លោក មាស វិរិទ្ធ៖ លំហូរគ្រឿងញៀនកាន់តែកើនឡើង បង្កភាពភ័យខ្លាចដល់សង្គមខ្មែរ

កម្ពុជា
កម្ពុជា-សង្គម
04/08/2024 – 11:07
ដោយ៖ ជួប នរក្សា
RFI

ក្នុងរយៈពេល៦ខែឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរឹបអូសគ្រឿងញៀនជាង៥តោន និងឃាត់ខ្លួនជនសង្ស័យជាង១ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលប្រាប់វិទ្យុបារាំងអន្តរជាតិ បានសម្ភាសន៍នៅថ្ងៃអាទិត្យទី០៤សីហានេះ។ តាមលោក មាស វិរិទ្ធ ការកើនឡើងនៃលំហូរគ្រឿងញៀនចូលកម្ពុជា កំពុងបង្កជាក្តីបារម្ភនិងភាពភ័យខ្លាចដល់សង្គមជាតិ។

លោក មាស វិរិទ្ធ៖ លំហូរគ្រឿងញៀនកាន់តែកើនឡើង បង្កភាពភ័យខ្លាចដល់សង្គមខ្មែរ


ក្នុងរយៈពេលតែ៦ខែ ក្នុងឆ្នាំ២០២៤ អាជ្ញាធរកម្ពុជារឹបអូសបានគ្រឿងញៀនជាង៥តោន។ ជាចំនួនដ៏ច្រើន ជិត២ដងនៃចំនួនគ្រឿងញៀនដែលអាជ្ញាធរបានចុះបង្រ្កាបរឹបអូសកាលពីឆ្នាំមុន។ គួរបញ្ជាក់ថា ពេញ១ឆ្នាំ ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាបានបង្រ្កាបរឹបអូសគ្រឿងញៀន ប្រមាណ៣តោនប៉ុណ្ណោះ។ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា លំហូរកើនឡើងនៃគ្រឿងញៀន ហូរចូលមកកម្ពុជាកាន់តែច្រើន ក៏ដោយសារតែមានការប្រែប្រួលក្នុងការផលិតគ្រឿងញៀនសំយោគទូទាំងពិភពលោក ជាពិសេសការកើនឡើងនៃការផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាស។

បើទោះជាលំហូរគ្រឿងញៀនក្នុងរយៈពេល៦ខែនេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំមុនប៉ុន្តែ លោក មាស វិរិទ្ធ អះអាងថា វាជាបរិមាណទាបបើធៀបនឹងប្រទេសជិតខាងរបស់កម្ពុជា។ ជាក់ស្តែងឡាវមានជាង១៤តោន ថៃ៣៣តោន និងវៀតណាម ជាទីដែលអាជ្ញាធររឹបអូសបានគ្រឿងញៀនជាង១២០តោន។ 

ការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសកន្លងមក
ការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសកន្លងមក AP – Heng Sinith

គួរបញ្ជាក់ថា អាជ្ញាធរកម្ពុជា កាលពីឆ្នាំ២០២៣ បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៨ ០៦៣ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន២០០០២នាក់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គ្រឿងញៀនទាំងអស់នោះ ត្រូវអាជ្ញាធរកម្ទេចចោល នៅក្នុងព្រឹត្តិការណ៍ដុតគ្រឿងញៀនដែលរដ្ឋាភិបាលរៀបចំឡើងជារៀងរាល់ឆ្នាំ៕

What Next?

Recent Articles