុល្លារចូលក្នុងក្រុមហ៊ុន Huione ដែលមានលោក ហ៊ុន តូ ជាអគ្គនាយកក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DL News នៅថ្ងៃអង្គារ ទី១៦ កក្កដាដោយបញ្ជាក់ថា ទឹកប្រាក់ ៣០៥លានដុល្លារអាមេរិក គឺជាការលួចរបស់ក្រុមហែកគ័រកូរ៉េខាងជើងពីគណនីរូបិយប័ណ្ណឌីជីថលជប៉ុន (DMM Bitcoin)។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានបដិសេធលើព័ត៌មានចុះផ្សាយដោយ DL News

DL News៖ ក្រុមហ៊ុនលោក ហ៊ុន តូ ពាក់ព័ន្ធការផ្ទេរប្រាក់ជាង ៣៥លានដុល្លារ តែមន្ត្រីរដ្ឋាភិបាលច្រានចោល


សារព័ត៌មាន DL News ដែលមានមូលដ្ឋានក្នុងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានឲ្យដឹងថា មានទឹកប្រាក់ជាង៣៥លានដុល្លារអាមេរិកក្នុងចំណោមទឹកប្រាក់ ៣០៥លានដុល្លារនៃរូបិយប័ណ្ណឌីជីថលជប៉ុន (DMM Bitcoin) ត្រូវបានផ្ទេរចូលក្រុមហ៊ុន Huione Guarantee របស់លោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត។ តាម DL News ការផ្ទេរទឹកប្រាក់នេះធ្វើឡើង ក្រោយពេលរូបិយប័ណ្ណឌីជីថលជប៉ុន (DMM Bitcoin) ត្រូវបានក្រុមអនាមិកលួចចូលកាលពីអំឡុងចុងខែឧសភាដែលគេសង្ស័យជាក្រុមហ៊ុន Lazarus Group របស់កូរ៉េខាងជើង។

សារព័ត៌មានដែលផ្តោតលើរូបិយប័ណ្ណឌីជីថលមួយនេះបានរៀបរាប់ទៀតថា នេះមិនមែនត្រឹមតែជាការសង្ស័យប៉ុណ្ណោះទេ តែវាជាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធ័រនែតដែលកំពុងហូរកាត់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាដែលមានជាប់ពាក់ព័ន្ធនឹងគ្រួសារនាយករដ្ឋមន្រ្តី។ អ្វីជាការកត់សម្គាល់ ការលើកឡើងរបស់សារព័ត៌មាន DL News ស្តីពីការផ្ទេរប្រាក់ជាង ៣៥លានដុល្លារចូលក្នុងក្នុងក្រុមហ៊ុន Huione របស់លោកហ៊ុន តូពេលនេះ គឺគាប់ជួនគ្នានឹងការលើកឡើងរបស់ក្រុមហ៊ុនអន្តរជាតិមួយឈ្មោះ Elliptic ដោយលាតត្រដាងអំពីឧក្រិដ្ឋកម្មធំៗដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Huione

ការចុះផ្សាយរបស់ Elliptic ដែលជាក្រុមហ៊ុនវិភាគកាក់ឌីជីថលរបស់អង់គ្លេសកាលពីថ្ងៃទី១០ កក្កដាបានឲ្យដឹងថា លោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត មានជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹត។ Elliptic បានអះអាងថា ចាប់តាំងពីឆ្នាំ២០២១ ក្រុមហ៊ុន Huione ដែលលោក ហ៊ុន តូ ជាអគ្គនាយកបានប្រតិបត្តិការដោយរកចំណូលបានយ៉ាងហោចណាស់ ១១ពាន់លានដុល្លារតាមរយៈការបោកប្រាស់តាមអនឡាញដូចជា ការបោកបញ្ជោតក្នុងទំនាក់ទំនងស្នេហាផ្លូវភេទ ការបោកប្រាស់ក្នុងគម្រោងវិនិយោគ និងការចាប់ជំរិតជាដើម។

ការចោទប្រកាន់ទាំងប៉ុន្មានខាងលើនេះត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចេញមុខមកច្រានចោលដោយចាត់ទុកជាការបង្ខូចកេរ្តិ៍ឈ្មោះដល់ក្រុមគ្រួសារនាយករដ្ឋមន្ត្រី។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធ ទី១៧ កក្កដានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចាត់ទុកការចោទប្រកាន់ទាំងនេះថាធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។ តាមលោក ខៀវ សុភ័គ ប្រសិនបើលោក ហ៊ុន តូ ពិតជាមានបទល្មើសដូចការចោទប្រកាន់មែន នោះអាជ្ញាធរកម្ពុជាក៏នឹងមិនព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ដែរ។

ផ្ទាំងបដាពាណិជ្ជកម្ម DMM Bitcoin នៅក្នុងប្រទេសជប៉ុន
ផ្ទាំងបដាពាណិជ្ជកម្ម DMM Bitcoin នៅក្នុងប្រទេសជប៉ុន © Bitcoin Magazine

គួរបញ្ជាក់ថា ក្រុមហ៊ុន Huione Group ដែលពីមុនត្រូវបានគេស្គាល់ឈ្មោះ Huione Currency Exchange បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៤ និងបានរកស៊ីលើការទូទាត់ ប្តូរសាច់ប្រាក់ ធានារ៉ាប់រង អាកាសចរណ៍ និងអចលនទ្រព្យ៕

What Next?

Recent Articles