កម្ពុជា
កម្ពុជា-ចំណាកស្រុក
06/08/2024 – 13:13
ដោយ៖ អោ ស្រីពេជ្រ
RFI
យោងតាមរបាយការណ៍របស់ក្រសួងការងារ ពលការីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតសរុបចំនួន ១០៤នាក់បានវិលត្រលប់មកមាតុប្រទេសវិញជាបន្តបន្ទាប់គិតត្រឹមថ្ងៃទី៦សីហានេះ។ ពលការីទាំងជាង ១០០នាក់នេះបានស្នើសុំអន្តរាគមន៍មកប្រទេសកម្ពុជាវិញដោយអះអាងថា ពួកគេបានរងការរំលោភបំពានសិទ្ធិការងារធ្ងន់ធ្ងរនៅអារ៉ាប៊ីសាអូឌីត។ មន្ត្រីនាំពាក្យក្រសួងការងារបានអះអាងប្រាប់វិទ្យុបារាំងនៅថ្ងៃទី៦សីហានេះថា ក្រសួងការងារកំពុងស៊ើបអង្កេតយ៉ាងម៉ត់ចត់លើបញ្ហានេះ និងពិនិត្យមើលដែរថាពលការីខ្មែរទាំងនោះពិតជាបានរងការរំលោភបំពាន ឬក៏យ៉ាងណានោះ។
ពលការីខ្មែរជាង ១០០នាក់ដែលរងការរំលោភសិទ្ធិការងារនៅអារ៉ាប៊ីសាអូឌីតត្រូវបានបញ្ជូនមកកម្ពុជាវិញ
គិតត្រឹមថ្ងៃទី៦សីហានេះ ក្រសួងការងារ ក្រសួងការបរទេស ទូតខ្មែរប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធបានអន្តរាគមនបញ្ជូនពលការីខ្មែរវិលមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់សរុបចំនួន ១០៤នាក់ ខណៈពលការី ៣នាក់ទៀតកំពុងរងចាំចាកចេញមកប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ។ របាយការណ៍ដដែលឱ្យដឹងថា កម្ពុជាមានពលការនីធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតសរុបចំនួន ១៣៤នាក់។ ក្នុងចំណោមនោះគឺមានពលការនីតែ ២៧នាក់ដែលសម្រេចបន្តធ្វើការនៅទីនោះ។
គួរជម្រាបថា កិច្ចអន្តរាគមន៍នេះធ្វើឡើង បន្ទាប់ពីក្រុមពលការីខ្មែរនៅអារ៉ាប៊ីសាអូឌីតមួយក្រុមបានស្រែករកជំនួយអន្តរាគមន៍តាមបណ្តាញសង្គមកាលពីអំឡុងខែមេសាកន្លងទៅ ក្រោមហេតុផលថា ពួកគេបានរងការបង្ខាំងធ្វើបាប និងបង្អត់អាហារពីថៅកែ។ ពួកគេថែមទាំងបានអះអាងថា មុនដាក់ពាក្យមកធ្វើការ ក្រុមហ៊ុនបញ្ជូនពួកគេមកធ្វើការធានាថាពួកគេនឹងទទួលប្រាក់ខែ ៤០០ដុល្លារ និងធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ក៏ប៉ុន្តែតាមពិតជាក់ស្តែង ពួកគេត្រូវធ្វើការច្រើនលើសម៉ោងដែលកំណត់។ អ្នកខ្លះធ្វើ ១៨ម៉ោងក្នុងមួយថ្ងៃ និងអ្នកខ្លះធ្វើការរហូតដល់ទៅ ២២ម៉ោង។ នេះបើតាមក្រុមពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត។
ក្រសួងការងារ តាមរយៈអ្នកនាំពាក្យលោកកត្តា អ៊ន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRfi នៅថ្ងៃទី៦សីហានេះថា ក្រសួងកំពុងអង្កេតមើលថាតើពលការីខ្មែរពិតជាបានរងនូវការរំលោភបំពានសិទ្ធិការងារមែន ឬក៏យ៉ាងណានោះ។ តែទន្ទឹមនេះ លោកកត្តា អ៊នបានអះអាងថា ក្រសួងការងារកំពុងស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បីចាត់ការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនបញ្ជូន និងទទួលពលករពីកម្ពុជាទៅអារ៉ាប៊ីសាអូឌីតណាដែលបានរំលោភបំពានលក្ខខណ្ឌការងារ និងនិតិវិធីច្បាប់។ តាមលោកកត្តា អ៊ន ប្រសិនបើរកឃើញមានការប្រព្រឹត្តិខុសនឹងច្បាប់មែន ក្រសួងការងារនឹងលុបអាជ្ញាប័ណ្ណក្រុមហ៊ុននោះចោល ជាមួយការផាកពិន័យជាទឹកប្រាក់។ នេះនៅពុំទាន់រាប់បញ្ចូលចំណាត់ការផ្លូវច្បាប់ផ្នែកព្រហ្មទណ្ឌនៅឡើយទេ។

គួរកត់សម្គាល់ថា តាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ពលការីខ្មែរដែលកំពុងបញ្ជូនមកកម្ពុជាវិញនេះគឺជាពលការីស្របច្បាប់ដែលបានបញ្ជូនទៅធ្វើការនៅអារ៉ាប៊ីសាអូឌីតដោយក្រុមហ៊ុនឈ្មោះថា ក្រុមហ៊ុន BAB និងក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ។ ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ នេះកាលពីថ្ងៃទី៥ឧសភាកន្លងទៅបានធានាអះអាងថានឹងសម្របសម្រួលកិច្ចអន្តរាគមន៍ជួយពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតណាដែលមានបំណងចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពនិងស្របតាមច្បាប់៕