ពលការិនីនៅអារ៉ាប៊ីសាអ៊ូឌីតម្នាក់បាត់ដំណឹងក្រោយមានជម្លោះជាមួយថៅកែ

ដោយ មាន ឫទ្ធិ
2024.08.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលការិនីនៅអារ៉ាប៊ីសាអ៊ូឌីតម្នាក់បាត់ដំណឹងក្រោយមានជម្លោះជាមួយថៅកែ

លោកស្រី ជ្រុន សុខគា ដែលបាត់ដំណឹងបន្ទាប់ពីមានជម្លោះជាមួយថៅកែជាផ្ទះម្ចាស់នៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត។ រូប៖ ពលករផ្ដល់ឱ្យ


ពលករ​ជា​ស្ត្រី​ម្នាក់​ដែល​ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Man Power) ទៅ​ធ្វើ​ការ​ក្នុង​ប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) បាត់​ដំណឹង ហើយ​សាច់​ញាតិ​មិន​អាច​ទាក់ទង​បាន​ជិត២ខែ​មក​ហើយ។ ក្រុម​ពលករ​បញ្ជាក់​ថា ក្រុម​មន្ត្រី​ស្ថានទូត​នៅ​ទីនោះ ​មិន​ទាន់​បញ្ជាក់​ពី​ការ​បាត់​ដំណឹង​នេះ​នៅ​ឡើយ​ទេ។

ក្រុម​ពលករ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​មក​កម្ពុជា​វិញ​ឱ្យ​ដឹង​ថា ការ​បាត់​ដំណឹង​ពលការិនី​ឈ្មោះ ជ្រុន សុខគា កើត​ឡើង​ក្រោយ​ពេល​នាង​មាន​ជម្លោះ​ជាមួយ​ថៅកែ​រឿង​ទាមទារ​ឱ្យ​បើក​ប្រាក់​ឈ្នួល និង​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​សង្គ្រោះ​ចេញ​ពី​ផ្ទះ​ថៅកែ ក្នុង​ប្រទេស​ អារ៉ាប៊ី សាអូឌីត។

នៅ​មុន​ពេល​បាត់​ដំណឹង ​កាល​ពី​អំឡុង​ខែមិថុនា លោកស្រី ជ្រុន សុខគា បាន​ផ្ញើ​សារ ឬ​ឆាត (Chat) ទាក់ទង​សុំ​ជំនួយ​ពី​អតីត​ពលករ​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត ដូច​គ្នា​ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​គឺ​លោកស្រី ពេជ្រ នេសា ថា លោកស្រី ភ័យ​ខ្លាច​ក្រោយ​ពេល​មាន​ជម្លោះ​ជាមួយ​ថៅកែ​រឿង​ទាមទារ​ឱ្យ​បើក​ប្រាក់​ឈ្នួល និង​តវ៉ា​រឿង​ថៅកែ​បង្ខំ​ឱ្យ​ធ្វើ​ការ​ច្រើន​ម៉ោង។ លោកស្រី ជ្រុន សុខគា បញ្ជាក់​ទៀត​ថា ថៅកែ​មិន​ព្រម​ដោះលែង​ឱ្យ​លោកស្រី​ចេញ​ទៅ​ខាង​ក្រៅ​នោះ​ទេ និង​បាន​ជម្លៀស​លោកស្រី ឱ្យ​ទៅ​រស់នៅ​ផ្ទះ​ចាស់​មួយ​ដែល​ជា​កន្លែង​ចិញ្ចឹម​សត្វ​ពពែ​ក្នុង​តំបន់​ព្រៃ​ភ្នំ​មួយ​កន្លែង​ក្នុង​ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត។

អតីត​ពលករ​លោកស្រី ពេជ្រ នេសា ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៥ ខែសីហា​ថា លោកស្រី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​លោកស្រី ជ្រុន សុខគា ហើយ​ក្រុម​គ្រួសារ​របស់​លោកស្រី ជ្រុន សុខភា ក៏​បាន​ទាក់ទង​សួរ​នាំ​ពី​ដំណឹង​សាច់​ញាតិ​ជា​បន្តបន្ទាប់។

