រដ្ឋបាលខេត្តកណ្ដាល៖ គ្មានបង្គោលព្រំដែនវៀតណាមហែលទឹកមកដុះជាប់សាលាឃុំខ្មែរឡើយ

កម្ពុជា
02/08/2024 – 13:05
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានចេញមុខបដិសេធ ច្រានចោលការដែលលើកឡើងបែបចំអកដែលថា បង្គោលព្រំដែនវៀតណាម បានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល។ ការចេញមុខបកស្រាយរបស់អាជ្ញាធរខេត្តកណ្តាលធ្វើឡើង បន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះថា Beautiful Places Travel កាលពីថ្ងៃទី២៩ ខែកក្កដាបានផ្សព្វផ្សាយវីដេអូមួយ អំពីបង្គោលព្រំដែនវៀតណាមដែលលេចត្រដែតជាប់ ក្បែរសាលាឃុំព្រែកជ្រៃដែលស្ថិតនៅតាមបណ្តោយព្រំដែនវៀតណាមកម្ពុជា។

រដ្ឋបាលខេត្តកណ្ដាល៖ គ្មានបង្គោលព្រំដែនវៀតណាមហែលទឹកមកដុះជាប់សាលាឃុំខ្មែរឡើយ


នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១ខែសីហា រដ្ឋបាលខេត្តកណ្ដាល បានចាត់ទុកការបង្ហោះផ្សាយវីដេអូរបស់គណនីហ្វេសប៊ុក ឈ្មោះថា Beautiful Places Travel ថា ធ្វើឡើងក្នុងចេតនាទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង និងបំភាន់សាធារណជនជាតិ និងអន្តរជាតិ។

បើតាមការបកស្រាយរបស់រដ្ឋបាលខេត្តកណ្តាល បង្គោលព្រំដែនក្បែរសាលាឃុំព្រែកជ្រៃ ដែលគណនីហ្វេសប៊ុក Beautiful Places Travel លើកមកនិយាយ គឺជាបង្គោលព្រំដែនដែលត្រូវបានគេសាងសង់ជាថ្មីឡើងវិញ ក្នុងពេលស្តារហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រាំងទន្លេខាងភាគីកម្ពុជា។ រដ្ឋបាលខេត្តកណ្ដាលអះអាងថា បង្គោលព្រំដែនលេខ 245/4(1) នៅក្បែរសាលាឃុំព្រែកជ្រៃ ជាបង្គោលព្រំដែនបំពេញបន្ថែម ដោយគណៈកម្មាការចម្រុះព្រំដែនដែលបានឯកភាពលើខណ្ឌសីមាកន្លងមក ។

បើគិតតាមលក្ខណៈបច្ចេកទេសវិញ រដ្ឋបាលខេត្តកណ្ដាលបញ្ជាក់ថា ករណីខ្សែព្រំដែននៅតាមផ្លូវទឹកបែបនេះ គឺមានការបោះបង្គោលព្រំដែនភ្លោះសងខាងនៃផ្លូវទឹកនោះ។ ត្រង់ចំណុចនេះ រដ្ឋបាលខេត្តកណ្ដាលពន្យល់ថា បង្គោលព្រំដែនមួយត្រូវបោះនៅតាមមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងវៀតណាម។ 

តាមការអះអាងរបស់រដ្ឋបាលខេត្តកណ្ដាលដដែល មូលហេតុដែលនាំឱ្យមានការសាងសង់បង្គោលព្រំដែនកម្ពុជាវៀតណាមនៅក្បែរសាលាឃុំព្រែកជ្រៃ សាជាថ្មី ដោយសារកន្លងមកច្រាំងទន្លេបាសាក់ និងច្រាំងព្រែក នៃក្រុងសំពៅពូន តែងតែបាក់ស្រុតក្នុងទឹកទន្លេ បណ្ដាលឱ្យខូចខាតហេដ្ឋារចនាសម័្ពន្ធ ផ្ទះសម្បែង ដីស្រែរបស់ប្រជាពលរដ្ឋ រួមទាំងបង្គោលព្រំដែនដែលបោះនៅមាត់ច្រាំងទន្លេ និងព្រែកជីកនោះផងដែរ។ 

រដ្ឋបាលខេត្តកណ្ដាល៖ គ្មានបង្គោលព្រំដែនវៀតណាមហែលទឹកមកដុះជាប់សាលាឃុំខ្មែរឡើយ
រដ្ឋបាលខេត្តកណ្ដាល៖ គ្មានបង្គោលព្រំដែនវៀតណាមហែលទឹកមកដុះជាប់សាលាឃុំខ្មែរឡើយ © សហការី

ដើម្បីដោះស្រាយបញ្ហាបាក់ស្រុតច្រាំងទន្លេ និងព្រែកនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្ដរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ស្រុតនេះ និងបានសាងសង់ច្រាំងទន្លេឲ្យរឹងមាំវិញ ដោយក្នុងនោះមានទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្នល់ សួនច្បារសាធារណៈ រួមទាំងបង្គោលព្រំដែនថ្មី ដែលគេឃើញនៅជាប់សាលាឃុំព្រែកជ្រៃ ក្នុងខេត្តកណ្តាល។

What Next?

Recent Articles