លោកស្រី ពេជ្រ នេសា បញ្ជាក់​ថា ការ​បាត់​ខ្លួន​ពលករ​រូប​នេះ ក្រុម​គ្រួសារ និង​ពលករ​ជា​ច្រើន​នាក់​ក៏​បាន​ទាក់ទង​ស្នើ​ឱ្យ​មន្ត្រី​ស្ថានទូត​ជួយ​ស្វែងរក និង​អន្តរាគមន៍​លោកស្រី ជ្រុន សុខគា ចេញ​ពី​ផ្ទះ​ថៅកែ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពុំ​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណា​មួយ​នោះ​ទេ។

លោកស្រី ពេជ្រ នេសា៖ «គាត់​ថា គាត់​ពិបាក​ខ្លាំង គាត់​បាន​ឱ្យ​គេ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​បន្ទាប់​មក​ក្រោយ​មាន​ការ​អន្តរាគមន៍ ខ្ញុំ​អត់​ដឹង​មាន​រឿង​អី​ទៀត គ្រួសារ​គាត់​ប្រាប់​ថា ពិបាក​ទាក់ទង​មែនទែន គឺ​ពិបាក​គាត់​ត្អូញត្អែរ​អ៊ីចឹង»

លោកស្រី ជ្រុន សុខគា គឺ​ស្ថិត​ក្នុង​ចំណោម​ពលករ​ប្រមាណ ១៣៣នាក់ ​ដែល​ចោទ ក្រុមហ៊ុន ហ្វាទីណា ថា មិន​បាន​គោរព​តាម​កិច្ច​សន្យា​ការងារ និង​បាន​លក់​ពួកគេ​ឱ្យ​មក​បម្រើ​ការងារ​ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ​កាល​ពី​ដើម​ឆ្នាំ២០២៤។ ក្រុម​ពលករ​ឱ្យ​ដឹង​ថា តំបន់​ដែល​លោកស្រី ជ្រុន សុខគា បម្រើ​ការងារ​គឺ​ស្ថិត​ក្នុង​ផ្ទះ​ថៅកែ នៅ​តំបន់​អាប់ហា (Abha)។

វិទ្យុអាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ឯកអគ្គរាជទូត​ប្រចាំ​ប្រទេសអេហ្ស៉ីប (Arab Republic of Egypt) និង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត លោក អ៊ុក សារុន និង​អ្នកនាំពាក្យ​ក្រសួងការងារ លោក កត្តា អ៊ន ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​ណា​មួយ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៥ ខែសីហា។ វិទ្យុអាស៊ីសេរី​ក៏​មិន​ទាន់​អាច​ទាក់ទង​សាច់ញាតិ​ក្រុម​គ្រួសារ​លោកស្រី ជ្រុន សុខគា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទន្ទឹម​នឹង​ការ​បាត់​ដំណឹង​ពលករ​នេះ កាល​ពី​ថ្ងៃ​ទី៤ ខែសីហា មាន​ពលករ​ចំនួន ២៥នាក់​បន្ថែម​ទៀត ​បាន​ចាកចេញ​ពី​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត និង​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ ក្រោម​ការ​សម្របសម្រួល​របស់​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេសអេហ្ស៉ីប (Arab Republic of Egypt) និង​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត លោក អ៊ុក សារុន និង​តំណាង​ក្រុមហ៊ុន ហ្វាទីណា។

រីឯ​ពលករ​ដែល​កំពុង​ជាប់​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោកស្រី ថេង ស្រីពេជ្រ ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ នៅ​មាន​ពលករ​មួយ​ចំនួន​បន្ត​សុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពួកគាត់​ចេញ​ពី​ផ្ទះ​ថៅកែ និង​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ​នឹង​ទុក្ខ​លំបាក​ត្រូវ​ថៅកែ​បង្ខំ​ឱ្យ​ធ្វើ​ការ​ច្រើន​ម៉ោង និង​មិន​ផ្ដល់​អាហារ​ឱ្យ​ហូប​ចុក​គ្រប់គ្រាន់​ជាដើម។ លោកស្រី​បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​នៅ​តែ​មិន​អាច​បញ្ជាក់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​បញ្ជូន​លោកស្រី​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​នៅ​ឡើយ​ទេ។

លោកស្រី ថេង ស្រីពេជ្រ៖ «ពី​មុន​ដូច​ថា ពិបាក​អត់​មាន​អី​ហូប​គ្រប់គ្រាន់ ប៉ុន្តែ​ថ្ងៃ​មុន​ខាង​ក្រសួង​គាត់​បាន​ផ្ដល់​លុយ​ឱ្យ​ទុក​ទិញ​អី​ហូប អ៊ីចឹង​ធូរ​ស្រាល​ច្រើន។ គ្រាន់តែ​ពិបាក​រឿង​រស់​នៅ​ចូល​លក្ខណៈ​សម ហើយ​ខាង​ក្រុមហ៊ុន​គេ​ថា កំពុង​រៀបចំ​ឯកសារ​ឱ្យ​យើង គាត់​ប្រាប់​ថា នឹង​បាន​ចេញ​ឆាប់ៗ​នេះ​ហើយ ក្រុមហ៊ុន​នៅ​ខាង​អារ៉ាប៊ីសាអ៊ូឌីត​នេះ​គេ​ប្រាប់​ផ្ទាល់»

មន្ត្រី​សហជីព និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ កន្លងទៅ​ បាន​រិះគន់​ដំណើរ​ការ​នីតិវិធី​ជួយ​សង្គ្រោះ​ក្រុម​ពលករ​ឱ្យ​ត្រឡប់​មក​កម្ពុជា​យឺតយ៉ាវ​នេះ ថា វា​នឹង​ធ្វើ​ឱ្យ​ពលករ​កាន់​តែ​រង​សម្ពាធ​បញ្ហា​ផ្លូវ​ចិត្ត និង​ប៉ះពាល់​បញ្ហា​ជីវភាព​គ្រួសារ​របស់​ពួកគេ។

ក្រុម​ពលករ​នៅ​តែ​ទទូច​ឱ្យ​មន្ត្រី​ស្ថានទូត​ស្វែង​រក​លោកស្រី ជ្រុន សុខគា ដែល​បាត់​ដំណឹង​ជា​ច្រើន​ខែ​មក​នេះ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជួយ​សង្គ្រោះ​ពលករ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ជាប់​ក្នុង​ផ្ទះ​ថៅកែ ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​ពួកគាត់។ ពលករ​បញ្ជាក់​ថា ពលករ​ដែល​កំពុង​ធ្វើ​ការ​ជា​អ្នក​បម្រើ​នៅ​តាម​ផ្ទះ​ថៅកែ និង​ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍​នោះ ​សុទ្ធ​តែ​ជួប​បញ្ហា​ប្រហាក់ប្រហែល​គ្នា​ដែល​ត្រូវ​ថៅកែ​រឹតត្បិត​សិទ្ធិ​សេរីភាព បង្ខំ​ឱ្យ​ធ្វើ​ការ​ច្រើន​ម៉ោង​ពុំ​ផ្ដល់​អាហារ​ឱ្យ​ហូប​ចុក​គ្រប់គ្រាន់ និង​ដក​ហូត​ទូរស័ព្ទ​ផ្ដាច់​អ៊ីនធឺណិត ដើម្បី​កុំ​ឱ្យ​ពួកគេ​ផ្សព្វផ្សាយ​ព័ត៌មាន​ចេញ​ទៅ​ខាងក្រៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles